បង​ប្រុស​បង្កើត បុស្បា ប៉ាន់ មក​ផលិត​ភាពយន្ត "រស​ជាតិ​អា​ម៉ុក" នៅ​កម្ពុជា

  • 2017-04-24 03:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្រុស​របស់ បុស្បា ប៉ាន់ ឈ្មោះ ស៊ីបស៊ី ណាប៉ាន់ និស្សិត​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​សិក្សា​លើ​ជំនាញ​ផលិត​ភាពយន្ត​នៅ​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ថ្មី​ៗ​នេះ ដើម្បី​ធ្វើ​ការ​ផលិត​ភាពយន្ត​មួយ​ស្តី​ពី ”រសជាតិ​អា​ម៉ុក”។

គម្រោង​នេះ បាន​ចាប់​ផ្ដើម​ថ្មី​ៗ ក្រោយ​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជា​ខ្មែរ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រុម​ការងារ​បុប្ផា​ណា​ផង​ដែរ ផង។ ទីតាំង​ដែល​បាន​កំណត់​ គឺ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​ ដែល​គ្រោង​ចំណាយ​ពេល​ថត​ប្រមាណ​១០​ ដោយ​ប្រើ​ទុន​ផលិត​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក។

និស្សិត​វ័យ​២៥​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ការ​ជ្រើស​រើស​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ទៅ​ប្រកួត​ប្រជែង​ព្រោះ​តែ​លោក​ចង់​បង្ហាញ​ភាព​ប្លែក និង​ទិដ្ឋភាព​ដ៏​ទាក់​ទាញ​របស់​ប្រទេស​កម្ពុជា។ ដោយ​ឡែក​ប្រធានបទ”រសជាតិ​អា​ម៉ុក” ក៏​ព្រោះ​តែ​ចង់​បង្ហាញ​ពី​ស្នាដៃ និង​រសជាតិ​ម្ហូប​អាហារ​របស់​ខ្មែរ​ពិសេស​កេរ្តិ៍​ដំណែល​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​ដល់​ប្រជាជន​នានា​នៅ​លើ​ពិភព​លោក។

រឿង​នេះ ក្រោយ​ផលិត​រួច​រាល់ ក្រុម​របស់​លោក​ដែល​មាន​គ្នា​៦នាក់ មាន​ខ្មែរ ជប៉ុន និង​ចិន នោះ នឹង​យក​ស្នាដៃ​​របស់​ពួក​គេ​ទៅ បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាពយន្ត និង​គ្រោង​ដាក់​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​ស្នាដៃ​និស្សិត​ផ្សេង​ទៀត​នៅ​រាជធានី​ប៉េកាំង។

ស៊ីបស៊ី ណាប៉ាន់ នឹង​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​ផលិត​ខ្សែ​ភាពយន្ត។ យុវជន​រូប​នេះ ធ្លាប់​បាន​បង្ហាញ​សមត្ថភាព​សិល្បៈ​រាំ​ល្ខោន​ខោល រួម​ទាំង​ក្បាច់​រាំ​បែប​សហសម័យ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​លើ​ទឹក​ដី​អង្គរ​កាល​ពី​ឆ្នាំ​២០១១។ ការ​បាត់​មុខ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ព្រោះ​តែ​យុវជន​រូប​នេះ​បាន​បន្ត​ការ​សិក្សា​លើ​ជំនាញ​ផ្នែក​ផលិត​ខ្សែ​ភាពយន្ត​នៅ​សាកលវិទ្យាល័យ National Academy of China Theatre Arts នា​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន។

នេះ​មិន​មែន​ជា​បទ​ពិសោធន៍​លើក​ទី​១​ទេ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់ សិស្ស​ក្បាច់​គុន​កុងហ្វូ ខ្សែ​ក្រវាត់​៤​ជាន់​សាលា Gongfu Martial Art in China រូប​នេះ គឺ​លោក​ធ្លាប់​បាន​ដឹក​នាំ​ការ​ផលិត និង​សម្ដែង​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ប្រមាណ​ជាង២០​រឿង​រួច​មក​ហើយ៕

អត្ថបទ៖ ស៊ុនហួត