ក្រសួង​ឆ្លើយ​តប​ហើយ រឿង​រិះគន់​ភាពយន្ត​ថៃ ដាក់​រូប​អង្គរ​វត្ត​ខ្មែរ​ក្នុង Poster

  • 2017-05-03 04:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ព្រឹក​នេះ បាន​ឆ្លើយ​តប ទៅ​នឹង​ករណី​ភាពយន្ត​ថៃ​មួយ​រឿង ប្រើ​រូប​អង្គរវត្ត​ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ក្នុង​ប្រទេស​កម្ពុជា។

ការ​រិះគន់​ផ្ដើម​ចេញ​ពី​រឿង​នេះ ទី​១​រិះគន់​​ទៅ​ដល់​ភាគី​ថៃ ក៏​ដូច​ជា​ផលិតកម្ម​នៃ​រឿង "បារមី​នាគរាជ" ដែល​យក​រូប​ប្រាសាទ​អង្គរវត្ត​ដែល​ជា​របស់​កម្ពុជា​ទៅ​ប្រើ​ក្នុង​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន ដែល​អាច​នាំ​ឲ្យ​​មាន​ការ​យល់​ច្រឡំ​ពី​ភាព​ជា​ម្ចាស់​នៃ​សម្បត្តិ​បេតិកភណ្ឌ។ ដោយ​ឡែក​ការ​រិះគន់​ទី​២ សំដៅ​លើ​ក្រសួង ដោយ​ហេតុ​ថា មិន​ទាន់​ឃើញ​មាន​សកម្មភាព​អ្វី​ជុំ​វិញ​រឿង​ដែល​កើត​ឡើង ក្រោយ​រឿង​នេះ ត្រូវ​បាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ហើយ។

“ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង​កាល​ពី​ម្សិលមិញ ជូន​ក្រសួង​ជ្រាប និង​សុំ​ការ​ពន្យល់​ថា រឿង​វា​យ៉ាង​ម៉េច​ៗ ព្រោះ​លឺ​ថា​រឿង​ថត​នៅ​អង្គរ​វត្ត ខ្ញុំ​មិន​ច្បាស់​ដែរ គ្រាន់​តែ​លឺ​អីចឹង អីចឹង​សុំ​ការ​ពន្យល់"។ សុះ ម៉ាច ថ្លែង។

ឯកឧត្តម ថៃ នរសត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឆ្លើយ​ប្រាប់​ព្រឹក​នេះ​ថា ក្រសួង​បាន​ឃើញ​របាយការណ៍​នោះ​ហើយ ហើយ​ឯកឧត្ដម បាន​ថ្កោល​ទោស​ចំពោះ​រឿង​ដែល​កើត​ឡើង ប្រសិន​បើ​រឿង​ខាង​លើ គឺ​ជា​រឿង​ពិត ដែល​មិន​ស្ថិត​ក្រោម​ការ​ប្រើ​បច្ចេកទេស​កាត់​ត​ណា​មួយ។

"ជា​ការ​ពិត រូប​អង្គរ​វត្ត​យើង​ត្រូវ​បាន​គេ​បង្ហោះ​ពាសពេញ​ពិភព​លោក​ទៅ​ហើយ ប៉ុន្តែ​តែ​ករណី​គេ​មក​ថត ឬ​យក​ទៅ​ប្រើ​ដាក់​ក្នុង​ភាពយន្ត​អី​អីចឹង អា​ហ្នឹង​ត្រូវ​សុំ​សិទ្ធិ​ពី​ក្រសួង ឬ​អាជ្ញាធរ​អប្សរា​ហើយ បើ​យក​ទៅ​ប្រើ​ដោយ​អត់​សុំ​ការ​អនុញ្ញាត គឺ​ខុស​ហើយ!”។

យ៉ាង​នេះ​ក្ដី ក្រសួង អះអាង​ថា ពុំ​ទាន់​ប្រញាប់​ចេញ​សកម្មភាព ឬ​ប្រតិកម្ម​អ្វី​នៅ​ឡើយ តែ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ក្រសួង​បាន​ចាត់​តាំង​ក្រុម​ការងារ​មួយ​រួច​ហើយ ឲ្យ​ក្ដាប់ និង​អង្កេត​សាច់​រឿង​នេះ​ស៊ី​ជម្រៅ​ជា​មុន មុន​ចេញ​ប្រតិកម្ម​ផ្លូវ​ការ​ណា​មួយ។

“ឥឡូវ​ហ្នឹង​យើង កំពុង​រង់​ចាំ​សាច់​រឿង​ច្បាស់​លាស់​សិន ព្រោះ​ទើប​ទទួល​បាន​ព័ត៌មាន តែ​កាល​ណា​យើង​ប្រតិកម្ម​ទាំង​មិន​ទាន់​ដឹង​រឿង​ថា​យ៉ាង​ម៉េច​ៗ វា​អាច​មាន​បញ្ហា។ យើង​បាន​ឲ្យ​នាយកដ្ឋាន​ភាពយន្ត​កំពុង​ធ្វើ​ការ​រឿង​ហ្នឹង​ហើយ ថា​វា​ម៉េច​ៗ វា​ជៀស​មិន​ផុត​ពី​ការ​ជួប​ជជែក​គ្នា​ទៀត​ទេ"។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាព​យន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ដែល​ទទួល​ភារកិច្ច​ធ្វើ​កិច្ចការ​នេះ​បន្ត មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​លោក​មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បាន។

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ការ​ជជែក​គ្នា​យ៉ាង​ក្ដៅ​គគុក បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ភាពយន្ត​ថៃ​មួយ​រឿង "បារមី​នាគរាជ" ប្រើ​រូប​អង្គរ​វត្ត​សម្រាប់​ការ​ឃោសនា​ពី​ភាពយន្ត​របស់​ខ្លួន។ រឿង​នេះ គឺ​តំណាល​ពី​ស្ដេច​នាគរាជ​មួយ ដែល​មាន​រិទ្ធិ​អាច​ក្រឡា​ខ្លួន​ជា​ប្រុស​ក៏​បាន​ស្រី​ក៏​បាន ដែល​ជា​ប្រភេទ​សត្វ​តំណាង ​ប្រជាជន​ថៃ​គោរព​បូជា។

រឿង "បារមី​នាគរាជ" គ្រោង​នឹង​ចាក់​បញ្ចាំង​ឆាប់​ៗ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​របស់​ថៃ។ យ៉ាង​ណា ក្រោយ​ពី​លេច​រូប​អង្គរវត្ត​របស់​ខ្មែរ មហាជន រួម​ទាំង​សិល្បករ​ ផលិតករ​ផង បាន​ថ្កោល​ទោស​ព្រម​គ្នា៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី