មានអ្វីកើតឡើង បើរៀបការប្ដីថ្មីរួចឲ្យប្ដីដើមមករស់នៅជាមួយ?
- 2017-04-24 06:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីកើតឡើង បើរៀបការប្ដីថ្មីរួចឲ្យប្ដីដើមមករស់នៅជាមួយ?
ចន្លោះមិនឃើញ
អតីតប្ដីប្រពន្ធមួយគូ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងកោតសរសើរចំពោះទឹកចិត្ត បន្ទាប់ពីដឹងថា ប្រពន្ធយកប្ដីថ្មី តែអនុញ្ញាតឲ្យប្ដីដើមមករួមរស់នៅជាមួយដូចសាច់ញាតិបងប្អូន។
ប្ដីដើមលោក Liu Haojin រស់នៅទីក្រុង Lishui ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន បានធ្លាក់ខ្លួនពិការ តែរស់នៅយ៉ាងមានសុភមង្គលជាមួយអតីតប្រពន្ធ Zhou Yuying និងប្ដីថ្មីរបស់អ្នកស្រីលោក Zhao Jinlong អស់រយៈពេលប្រមាណ ១២ឆ្នាំ។
លោក Liu អតីតស្វាមីរៀបរាប់ថា "ក្នុងរយៈពេល ១២ឆ្នាំ លោក Jinlong បានមើលថែខ្ញុំដូចបងប្រុសអីចឹង។ បច្ចុប្បន្ននេះ យើងទាំងអស់គ្នាជាមិត្ត និងបងប្អូនល្អនឹងគ្នា។ ខ្ញុំរីករាយដែលបានរស់នៅជាមួយពួកគេ។"
អតីតស្វាមីវ័យ ៤៨ឆ្នាំខាងលើ ចាប់ផ្ដើមពិការត្រឹមចង្កេះចុះក្រោម ក្រោយធ្លាក់ពីលើអគារជាន់ទី ៣ ក្នុងឆ្នាំ ២០០០។ លោក Liu បានរៀបការជាមួយអ្នកស្រី Zhou Yuying ក្នុងឆ្នាំ ១៩៩៤ តែបានលែងលះគ្នាក្នុងឆ្នាំ ២០០៥ ដើម្បីទៅរៀបការជាមួយប្ដីថ្មីលោក Jinlong ដែលសន្យាជួយមើលថែលោក Liu។
លោក Liu និងអ្នកស្រី Zhou មកពីទីប្រជុំជន Xinxing ប៉ុន្តែបានជាប់ចិត្តស្រលាញ់គ្នាពេលធ្វើការនៅទីក្រុងហាងចូវ ក្នុងឆ្នាំ ១៩៩០។ លោក Liu ជាជាងឈើ ហើយអ្នកស្រីជាអ្នកលើកអាហារក្នុងភោជនីយដ្ឋានតូចមួយកាលនោះ។
អ្នកស្រី Zhou បង្ហើបថា អតីតស្វាមីរបស់គាត់ ខ្ពស់ សង្ហា ចិត្តល្អ និងអាចពឹងពាក់បាន ចំណែកលោក Zhou ប្រាប់ថា អតីតភរិយាខ្លួនស្រស់ស្អាត និងមានសីលធម៌ល្អកាលនៅក្មេង។ ក្នុងឆ្នាំ ១៩៩៤ ពួកគេសម្រេចដឹកដៃគ្នាចូលរោងការ ហើយក្នុងឆ្នាំ ១៩៩៦ ពួកគេសម្រាលបានកូនស្រីម្នាក់។
ជីវិតពួកគេពេលនោះ ពិតជាមានសុភមង្គល និងផ្អែមល្ហែមណាស់ តែលោក Liu ត្រូវចេញទៅធ្វើការជាជាងឈើនៅទីក្រុងទុកឲ្យប្រពន្ធនៅមើលថែកូនស្រីនៅស្រុកកំណើត។
