ដឹង​ច្បាស់​​ចំនួន​ការ​ពិន័យ​លើ​ Ramos ​​ដែល​​ឈូស​​ Messi ​ហើយ

  • 2017-04-26 01:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ​ប្រធាន​ក្រុម​ Real Madrid ​​​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​​ពិន័យ​តែ​១​ប្រកួត​ទេ ​បន្ទាប់​ពី​​ទទួល​បាន​កាត​ក្រហម​ ​កាល​ឈូស​ជើង​ Lionel Messi ​ក្នុង​ជំនួប​ El Clasico ​ដែល​ក្រុម​ស្តេច​ស ចាញ់​ក្រុម​ FC Barcelona ​៣-២ ​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ។

Sergio Ramos ​ប្រធាន​ក្រុម​ Real Madrid (ឆ្វេង)

គណៈកម្មការ​អាជ្ញាកណ្ដាល​ ​បាន​បញ្ជាក់​ថា ​ករណី​របស់​ Ramos ​​គឺ​បង្ក​កំហុស​លើ​ Messi ​​​ក្នុង​សកម្មភាព​ហិង្សា​ ដូច្នេះ​ហើយ​ទើប​ត្រូវ​ពិន័យ​កាត​ក្រហម។

ដោយ​ឡែក​ Neymar ​ត្រូវ​ពិន័យ​​ខក​ខាន​ប្រកួត​ El Clasico ​​បន្ទាប់​​ពី​ទះ​ដៃ​ដាក់​អាជ្ញាកណ្ដាល ​ពេល​ទទួល​បាន​កាត​ក្រហម​​ កាល​ចាញ់​ Malaga ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ ​ត្រូវ​ពិន័យ​ពី​លើ​២​ប្រកួត​ទៀត​ សរុប​ចំនួន​៣​ប្រកួត។

យ៉ាងណាក្ដី​ Ramos ​​ពុំ​​បាន​ទទួល​ការ​ពិន័យ​ពី​លើ​ទៀត​នោះ​ទេ ទោះ​បី​រូប​គេ​ដើរ​ចេញ​ពី​ទីលាន​ បញ្ចេញ​កាយវិការ​ឌឺដង​ដាក់​ Gerard Pique ​ក៏​ដោយ​ ខណៈ​ដែល​អាជ្ញាកណ្ដាល​​ Alejandro Hernandez ​ពុំ​បាន​ចាប់​អារម្មណ៍ ឬ​និយាយ​ពី​ករណី​នេះ​ឡើយ។ ដូច្នេះ​​សរុប​មក​ កីឡាករ​​វ័យ​៣១​ឆ្នាំ ​នឹង​អវត្តមាន​តែ​១​ប្រកួត​គត់ ​គឺ​​ត្រូវ​​ខក​ខាន​​ប៉ះ​ Deportivo ​យប់​នេះ​ ប៉ុន្តែ​នឹង​អាច​លេង​បាន​វិញ ​ពេល​ប៉ះ​ Valencia ​នៅ​ថ្ងៃ​សៅរ៍៕

​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​