របៀប​មើល​ស៊ុត ជៀសវាង​ប៉ះ​ស៊ុត​ក្លែងក្លាយ​ពី​ចិន

  • 2017-04-27 07:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើប្រាស់​ស៊ុត​នៅ​ម៉ាឡេស៊ី បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​រក​ឃើញ​ស៊ុត​ក្លែងក្លាយ ដាក់​លក់​នៅ​លើ​ទីផ្សារ កាល​ពី​ឆ្នាំ​២០១១។

ទោះ​ជា​យ៉ាង​ណា សមាគម «Consumer Association of Penang» នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា រវាង​ស៊ុត​ពិត​ប្រាកដ និង ស៊ុត​ក្លែងក្លាយ។

បើ​យោង​តាម​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា សំបក​ស៊ុត​ក្លែងក្លាយ ត្រូវ​បាន​ផលិត​ឡើង​ពី​កាបូន​កាល់ស្យូម (Calcium Carbonate) ហើយ ស៊ុត​លឿង និង ស៊ុត​ស មាន​សមាសភាព​នៃ​សារធាតុ​គីមី​ជា​ច្រើន ដូចជា សាច់ជូរ (Alum), អាស៊ីដ Benzoic, សូដ្យូម Alginate, កាល់ស្យូម​ក្លរួ, ជាតិ​ខាប់​អន្ធិល (Gelatin) និង ទឹក ជាដើម។

សារព័ត៌មាន AsiaOne របស់​ប្រទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា ស៊ុត​ក្លែងក្លាយ​ទាំង​នោះ ភាគ​ច្រើន​ទំនង​ជា​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ចិន។ ស៊ុត​ក្លែងក្លាយ មាន​សំបក​គ្រើម មូល និង​ធំ​ជាង ស៊ុត​ពិតប្រាកដ។

ជាមួយ​គ្នា​នេះ​ដែរ សមាគម​ខាង​លើ បាន​ឲ្យ​ដឹង​ទៀត​ថា ស៊ុត​ក្លែងក្លាយ គ្មាន​ក្លិន​អ្វី​ទាំង​អស់ មិន​ដូច​ជា​ស៊ុត​ពិត​ប្រាកដ ដែល​មាន​ក្លិន​ដូច​សាច់​នោះ​ទេ។ ស៊ុត​លឿង​នៅ​ក្នុង​ស៊ុត​ក្លែងក្លាយ ក៏​មាន​ពណ៌​លឿង​ជាង ស៊ុត​លឿង​នៅ​ក្នុង​ស៊ុត​ពិត​ប្រាកដ ផង​ដែរ។

មិនតែប៉ុណ្ណោះ ស៊ុត​ក្លែងក្លាយ នឹង​បញ្ចេញ​សំឡេង​ទឹក នៅ​ពេល​ដែល​អ្នក​ក្រឡុក​វា ព្រោះ​ថា​សារធាតុ​គីមី​នៅ​ខាង​ក្នុង​នោះ មិន​កកឡើយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង