មក​ស្គាល់​ច្បាស់​​ពី​ផលិតផល​និង​សេវាកម្ម​ដ៏​ពេញ​និយម​បំផុត​ទាំង ១៦ របស់ Google

  • 2017-04-27 03:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ដែល​បាន​សម្រេច​បង្កើត​ឈ្មោះ​ក្រុមហ៊ុន​ថ្មី Alphabet ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៨។ ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ បាន​ដំណើរការ​សេវាកម្ម​និង​ផលិតផល​រាប់​មិន​អស់ សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត​។

ថ្ងៃ​នេះ Sabay ណែនាំ​ពី​ផលិតផល​និង​សេវាកម្ម​ដ៏​ពេញ​និយម​បំផុត​ទាំង ១៦ របស់​ក្រុមហ៊ុន​មួយ​នេះ ដើម្បី​មិត្ត​អ្នក​អាន​ជ្រាប​កាន់​តែ​ច្បាស់។

១. Google Search Engine: ជា​ម៉ាស៊ីន​ស្វែង​រក​បែប​បច្ចេកវិទ្យា​ទំនើប ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​។ ប្រមាណ ៦០ ភាគរយ​នៃ​ចំណែក​ទីផ្សារ​ម៉ាស៊ីន​រុករក Google ជា​អ្នក​កាន់​កាប់​។ គេហទំព័រ​ជា​ច្រើន ត្រូវ​បាន​គេ​ស្រាវជ្រាវ​តាម​រយៈ​សេវា​របស់​ Google នេះ​ឯង។

២. Google Chrome: វា​ជា​ Web Browser មួយ​ដែល​បង្កើត​ឡើង​ដោយ​ Google ដូច​គ្នា ដែល​មាន​អ្នក​ប្រើ​ច្រើន​បំផុត​ក្នុង​លោក​។ ហេតុផល​ដែល​ទទួល​បាន​អ្នក​ប្រើប្រាស់​ច្រើន ដោយ​សារ​ផ្ទៃ​កម្មវិធី​ទាំង​ស្រុង​ គឺ​មាន​លក្ខណៈ​សាមញ្ញ​ងាយ​ស្រួល​ប្រើប្រាស់ ហើយ​ល្បឿន​ដំណើរការ​លឿន​។

បច្ចុប្បន្ន​ភាព Chrome អាច​គាំទ្រ​បាន​ទាំង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ Windows, OS X, Linux, Android និង​ iOS ។​

៣. Gmail: ជា​សេវា​ផ្ញើ​ Email ឥត​គិត​ថ្លៃ ដែល​ត្រួត​ពិនិត្យ​និង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​យក្ស​ Google ។​ ក្រុមហ៊ុន​សឹង​ពាក់​កណ្ដាល​ប្រទេស​នៅ​សហរដ្ឋអាមេរិក​ ប្រើប្រាស់ Gmail ក្នុង​គោល​បំណង​ផ្ញើ​សារ​ Email ផ្សេងៗ​។ ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​អ្នក​ប្រើប្រាស់​ ក៏​អាច​ធ្វើ​ការ​ផ្ញើ​លុយ​តាម​រយៈ​គណនី​ Gmail ថែម​ទៀត​ផង ។

បញ្ជាក់​ថា Gmail អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​អង្គ​ផ្ទុក 15GB ដែល​បូក​បញ្ចូល​ទាំង​ការ​ប្រើ​លើ Google Drive និង​ Google+ Photos ។

៤. Android: មិន​ថា​តែ​ស្មាតហ្វូន​ រថយន្ត​ ទូរទស្សន៍​ឆ្លាត​វៃ នាឡិកា​ឆ្លាត​វៃ និង​ឧបករណ៍​ថេបប្លេត​ជា​ច្រើន​ក្នុង​លោក កំពុង​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ Android ដែល​បង្កើត​ឡើង​ដោយ​ Google ។​ ក្រៅ​ពី​នោះ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ថោក​មួយ​ចំនួន​ ក៏​អាច​ដំណើរការ​លើ​ Android បាន​ផង​ដែរ នេះ​ហើយ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ទូ​ទៅ អាច​ស្គាល់​ច្បាស់​ច្រើន​ពី​វា​។

