ពានរង្វាន់បច្ចេកវិទ្យាកម្ពុជា Cambodia ICT Award ឆ្នាំ ២០១៧ ជិតឈប់ទទួលពាក្យហើយ
- 2017-05-04 02:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់បច្ចេកវិទ្យាកម្ពុជា Cambodia ICT Award ឆ្នាំ ២០១៧ ជិតឈប់ទទួលពាក្យហើយ
ចន្លោះមិនឃើញ
Cambodia ICT Award ឆ្នាំ ២០១៧ ជាពានរង្វាន់ថ្នាក់ជាតិលើកទី ៣ ដែលរៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជម្រុញលើកទឹកចិត្តដល់សិស្សនិស្សិត បណ្ដាក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធដែលមានផលិតផលនិងសេវាកម្មនៃគំនិតបង្កើតថ្មីលើវិស័យបច្ចេកវិទ្យា អាចចូលរួមដាក់ពាក្យប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកពានរង្វាន់ និងជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យ ICT នៅកម្ពុជា។
ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ ២០១៧ នេះមានចែកចេញជាប្រភេទពានរង្វាន់ និងវិញ្ញាសាប្រកួតខុសៗគ្នាដែលមានចំនួនប្រាំមួយ ដូចខាងក្រោម៖
១ វិស័យសាធារណៈ
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងផ្ដល់ប្រសិទ្ធភាព កាត់បន្ថយពេលវេលា តម្លាភាព និងមានតម្លៃទាបសម្រាប់បម្រើវិស័យសាធារណៈ។ កម្មវិធីអាចត្រូវអភិវឌ្ឍដោយស្ថាប័នឯកជន ស្ថាប័នរដ្ឋសហគ្រាសរដ្ឋដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល ឬជំនួយបរទេសនិងអាចស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ កម្មវិធីមិនមានភាពចាំបាច់ត្រូវបានប្រើប្រាស់ពេញលេញនោះទេ ប៉ុន្តែត្រូវបានប្រើប្រាស់ដោយស្ថាប័នរដ្ឋណាមួយ រួចហើយ។ កម្មវិធីដែលត្រូវបានអភិវឌ្ឍហើយត្រូវបានប្រើប្រាស់ដោយ សហគ្រាសរដ្ឋឬស្ថាប័នរដ្ឋសម្រាប់គោលដៅរកប្រាក់ចំណេញមិនរាប់បញ្ចូល ក្នុងប្រភេទពានរង្វាន់នេះទេ។
២ វិស័យឯកជន
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលសម្រាប់បម្រើសេចក្ដីត្រូវការរបស់វិស័យឯកជនរួមមានដូចជា កម្រងកម្មវិធីសម្រាប់គ្រប់គ្រងឧស្សាហកម្ម, កម្រងកម្មវិធីសម្រាប់គ្រប់គ្រងភស្តុភារតាមអេឡិចត្រូនិក (e-Logistics), កម្រងកម្មវិធីសម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម, កម្រងកម្មវិធីឧស្សាហកម្មហិរញ្ញវត្ថុ ទំនាក់ទំនង សេវាសុខាភិបាលតាមអេឡិចត្រូនិក ទេសចរ និងបដិសណ្ឋាកិច្ចជាដើម។ ក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនក្នុងស្រុក ១០០%។ សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសម្ចាស់ភាគហ៊ុនក្នុងស្រុកត្រូវមានភាគហ៊ុនយ៉ាងតិច ៥១%។
៣ ការរួមចំណែកទទួលខុសត្រូវក្នុងសង្គម
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់គាំទ្រសហគមន៍របស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក្នុងគោលបំណងជួយកាត់បន្ថយគម្លាតឌីជីថល។
