បង​ក្រ​មិន​សម​គិត​ពី​អនាគត​អូន បង​សុំ​ទោស​

  • 2017-04-24 04:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អូន​​តែង​ជា​កូន​ក្មេង​ក្នុង​កែវ​ភ្នែក​បង អូន​​នៅ​តែ​ជា​មនុស្ស​ដែល​​បង​បារម្ភ​ ទោះ​អូន​​តែង​ប្រាប់​បងថា អូន​​ធំ​ហើយ​តែ​អូន​​នៅ​តែ​ជា​កូន​ក្មេង​សម្រាប់​បងជា​រៀង​រហូត​។ បង​សុំទោស​ដែល​បងគ្មាន​ឱកាស​កាន់​ដៃ​កូន​ក្មេង​ម្នាក់​នេះ​ត​ទៅ​ទៀត បង​សុំ​ទោស​ដែល​បងសន្យា​តែ​បង​​ធ្វើ​មិន​បាន តែ​ដើម្បី​អនាគត​អូន​ ដើម្បី​គ្រួសារ​អូន​​​បង​អាច​លះបង់​បាន។

រូបតំណាង

​​​ ជា​ស្នេហា​ដំបូង​របស់​ខ្ញុំ ហើយ​ក៏​ជា​មេរៀន​ឈឺ​ចាប់​បំផុត​ក្នុង​ជីវិត​ដូច​គ្នា​។ ​ខ្ញុំ​បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្មេង​ស្រី​ម្នាក់​​រយៈពេល​ជា​ច្រើន​ឆ្នាំ តែ​ចុង​ក្រោយ​ខ្ញុំ​បាន​ចាកចេញ​ពី​នាង ទាំង​នាង​កំពុង​ស្រឡាញ់​ខ្ញុំ​ខ្លាំង ហេតុផល​ព្រោះ​ខ្ញុំ​ដឹង​ថា​គ្មាន​ផ្លូវ​អាច​បន្ត​ទៀត​។ ​ខ្ញុំ​គ្មាន​អ្វី​ទាំង​អស់​ មាន​តែ​ចំណេះ​វិជ្ជា តែ​ខ្ញុំ​គ្មាន​ទ្រព្យ​សម្បត្តិ ​មិន​អាច​បំពេញ​ចិត្ត​គ្រួសារ​នាង​បាន​ទេ។ ​ប៉ា​ម៉ាក់​នាង​បាន​និយាយ​ថា ប្រសិន​បើ​ខ្ញុំ​ស្រឡាញ់​នាង​ពិត​ប្រាកដ​មែន កុំ​ធ្វើ​បាប​នាង ដើរ​ចេញ​ពី​នាង​ទៅ​ ខ្ញុំ​មិន​អាច​ចិញ្ចឹម​កូន​គាត់​ឱ្យ​រស់​នៅ​សុខ​ស្រួល​បាន​ទេ។ ​បែប​នេះ​តើ​ខ្ញុំ​គួរ​បន្ត​ទៀត​ទេ ​បើ​គាត់​មិន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ផង​នោះ​។

អូន​បន្ទោស​បង​ ថា​បង​គ្មាន​ការ​តស៊ូ ថា​បង​ឆាប់​ចុះ​ចាញ់ ​តែ​គ្រប់​ពេល​​ដែល​បង​នៅ​ក្បែរ​អូន​ បង​គិត​ថា​បង​ជា​មនុស្ស​អាត្មា​និយម​បំផុត​ដែល​ស្រឡាញ់​អូន ទាំង​ខ្លួន​ឯង​គ្មាន​អ្វី​សោះ។ ​បង​ស្រឡាញ់​អូន បង​មិន​ចង់​បាត់បង់​អូន​ទេ តែ​អូន​មើល​សភាព​បង​រាល់​ថ្ងៃ​មើល​ តើ​បង​អាច​ផ្ដល់​សេចក្ដី​សុខ​ឱ្យ​អូន​បាន​ទេ​? ​បង​មាន​តែ​ដើរ​ចេញ​ ទាំង​ទឹក​ភ្នែក បង​គ្មាន​លទ្ធភាព​ស្រឡាញ់​អូន​ទេ​ឱ្យ​បង​សុំទោស​ណា យ៉ា។

បង​ក្រ​បង​មិន​សម​គិត​ពី​អនាគត​អូន​ទេ ​តែ​អូន​ត្រូវ​ចាំ​ទោះ​បង​ទៅ​ដល់​ទី​ណា នៅ​កន្លែង​ណា អូន​គឺ​ជា​នារី​ក្នុង​បេះដូង​បង​អស់​មួយ​ជីវិត​។ ​បង​គ្រាន់​តែ​ចង់​ឃើញ​អូន​ញញឹម​ទោះ​ជា​គ្មាន​បង បង​ចង់​ឃើញ​អូន​​រីករាយ​នឹង​ជីវិត​ថ្មី​ជា​មួយ​បុរស​ម្នាក់​នោះ ​តែ​ប៉ុណ្ណឹង​បង​អាច​ចាកចេញ​ពី​អូន​ទាំង​ស្ងប់​ចិត្ត​ហើយ​ បង​និង​អូន​ប្រៀប​ដូច​ព្រះ​ច័ន្ទ និង​កង្កែប​គ្មាន​ថ្ងៃ​បាន​ជួប​គ្នា​ទេ​។ ​បង​ឈឺ​ចាប់​បង​អាច​ទ្រាំ​បាន​ តែ​បង​មិន​អាច​ឃើញ​អូន​បែកបាក់​គ្រួសារ​ ដោយសារ​បង​បាន​ទេ​។ ​អូន​ស្អប់​បង​ទៅ បង​ជឿ​ថា មិន​យូរ​ទេ អូន​នឹង​អាច​ភ្លេច​បង​ហើយ​។

អូន​កុំ​ចូលចិត្ត​ញ៉ាំ​ហិល​ពេក​ ព្រោះ​អូន​ឈឺ​ក្រពះ​ហើយ ​ហើយ​ខែ​នេះ​ក្ដៅ​ណាស់​អូន​កុំ​ស្លៀក​ខ្លីៗ​ពេក​ណា ថ្នាំ​ដាក់​ភ្នែក​អូន​ត្រូវ​បន្តក់​ឱ្យ​ទៀង​ទាត់ ហើយ​កុំ​ខ្ជិល​ច្រអូស​រឿង​រៀន​ដូច​ពី​មុន​ទៀត​ណា​ក្មេង​តូច​។ ​បង​លា​អូន​ហើយ ក្មេង​តូច​របស់​បង​៕​

មាន​រឿងរ៉ាវចង់ចែករំលែក សូមផ្ញើទៅកាន់ e-mail: thor.chanreth@sabay.com ឬទូរសព្ទទៅកាន់លេខ 015 828 595

ចុចអានអត្ថបទ Sabay-news ទាំងអស់ ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា

អត្ថបទ៖ បុរសម្នាក់ដែលគិតដល់អូន