ដឹង​ ឧកញ៉ា ម៉ុង ឫទ្ធី រៀន​ដល់​ថ្នាក់​ណា​អត់?

  • 2017-04-24 08:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​រៀន​ក្រោម​បាក់ឌុប​ទេ បើ​យាយ​ទៅ​អត់​ដល់​បាក់​ឌុប​ទេ អត់​បាន​ប្រឡង​បាក់​ឌុប​ទេ គឺ​ខ្ញុំ​បួស​។ ​ហើយ​សួរ​ថា ម៉េច បាន​ចេះ​ចឹង នេះ​មក​ពី​បទ​ពិសោធន៍​​ទាំង​អស់​"។ ​នេះ​ជា​សម្ដី​ពិត​​របស់​ឧកញ៉ា ម៉ុង ឬទ្ធី ម្ចាស់​ជំនួញ​ផ្នែក​កសិឧស្សាហកម្ម​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជា ធ្លាប់​​ផ្ដល់​បទ​សម្ភាស​ដោយ​ផ្ទាល់ មក​កាន់​ Sabay នា​ពេល​កន្លង​ទៅ​។

លោក​ឧកញ៉ា ម៉ុង ឬទ្ធី បន្ត​ទៀត​ថា អ្វី​ដែល​លោក​ទទួល​បាន​មក​ដល់​បច្ចុប្បន្ន​នេះ​ គឺ​តាម​រយៈ​បទពិសោធន៍​ផ្ទាល់ ព្រោះ​សាលា​កសិកម្ម​ក៏​លោក​មិន​បាន​រៀន​ដែរ ដោយ​សារ​មិន​ប្រឡង​បាក់​ឌុប​គេ​មិន​ឱ្យ​ចូលរៀន​ទេ​។ ​ម្យ៉ាង​វិញ​ទៀត បើ​គេ​ឱ្យ​ចូល​រៀន​ក៏​​គ្មាន​លុយ​រៀន​ដែរ ព្រោះ​ជីវភាព​មាន​ការ​ខ្វះ​ខាត​ខ្លាំង​។

លោក​ឧកញ៉ា ចិត្ត​សប្បុរស​ ម៉ុង ឬទ្ធី បន្ថែម​ទៀត​ថា ថ្ងៃ​ឈប់​សម្រាក​គេ​ដើរ​លេង​កម្សាន្ត ច្រៀង​ខារ៉ាអូខេ ប៉ុន្តែ​ចំពោះ​រូប​លោក​វិញ​ថ្ងៃ​ឈប់​សម្រាក​គឺ​ត្រូវ​មក​ចម្ការ​ ដើម្បី​មើល​ផល​ដំណាំ​ និង​រិះ​រក​គំនិត​អ្វី​ថ្មី​បន្ថែម​ទៀត។ ​លោក​ឧកញ៉ា លើក​ឡើង​ថា ជីវិត​មនុស្ស​ម្នាក់ៗ​គឺ​តែង​ខុស​គ្នា​ដូច្នេះ​ហើយ ក្នុង​មួយ​ខែ​លោក​ត្រូវ​មក​ចម្ការ​បួន​ដង ដើម្បី​ពិសោធន៍​វិធី​ផ្សាំ​ដំណាំ​ផ្សេងៗ ​ថា​តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​បង្កើន​ចំនួន​ទិន្នផល​កាន់​តែ​ច្រើន​។ ឧទាហរណ៍​ថា ពី​មុន​ជ្រូក​ចិញ្ចឹម​ ១​ឆ្នាំ​ទើប​បាន​ ១០០ គីឡូ ហើយ​ត្រូវ​រក​វិធីសាស្ត្រ​យ៉ាង​ម៉េច​ ឱ្យ​ចិញ្ចឹម​ ៥​ខែ បាន​ ១០០​គីឡូ​។

បន្ថែម​លើ​ពី​នេះ​ទៀត លោក​ ឧកញ៉ា ម៉ុង ឬទ្ធី ប្រាប់​ថា​នឹង​បង្រៀន​ដល់​បងប្អូន​ប្រជា​កសិករ​ទាំង​អស់ ដើម្បី​មាន​ចំណេះដឹង​ផ្នែក​កសិកម្ម​នេះ យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​នៅ ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ធ្វើ​កសិកម្ម​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ​លោក​និយាយ​ថា គ្មាន​អ្វី​ល្អ​ក្រៅ​ពី​ការ​រៀន​សូត្រ​ឱ្យ​ច្បាស់​មុន​ចាប់​ផ្ដើម​នោះ​ទេ ហើយ​អ្វី​ដែល​លោក​ចង់​ឃើញ​គឺ ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង ចាក​ផុត​ពី​ភាព​ក្រី​ក្រ​៕ ​

​​

​​

អត្ថបទ៖ វឌ្ឍនៈ