ក្រសួង​បិទ​ការងារ​សិល្បៈ ដេនី ក្វាន់ ចុះ​ភាពយន្ត​មួយ​ដែល​នាង​បាន​ចូល​​រួម​សម្ដែងហើយ គិត​ម៉េច​វិញ?

  • 2017-04-25 09:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បន្ទាប់​ពី​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​ បាន​​ដាក់​តារា​សម្ដែង​​ស្រី​ ដេនី ក្វាន់ ក្នុង​បញ្ជី​ខ្មៅ​រយៈពេល​១​ឆ្នាំ​​ ដោយ​សារ​នាង​ផ្គើន​នឹង​សេចក្ដី​ណែនាំ​ឲ្យ​ស្លៀក​ពាក់​សមរម្យ​​ និង សក្ដិសម​ជា​សិល្ប​ការិនីខ្មែរ ពេល​នេះ​អ្នក​តំណាង​ផលិតកម្ម ផលិតរឿង​ថ្មី​របស់​នាង​ចេញ​មុខ​បក​ស្រាយ។

លោក សែម វិសាល អ្នក​តំណាង​ផលិតកម្ម Wonder Film បាន​លើក​ឡើង​ថា​​លោក​និង​ក្រុម​ការងារ​ខ្វល់​ចិត្ត​ដូច​គ្នា​ពេល​លឺ​ដំណឹង​នេះ​ ប៉ុន្តែ​ពេល​នេះ​លោក​បាន​ទទួល​ដំណឹង​ច្បាស់​ការ​១០០​% ហើយ ថា​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច" នោះ​មិន​មាន​បញ្ហា​ប៉ះពាល់​អ្វី​នោះ​ទេ ។

“រឿង​យើង​អត់​មាន​បញ្ហា​ទេ ព្រោះ​យើង​ចេញ​ថត​តាំង​ពី ០១.០១.២០១៦ មក​ម្លេះ​ គឺ​សកម្មភាព​របស់​យើង​បាន​ធ្វើ​មុន​សេចក្ដីប្រកាស​របស់​ក្រសួង​ ដូច្នេះ​ហើយ​គឺ​យើង​នៅ​តែ​បញ្ជាំង​បាន​ដោយ​មិន​ល្មើស" លោក​បន្ត។

លោក បន្ថែម​ថា​ទោះ​បី​ជា​រឿង "ផ្ទះ​ចិញ្ចឹម​ខ្មោច" មិន​បាន​ជាប់​ភ្លើង​ក្រហម​ក្ដី តែ​ក្រសួង​នឹង​តាម​ដាន​បន្ថែម​ទៅ​លើ​សាច់​រឿង​ ប្រសិន​បើ​ផលិតកម្ម​​តម្រូវ​ឲ្យ ដេនី ក្វាន់ ថត​ឈុត​ស្រើប​ស្រាល​នោះ​ នឹង​មាន​បញ្ហា​ដដែល។ "អត់​ផង​ក្នុង​រឿង​នេះ​ ដេនី សម្ដែង​ជា​នារី​សុភាព​រាបសារ​ហើយ​គ្មាន​ឈុត​ណា​ដែល​បង្ហាញ​ពី​ភាព​ស្រើប​ស្រាល​ឡើយ" លោក​បញ្ជាក់។

លោក ឆាយ បូរ៉ា ជា​ប្រធាន​សមាគម​ភាពយន្ត

ចំណែក​លោក ឆាយ បូរ៉ា ជា​ប្រធាន​សមាគម​ភាពយន្ត បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​ប្រជុំ​ពិសេស​ទាក់​ទង​នឹង ដេនី ក្វាន់ ថា កាល​ដែល​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​រឿង "ផ្ទះ​ចិញ្ចឹម​ខ្មោច" របស់​ផលិតកម្ម Wonder Film គឺ​ជា​រឿង​យុត្តិធម៌​បំផុត​សម្រាប់​ផលិតករ និង ផលិតកម្ម ព្រោះ​មុន​ពេល​ចេញ​ថត​ម្ដងៗ​ផលិតកម្ម​ត្រូវ​សុំ​ទិដ្ឋាការ​ពី​ក្រសួង​វប្បធម៌​ និង វិចិត្រ​សិល្បៈ​ អំឡុង​ពី​៤​ខែ​ទៅ​១​ឆ្នាំ​ ទើប​អាច​ដំណើរ​ការ​ថត​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ការ​ផ្ដល់​ផល​ល្អ​បែប​នេះ​ ក៏​ធ្វើ​ឲ្យ​ផលិតករ​មាន​កម្លាំង​ចិត្ត​សម្រាប់​ផលិត​បន្ត​ផង​ដែរ៕​​​

អត្ថបទ៖ Samedy