៥. YouTube: YouTubeមក​ទល់​បច្ចុប្បន្ន​កំពុង​ប្រែ​ក្លាយ​ជា​ប្រព័ន្ធ​ទស្សនា​វីដេអូ Online លំដាប់​ទី ១ ក្នុង​លោក​។ ដំបូង​ឡើយ YouTube បង្កើត​ឡើង​ដោយ​អតីត​បុគ្គលិក PayPal ចំនួន ៣ រូប​ តែ​ដល់​ឆ្នាំ ២០០៦ ក្រុមហ៊ុន​យក្ស Google ក៏​ទិញ​យក​តែ​ម្តង​។ អ្នក​ប្រើប្រាស់​អាច​ទស្សនា​និង​បង្ហោះ​ផ្សាយ​នូវ​វីដេអូ​ជា​ច្រើន​ប្រភេទ​នៅ​លើ​ YouTube។

៦. Google Adsense: ជា​កម្មវិធី​ដែល​មាន​មូលដ្ឋាន​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​គ្រប់​គ្រង​ដោយ Google ។​ កម្មវិធី​នេះ​បង្ហាញ​នូវ​រូបភាព អក្សរ វីដេអូ​ផ្សេងៗ នៅ​លើ​គេហទំព័រ​ ដែល​ម្ចាស់​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​បង់​លុយ​ទៅ​ឱ្យ Google។

អ្នក​ប្រើប្រាស់ Adsense ក៏​អាច​ទទួល​បាន​ថវិកា​មក​វិញ ក្រោយ​ពេល​ទទួល​បាន​ការ​ចុច (Click) ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ណាមួយ។​ យ៉ាងណាមិញ Google Adsense ក៏​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ និង​លក្ខខណ្ឌ​ច្បាស់លាស់​ជា​ច្រើន ទៅ​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ​។​

៧. Google Drive: ជា​ប្រភេទ​សេវា​ផ្ញើ​ឯកសារ​លើ​អ៊ីនធឺណិត​មួយ​របស់ Google ហើយ​ក៏​អាច​និយាយ​បាន​ថា វា​កំពុង​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន​។ ទំហំ Free សម្រាប់​អតិថិជន 15GB អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​រក្សា​ទុក​ឯកសារ​ផ្សេងៗ​ជា​ច្រើន ទៅ​ក្នុង​ប្រព័ន្ធ​ខាង​លើ​បាន​។​

៨. Google Adwords: ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ Online សម្រាប់​អ្នក​ដែល​ចង់​ផ្សព្វផ្សាយ​ផលិត​ផល​និង​សេវាកម្ម​របស់​ខ្លួន​ជាមួយ Google ។​ អ្នក​ប្រើប្រាស់​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ថវិកា​មក​វិញ​ជុំ​វិញ​ចំនួន Click និង​ចំនួន​អ្នក​ចាប់អារម្មណ៍​ផ្ទាំង​ពាណិជ្ជកម្ម​ទាំង​ឡាយ​។​

៩. Google Maps: អ្នក​ប្រើប្រាស់​សេវា​មួយ​នេះ អាច​ធ្វើ​ការ​មើល​នូវ​ផែនទី​នៃ​ផ្នែក​ណា​មួយ​របស់​ពិភព​លោក​ ហើយ​អ្នក​ក៏​អាច​មើល​ឃើញ​ពី​ទិដ្ឋភាព​នៅ​លើ​ដង​ផ្លូវ​ផង​ដែរ។ កម្មវិធី​ Google Maps មាន​បម្រើ​ជូន​អ្នក​ប្រើប្រាស់​ទាំង​នៅ​លើ​គេហទំព័រ​ផ្ទាល់​ និង​នៅ​លើ​ស្មាតហ្វូន​ផ្ទាល់​។​ វា​មាន​ទំនាក់​ទំនង​ជាមួយ​ Google Earth​ ដែល​មាន​មុខងារ​ស្រដៀង​គ្នា​នោះ​។

១០. Google Public DNS : ជា​សេវា​ DNS សាធារណៈ​នៅ​ក្នុង​ពិភពលោក​ ។ សេវាកម្ម​មួយ​នេះ ផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ​ សម្រាប់​ម្ចាស់​គេហទំព័រ​ ហើយ​មាន​សមត្ថភាព​អាច​ជំរុញ​ល្បឿន និង​ផ្ដល់​ការ​ការពារ​ដល់​គេហទំព័រ​ណា​មួយ​។

