ក្រុម​ប្រជែង​កៅអី​ Champions League ៣​សុទ្ធ​តែ​ខក​ចិត្ត​នៅ​សប្ដាហ៍​៣៤

  • 2017-05-01 01:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City, Arsenal និង​ Manchester United សុទ្ធ​តែ​ខកខាន​ឱកាស​ដណ្ដើម​៣​ពិន្ទុ​ទាំង​អស់​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៤​នេះ។

ការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford ក្រុម​បិសាច​ក្រហម​ Man Utd ដែល​ស្វាគមន៍​ Swansea នោះ​បាន​ត្រឹម​ស្មើ​គ្នា​ ១-១ ប៉ុណ្ណោះ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រមាណ​ជាង​៧​ម៉ឺន​នាក់។ ក្នុង​ការ​ប្រកួត​យប់​មិញ​ម្ចាស់​ផ្ទះ​មានឱកាស​នាំ​មុខ​មួយ​គ្រាប់​មុន​ជា​ការ​ទាត់​ប៉េណាល់ទី​របស់ Rooney នៅ​នាទី​៤៥ ហើយ​នៅ​ចុង​វគ្គ​ទី​ពីរ​ ក្រុម​ភ្ញៀវ​តាម​បាន​ស្មើ​ដោយ​ការ​ទាត់​បាល់​ Free Kick របស់ ខ្សែ​បម្រើ Sigurdsson។

Manchester City ដែល​ជួប​ក្រុម​បាត​តារាង Middlesbrough ក៏​មាន​វាសនា​មិន​ខុស​ពី​អ្នក​ជិតខាង​របស់​ខ្លួន​ប៉ុន្មាន​ដែរ​ ពោល​គឺ​បាន​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ទឹកដី Riverside Stadium។ ​ក្នុង​វគ្គ​ទី​មួយ​លេង​បាន​ ៣៨​ នាទី Negredo អតីត​កីឡាករ​ Man City ផ្ទាល់​បាន​ស៊ុត​ទម្លាយ​សំណាញ់​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មួយ​គ្រាប់​មុន។ នៅ​នាទី ៦៧​ Agüero តាម​ស្មើ​បាន​វិញ​ជា​ការ​ទាត់​បាល់​ពិន័យ​ប៉េណាល់​ទី​។ នាទី​៧៧ Chambers ស៊ុត​ឲ្យ​ Middlesbrough នាំ​មុខ​សារ​ជា​ថ្មី​តែ​ចុង​ម៉ោង Jesus តែត​ឲ្យ​ក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល ២-​២។

រី​ឯ​ Arsenal វិញ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ឱកាស​ដណ្ដើម​កៅអី Champions League មែន​ទែន​ហើយ​បន្ទាប់​ពី​ចាញ់ Tottenham Hotspur ០-២ ធ្វើ​ឲ្យ​ពួក​គេ​តាម​ពី​ក្រោយ​ក្រុម​លេខ​៤ រហូត​៦​ពិន្ទុ​ហើយ​ប្រកួត​ក្រោយ​ត្រូវ​ប៉ះ​ជា​ក្រុម​ខ្លាំង Manchester United ទៀត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន