ទោះ​មាន​បញ្ហា​ភ្នែក​ លោកតា​វ័យ​ ៨៦​ឆ្នាំ​ ជម្នះប្រណាំាង​កង់​រកថវិកា​ជួយ​កុមារ​ក្រីក្រ​

  • 2017-05-08 02:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា​វ័យ​ ៨៦​ឆ្នាំ​ម្នាក់​បាន​លេច​មុខ​ក្នុង​កម្មវិធី​ Run&Ride ទាំង​ភ្នែក​កំពុង​មាន​បញ្ហា​ ដើម្បី​សប្បុរសធម៌​ជួយ​ដល់​កុមារ​ក្រី​ក្រ​ កំព្រា​ ព្រម​ទាំង​សាលា​ខ្វះខាត​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ។

បុរស​វ័យ​ចំណាស់​មាន​ស្រុក​កំណើត​មក​កពី​ខេត្ត​កំពង់ចាម​​​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​មិន​​មែន​លើក​ទី១ ដែល​លោកតា​ចូលរួម​ជិះ​កង់​នេះ​ទេ​។ លោកតា​ធ្លាប់​បាន​ចូល​រួម​ជិះកង់​រាប់​ភ្លេច​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ធ្លាប់​បាន​ពាន​ ច្រើន​លើក​ច្រើន​សារ​ទៀត​ផង។ ជាក់​ស្តែង​ចូល​រួម​ប្រណាំង​កង់​លើក​នេះ​ ដើម្បី​ប្រមូល​យក​ថវិកា​ជួយ​ជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​សាលា​ខ្វះខាត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា

"តា​ ជិះ​តាំង​ពី​ឆ្នាំ​៧០​មក​ម្ល៉េះ​ ហើយ​ក៏​ធ្លាប់​​ជិះ​ឈ្នះ​បាន​ពាន​ដែរ​ និយាយ​ទៅ​ជិះកង់​នេះ​ជា​កីឡា​មួយ​ដែល​ល្អ​ និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ ទៀត​ផង​"។ លោកតា​ លុយ សុខុម បន្ថែម។

ក្នុង​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​ Run&Ride ​កាល​ពី​ថ្ងៃ​សៅរ៍​​ លុយ សុខុម ជា​ឈ្មោះ​បុរស​វ័យ​ចំណាស់​​ បាន​ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​ចាប់​ជិះកង់​នេះ​មក​ របួស​ច្រើន​ដង ដួល​​៦​ដង​ មាន​ម្ដង​គេ​បុក​ប៉ើង​ដួល​រហូត​បាក់​ក​កង់​កាល​ឆ្នាំ​២០១៤ ខណៈ​កំពុង​ជិះ​កង់​ហាត់​ប្រាណ​ធម្មតា​។

លោក​តា​ដែល​មាន​កូន​៤​នាក់​នេះ ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ដូចជា​ ឥណ្ឌូណេស៊ី​ ជប៉ុន អូសាកា​ ជា​ដើម​ ហើយ​ក៏​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ផង​ដែរ មាន​លេខ​១​ លេខ​៣ លេខ​៤​ទូទាំង​ប្រទេស​ទៀត​ផង។

ពី​ដំបូង​ឡើយ​លោក​តា​ ជិះ​កង់​ ហែល​ទឹក​ រត់​ប្រណាំង​ ប៉ុន្តែ​ដោយ​សារ​ជិះកង់​មាន​ការ​រីកចម្រើន​ គួប​ផ្សំ​នឹង​ការ​ចូល​ចិត្ត​​ផង​ ក៏​សម្រេច​យក​តែ​ការ​ជិះ​កង់​មួយ​មួយ​មុខ សម្រេច​បន្ត​ចិញ្ចឹម​ជីវិត ។ ដើម្បី​សុខភាព​លោក​តា​វ័យ​ ៨៦ឆ្នាំ​រូប​នេះ​ តែង​ជិះ​កង់​ហាត់​ប្រាណ​រាល់​ថ្ងៃ​​ និង​ជា​រៀង​រាល់​ព្រឹក​ជាមួយ​កូន​ ឬ​ចៅ នៅ​តាម​មុខ​វាំង​ មាត់​ទន្លេ​ និង​ជាយៗ​ក្រុង​ជា​ដើម។​

កីឡា​ជិះ​កង់​នេះ​ ជា​ថ្នាំ​មួយ​ដែល​ពូកែ​ជាង​គេ​ ជួយ​ឲ្យ​មាន​សុខភាព​ល្អ សព្វ​ថ្ងៃ​លោក​តា​ថា​មិន​ដែល​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ កន្លង​មក​លោក​តា​ធ្លាប់​ជិះ​មាន​ ២០០គីឡូ ក៏​មាន​ ១៧៥គីឡូ​ក៏​មាន តែ​​ដោយ​សារ​ឥឡូវ​ចាស់​ហើយ​ មិន​សូវ​បាន​ជិះ និង​ចូលរួម​ប្រណាំង​ដូច​មុន​នោះ​ទេ។

ចុង​ក្រោយ​បុរស​ចំណាស់​វ័យ លុយ សុខុម វ័យ​៨៦ឆ្នាំ​ រូបនេះ​​មាន​សំណូម​ពរ​ចង់​ឲ្យ​ក្មេងៗ និង​យុវវ័យ​ជំនាន់​ក្រោយ​ លេង​កីឡា និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ព្រោះ​សុខភាព​នេះ​សំខាន់​ណាស់​៕ ​

អត្ថបទ៖ ថា ម៉ាលីដា