៤ មាតិកាឌីជីថល (Digital Content)
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់ផ្តល់នូវការគ្រប់គ្រងនិងគាំទ្រ បច្ចេកទេសទៅដល់ព័ត៌មាន និងឧស្សាហកម្មកម្សាន្តដូចជា ការផ្សាយទូរទស្សន៍ វិទ្យុ រោងភាពយន្ត តន្ត្រី ទស្សនាវដ្ដី កាសែត ព័ត៌មានលើអ៊ីនធឺណិត ហ្គេមកម្សាន្ត។ ផលិតផលនោះអាចបង្កើតឡើង ជាទម្រង់អត្ថបទសំឡេង រូបភាពនិងវីដេអូជាដើម។
៥ ការបង្កើតធុរកិច្ច
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនធុរកិច្ច បង្កើតតិចជាងរយៈពេល៣ឆ្នាំ ពីកាលបរិច្ឆេទចុះឈ្មោះដាក់ពាក្យប្រកួតប្រជែង។ ម្ចាស់ភាគហ៊ុនធំត្រូវតែជាអ្នកដែលរកឃើញ ឬជាអ្នកផ្តួចផ្តើមគំនិតមុនដំបូង និងមិនមែនជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេណាមួយ។
៦ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលទើបតែស្រាវជ្រាវ រកឃើញចេញពីគំនិតថ្មី សម្រាប់បម្រើតម្រូវការទីផ្សារចេញពីសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ឬក្រុមហ៊ុនដែលរកឃើញ និងបង្កើតគំនិតថ្មីៗ។ កម្មវិធីមិនទាន់ប្រើប្រាស់នៅឡើយ ហើយមិនទាន់បានបញ្ចប់រួចរាល់សព្វគ្រប់ ប៉ុន្តែអាចធ្វើបង្ហាញពីមុខងារនិងដំណើរការរបស់វា ព្រមទាំងរក្សាកម្មសិទ្ធិបញ្ញាជាម្ចាស់របស់អ្នកដែលរកឃើញឬជាអ្នក ផ្ដួចផ្ដើមគំនិតមុនដំបូង (ផ្ទាល់ខ្លួន ឬក្រុមហ៊ុន)។ ប្រើប្រាស់ប្រភពថវិកាផ្ទាល់ខ្លួនឬពីអតិថិជន/ អ្នកប្រើប្រាស់។
កាលវិភាគនៃការចូលរួមប្រកួត
លក្ខខណ្ឌនៃការចូលរួមប្រកួត
របៀបនៃការដាក់ពាក្យប្រកួតប្រជែង
សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនេះ អាចទាញយកពីគេហទំព័រ cambodiaictaward ដោយផ្ទាល់ រួចបំពេញពាក្យចុះឈ្មោះតាមរយៈទម្រង់ពាក្យអេឡិចត្រូនិក បន្ទាប់មកផ្ញើ URL វីដេអូនៅលើ Youtube មុននឹងចុច Submit។
បេក្ខជន/ ក្រុមហ៊ុន ត្រូវដាក់សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនិងឯកសារពាក់ព័ន្ធ ដទៃទៀតក្នុងស្រោមសំបុត្របិទជិតដោយដៃ ជាមួយត្រាបញ្ជាក់ក្រុមហ៊ុនរបស់សាម៉ីខ្លួនហើយផ្ញើរទៅកាន់អាស័យដ្ឋាន ខាងលើ ឬអ៊ីម៉ែលមកអាស័យដ្ឋាន info@cambodiaictaward.com។
ទំនាក់ទំនងព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានលំអិតផ្សេងៗទាក់ទងទៅនឹងការប្រកួតប្រជែង ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៧ បេក្ខជន/ ក្រុមហ៊ុន អាចធ្វើការទាក់ទងតាមរយៈទូរសព្ទ លោក ស៊ុន រ៉ាពីដ ទូរសព្ទលេខៈ ០១៦ ៨៦៨៩៨៤។
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះក៏នឹងផ្តល់ឱកាសដល់បេក្ខជនក៏ ដូចជាក្រុមហ៊ុនដែលទទួលបានជយលាភីពីកម្មវិធីនេះក្លាយជាតំណាងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ាន (ASEAN ICT Awards) ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ៕