១១. Google News: បើ​សិន​ជា​អ្នក​ចង់​ទទួល​បាន​ព័ត៌មាន​ក្រៅ​ប្រទេស​ថ្មីៗ​ទាក់​ទិន​នឹង​កីឡា បច្ចេកវិទ្យា​ អ្នក​ប្រាកដ​ជា​មិន​អាច​រំលង​ជាមួយ​សេវា​កម្ម​នេះ​បាន​ឡើយ​។​ មក​ទល់​បច្ចុប្បន្ន​ Google News អាច​គាំទ្រ​នូវ​២៨ ភាសា ក្នុង​ ៦០ ប្រទេស​ផ្សេង​គ្នា​។​

១២. Google+ : នេះ​ជា​បណ្ដាញ​សង្គម​មួយ បង្កើត​ឡើង​ដោយ​ Google ដែល​លេចចេញ​វត្តមាន​កាល​ពី​ឆ្នាំ ២០១១ ។​ មុខងារ​ពិសេស​មួយ​របស់​វា គឺ Hangouts ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ Call ជា​លក្ខណៈ​ Video ទៅ​កាន់​មនុស្ស ១០ នាក់​ក្នុង​ពេល​តែ​មួយ​បាន​។​

១៣. Blogger: វា​ជា​ប្លុក​សម្រាប់​អនុញ្ញាត​ឱ្យ​អ្នក​សាកល្បង​បង្កើត​នូវ​គេហទំព័រ បង្ហោះ​ព័ត៌មាន​ សរសេរ​អត្ថបទ​ផ្សេងៗ​ជា​ដើម​។

១៤. Google Docs: នេះ​ជា​ផលិតផល​ដ៏​ល្អ​បំផុត​មួយ​របស់ Google ដូច​គ្នា។ តាម​ពិត​ទៅ​វា​មាន​មុខងារ​ស្រដៀង​ Microsoft Word អីចឹង​ដែរ ដោយ​យើង​អាច​បង្កើត​និង​កែ​ច្នៃ​ឯកសារ​ Docs, Spreadsheet និង Presentation (​ឯកសារ​ធ្វើ​បទ​បង្ហាញ​) ដែល​មាន​ការ​ភ្ជាប់​ជាមួយ​ Google Drive។

១៥. Google Books: ក្រុមហ៊ុន​ Google បាន​សេ្កន​និង​រក្សា​នូវ​អត្ថបទ​ជា​ច្រើន ដកស្រង់​ចេញ​ពី​សៀវភៅ ទស្សនាវដ្ដី ហើយ​បង្ហោះ​ផ្សាយ​ឡើង​លើ​ផលិតផល​មួយ​នេះ​របស់​ខ្លួន​។ Google បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា OCR (Opitcal Chracter Recognition) ដើម្បី​រក្សា​ទុក​នូវ​ទិន្នន័យ​ទាំង​អស់​។

១៦. Google Translate: វា​ជា​សេវា​បកប្រែ​ភាសា​ល្អ​បំផុត​មួយ​ក្នុង​លោក។ វា​គាំទ្រ​ច្រើន​ភាសា​ណាស់​ ដោយ​ទោះ​បី​ភាសា​មួយ​ចំនួន បក​ប្រែ​មិន​ជា​ត្រូវ​ខ្លះ​ក្តី ប៉ុន្តែ​ Google បាន​ជំរុញ​ឱ្យ​ម្ចាស់​ភាសា​ដើម ព្យាយាម​ជួយ​កែ​ប្រែ​ចន្លោះ​ប្រហោង​ទាំង​នោះ តាម​រយៈ​មុខងារ​កែ​ប្រែ​របស់​ខ្លួន​ផង​ដែរ​។

សរុប​មក​វិញ​ក៏​នៅ​មាន​សេវាកម្ម​និង​ផលិតផល​ដទៃ​ទៀត ដែល​ក្រុមហ៊ុន Google កំពុង​អភិវឌ្ឍ​សោត​យ៉ាង​ដូច​ជា Google Fiber, Project Loon និង​មួយ​ចំនួន​បន្ថែម​ទៀត​។

ប្រភព៖ ecloudbuzz   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា