ដូណាល់ ត្រាំ និងពូទីន យល់ព្រមដោះស្រាយបញ្ហាកូរ៉េខាងជើង​រួមគ្នាហើយ

  • 2017-05-03 04:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌិមៀ ពូទីន ​បាន​យល់​​ព្រម​ធ្វើ​ការ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​គំរាម​កំហែង​របស់​កូរ៉េខាងជើង​តាម​ផ្លូវ​ការទូតហើយ​ បន្ទាប់​ពី​កើត​មាន​ភាព​តាន​តឹង​ជា​ច្រើន​សប្ដាហ៍​រវាង​កូរ៉េខាងជើង និង​អាមេរិក។

ដូណាល់ ត្រាំ, រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

សេតវិមាន​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ខ្លី​​មួយ​កាល​ពី​ថ្ងៃ​​អង្គារ​ទី ២ឧសភា ម្សិលមិញ​ដោយ​អំពាវនាវ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ត្រូវ​ជជែក​គ្នា​រក​ដំណោះស្រាយ​ចំពោះ​ស្ថានភាព​​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៅ​កូរ៉េខាងជើង។

ចំណែក​វិមាន​ក្រែមឡាំង​របស់​រុស្ស៊ី​បញ្ជាក់​ថា លោក​ពូទីន និង​លោក​ត្រាំ ​បាន​យល់​ព្រម​គ្នា​ហើយ​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​តាម​ទូរសព្ទ ដើម្បី​រៀប​ចំ​ពេល​វេលា​ពិភាក្សា​ទល់​មុខ​​​នៅ​ខែ​កក្កដា​ខាង​មុខ​ ក្នុង​ប្រទេស​អាល្លឺម៉ង់ ចំ​ពេល​កិច្ច​ប្រជុំ G20 នៅ​ទីក្រុង Hamburg។

លោក Matthew Wallin អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ​អាមេរិក​បង្ហើប​ថា ឥទ្ធិពល​របស់​រុស្ស៊ី​នឹង​ជួយ​បាន​ច្រើន​ចំពោះ​បញ្ហា​កូរ៉េខាងជើង​ប៉ុន្តែ​មិន​ច្រើន​ដូច​ចិន​​ឡើយ​។ ទោះ​យ៉ាងណា​ គេ​មិន​ច្បាស់​ថា ​តើ​ពូទីន ឬ​ស៊ី ជីនពីន ចង់​ដាក់​សម្ពាធ​លើ​គីម ជុង​អ៊ុន ឬ​អត់​ទេ។ លើស​ពី​នេះ ​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​​ព្រម​ធ្វើការ​រួម​គ្នា​ចំពោះ​វិបត្តិ​ស៊ីរី​ដែរ៕

វ៉្លាឌិមៀ ពូទីន, រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters
រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

ប្រភព៖ indy100   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម