តើ​ប្រាក់​ខែ​​ប៉ុន្មាន​ទើប​និស្សិត​​​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​ចាយ​គ្រប់​គ្រាន់?​

  • 2017-04-27 04:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំណែក​កំណើន​ការងារ​នៅ​លើ​ទីផ្សារ​ក៏​កើន​ឡើង​គួរ​ឱ្យ​កត់​​សម្គាល់​។ ទន្ទឹម​នឹង​នោះ កំណើន​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ក៏​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង តែ​ចំពោះ​បញ្ហា​ប្រាក់​ខែ​ក្នុង​ទីផ្សារ​វិញ មាន​និស្សិត​កម្ពុជា​មួយ​ចំនួន​​គិត​ថា​មិន​ទាន់​សមស្រប​នៅ​ឡើយ​ទេ​។ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ស្រដៀង​គ្នា​ថា ប្រាក់​ខែ​ចាប់​ពី​៣០០​ឡើង​ទៅ​បាន​ចាយ​គ្រាន់​។

ជួប​ជាមួយ​និស្សិត សុផល សោម៉ាវត្តី ទើប​តែ​បញ្ចប់​ការ​សិក្សា​ជំនាញ​ធនាគារ នៅ​ឯ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​ប្រាក់​ខែ​ត្រឹម​ ១០០​ដុល្លារ​ជាង ​ចាយ​មិន​គ្រាន់​នោះ​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ ទាំង​ថ្លៃ​សាំង​ បន្ទប់​ស្នាក់​នៅ ការ​ហូប​ចុក​​។ ​ដូច្នេះ​ប្រាក់​ខែ​ដំបូង​ យ៉ាង​ហោច​ណាស់​ត្រឹម​ ២០០​ឡើង​ទៅ​ទើប​សមរម្យ ប៉ុន្តែ​បើ​ឱ្យ​និយាយ​ថា ប្រាក់​ខែ​ដែល​អាច​ចាយ​ល្មម​គ្រប់​គ្រាន់​ គឺ​ចាប់​ពី​ ៣០០ ទៅ​៤០០​ដុល្លារ​។ ​យ៉ាង​ណា​ក្ដី​និស្សិត​ទើប​តែ​ទទួល​សញ្ញាបត្រ​ថ្មីៗ រូប​នេះ​លើក​ឡើង​ថា ប្រាក់​ខ្ពស់​ឬ​ទាប​ក៏​អាស្រ័យ​លើ​សមត្ថភាព​និស្សិត​ខ្លួន​ឯង​ដែរ​។

ដោយ​ឡែក​និស្សិត ធឿន ចន្រ្តា និស្សិត​ទើប​តែ​ទទួល​សញ្ញាបត្រ​ថ្មីៗ ជំនាញ​ធនាគារ បាន​លើក​ឡើង​ថា បើ​និយាយ​ពី​ប្រាក់​ខែ​គឺ​អាស្រ័យ​លើ​ចំណេះ​ដឹង​និស្សិត​នោះ​ ថា​តើ​មាន​សមត្ថភាព​កម្រិត​ណា​។ ​ចំពោះ​រូប​លោក គិត​ថា ប្រាក់​ខែ​ដែល​សមរម្យ​បំផុត​សម្រាប់​និស្សិត​កម្ពុជា ចន្លោះ​ពី ២៥០​ដុល្លារ​ ទៅ ៣៥០​ដុល្លារ​ ទើប​សក្ដិសម​ជាមួយ​ការ​ចំណាយ​ដ៏​ច្រើន​។ ប៉ុន្តែ​ចំពោះ​ខ្លួន​លោក​ផ្ទាល់​ចង់​បាន​ប្រាក់​ខែ ៦០០​ដុល្លារ​ទៅ ៧០០​ដុល្លារ ហើយ​លោក​នឹង​ខិត​ខំ​បញ្ចេញ​ឱ្យ​អស់​នូវ​សមត្ថភាព​ដែល​ខ្លួន​មាន​ដើម្បី​បាន​ប្រាក់​ខែ​នេះ​។

ចំណែក​និស្សិត សុធារ ​វិញ​ក៏​បាន​លើក​ឡើង​ស្រដៀង​និស្សិត​ទាំង​ពីរ​ដែរ កញ្ញា​និយាយ​ថា ការ​ចំណាយ​បច្ចុប្បន្ន​​ច្រើន​ណាស់​ចំពោះ​ការ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ដូច្នេះ​កញ្ញា​គិត​ថា ប្រាក់​ខែ​ចាប់​ពី​ ៣០០​ដុល្លារ​ឡើង​ទៅ ទើប​អាច​ទប់ទល់​ឈ្នះ ហើយ​ចំពោះ​ប្រាក់​ខែ​ដំបូង​គួរ​ចាប់​ផ្ដើម​ពី ២៥០​ឡើង​ទៅ​៕

អត្ថបទ៖ វឌ្ឍនៈ