ទោះជាយ៉ាងណាអ្វីៗបានផ្លាស់ប្ដូរពេលលោក Liu ធ្លាក់ពីលើអគារ ហើយចាប់ផ្ដើមពិការធ្វើអ្វីមិនកើតសូម្បីមើលថែខ្លួនឯង ព្រោះត្រូវគេងជាប់លើគ្រែរហូត។ ស្ថានភាពបែបនេះលោកត្រូវពឹងផ្អែកទាំងស្រុងទៅលើប្រពន្ធមើលថែ។
Liu មានចិត្តអាណិតប្រពន្ធជាខ្លាំង និងគិតថាប្ដីប្រពន្ធទាំងពីរមិនអាចរស់នៅបែបនេះរហូតបានទេ ដូច្នេះគាត់បានសុំឲ្យប្រពន្ធទិញថ្នាំងងុយដេកដើម្បីឲ្យគាត់ធ្វើអត្តឃាត។ ពេលឮបែបនេះប្រពន្ធបានយំ និងឱបប្ដីរៀងរាល់ពេលដោយនិយាយទាំងក្ដុកក្ដួលថា "យើងជាគ្រួសារតែមួយ ខ្ញុំមិនអាចចោលបងបានទេ។ យើងត្រូវតែឆ្លងកាត់ភាពឈឺចាប់ទាំងអស់នេះជាមួយគ្នា។"
លោក Liu គិតហើយគិតទៀតថា ខ្លួនមិនចង់ឲ្យបន្ទុកនេះធ្លាក់លើគ្រួសារ ក៏សម្រេចចិត្តទទូចជាច្រើនដងសុំលែងលះគ្នា តែអ្នកស្រី Zhou បដិសេធគ្រប់ពេលដោយនិយាយថា " រង់ចាំកូនស្រីយើងធំបន្តិចសិន យើងនឹងចង់លែងលះគ្នា បើមិនអីចឹង ខ្ញុំនៅមើលថែបងរហូត។"
ជីវភាពប្រចាំថ្ងៃទទួលបានចំណូលតិចតួចប៉ុណ្ណោះពីចម្ការតែតូចមួយ រហូតធ្លាក់ខ្លួនជាប់បំណុលគេជាច្រើន។ អ្នកស្រី Zhou គិតថា "ពេលនោះ ខ្ញុំបារម្ភពីជីវិតនឹងទៅជាយ៉ាងណា ហើយចង់បានមនុស្សម្នាក់ទៀតដើម្បីជួយខ្ញុំ។"
នៅថ្ងៃមួយក្នុងឆ្នាំ ២០០៥ លោក Zhao Jinlong បានទៅជួយបេះស្លឹកតែនៅចម្ការអ្នកស្រី Zhou និងមករៀនវិធីសម្ងួតស្លឹកតែដើម្បីលក់លើទីផ្សារ។ បន្ទាប់ពីបានស្គាល់គ្នាជាច្រើនខែ លោក Liu ក៏បានដឹង ហើយជំរុញឲ្យភរិយាលែងលះខ្លួនម្ដងទៀត។
ពេលនេះអ្នកស្រី Zhou ហាក់ទន់ចិត្តដោយប្រាប់លោក Jinlong ថា ខ្លួនចង់រៀបការជាមួយគាត់ ប៉ុន្តែគាត់ត្រូវមករស់នៅផ្ទះរបស់លោក Liu និងមើលថែប្ដីមុន និងកូនស្រីរបស់គាត់ផង។ លោក Jinlong សន្យាមើលថែលោក Liu ដូចបងប្អូនប្រុស និងកូនស្រីដូចកូនបង្កើតរបស់ខ្លួន។
ក្នុងខែឧសភា ឆ្នាំ ២០០៥ លោក Liu បានលែងលះ Zhou ជាផ្លូវការ ហើយរៀបការជាមួយលោក Jinlong នៅមួយខែក្រោយ។
បន្ទាប់ពីរៀបការរួចអតីតស្វាមីនិយាយថា "ខ្ញុំស្រែកយំខ្លាំងៗ ពេលប្ដីថ្មីលោក Jinlong ចូលមកស្នាក់នៅ ព្រោះប្រពន្ធខ្ញុំក្លាយជាប្រពន្ធបុរសផ្សេង ហើយខ្ញុំក៏បារម្ភថាខ្ញុំនឹងត្រូវប្ដីថ្មីធ្វើបាបដែរ។" តែអ្វីៗខុសពីការគិត ពួកគេរស់នៅជាមួយគ្នាទាំង ៤នាក់ក្រោមដំបូលផ្ទះតែមួយយ៉ាងមានសុភមង្គលរហូតបច្ចុប្បន្ន៕