លក្ខណៈ​ពិសេស​ខុស​គ្នា​រវាង​ RAW និង​ JPEG ដែល​អ្នក​មាន​កាមេរ៉ា​ធំ​គួរ​ដឹង​!

  • 2017-05-08 02:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​ភាគ​ច្រើន​នៃ​ម៉ាស៊ីន​ថត​រូប (SLR) ជា​ទូ​ទៅ​អាច​ធ្វើ​ការ​ថត​រូប បាន​ទាំង​ក្នុង​ឯកសារ​ប្រភេទ​ RAW និង JPEG ។​ តើ​អ្នក​ធ្លាប់​ដឹង​ទេ វា​ទាំង​ ២ មាន​លក្ខណៈ​ខុស​គ្នា​អ្វី​ខ្លះ ហើយ​ពេល​ណា​អ្នក​គួរ​ប្រើប្រាស់​ឯកសារ​ RAW ឫ JPEG?

អ្វី​ទៅ​ជា​ឯកសារ​ RAW?

RAW ជា​ឯកសារ​ទ្រង់ទ្រាយ​ថ្មី​មួយ ដែល​វា​ផ្ទុក​នូវ​ទិន្នន័យ​ទទួល​បាន​ពី​ឧបករណ៍​ចាប់​សញ្ញា​រូបភាព (Image Sensor) តិច​តួច​បំផុត មិន​ថា​តែ​ចេញ​ពី​កាមេរ៉ា​ឌីជីថល​, ម៉ាស៊ីន​ស្កេន​រូបភាព និង​ម៉ាស៊ីន​ស្កេន​រូបភាព​មាន​ចលនា​ឡើយ​។ ឯកសារ​ RAW ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​បែប​នេះ ក៏​ដោយ​សារ​ជា​ធម្មតា​វា​មិន​ទាន់​រួច​រាល់​ក្នុង​ការ​ដំណើរការ​បោះពុម្ព​ (Print) ចេញ​នោះ​ទេ ព្រោះ​តម្រូវ​ឱ្យ​យក​ទៅ​កែ​ច្នៃ​ក្នុង​កម្មវិធី​មួយ​ចំនួន​ជា​មុន​សិន​។

ភាព​ខុស​គ្នា​រវាង​ RAW និង​ JPEG

​ ​​​ជា​ទូ​ទៅ​ឯកសារ​ RAW​ ​រក្សា​ផ្ទុក​នូវ​គុណភាព​រូបភាព​ដែល​ទទួល​បាន​ពី​កាមេរ៉ា​ ច្រើន​ផ្ដោត​ទៅ​លើ​ភាព​មុត​ស្រួច​ Sharpness និង​​ Contrast ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ប្រតិបត្តិការ​លើ​រូបភាព​ដើម​ ឫ​ពង្រួម​ទំហំ​ឯកសារ​ឱ្យ​តូច​ឡើយ​។​ យ៉ាងណាមិញ​ឯកសារ​ RAW តម្រូវ​ឱ្យ​បម្លែង​ទៅ​ជា JPEG ឫ​ឯកសារ​ផ្សេង​ទៀត​ជា​មុន​សិន ព្រោះ​វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បោះពុម្ព​ចេញ​និង​ចែក​ចាយ​ទៅ​កាន់​អ្នក​ដទៃ​។

ចំណែក​ឯ​ JPEG វិញ​ជា​ទូទៅ​គេ​ត្រូវ​ធ្វើ​ប្រតិបត្តិការ​លើ​រូបភាព​ដែល​ថត​ចេញ​នោះ​សិន ហើយ​ពង្រួម​ទំហំ​ឯកសារ​ (Compress) ឱ្យ​បាន​រួច​រាល់​ មុន​នឹង​ធ្វើ​ការ​ថត​ចម្លង​ឯកសារ​រក្សា​ទុក​។​ យ៉ាងណាមិញ​វា​អាច​ថា​ជា​ឯកសារ​ពេញ​និយម​បំផុត ហើយ​ងាយ​ស្រួល​ក្នុង​ការ​បើក​មើល​ក្នុង​កុំព្យូទ័រ​គ្រប់​ប្រភេទ​ ។​

អ្នក​ប្រើប្រាស់​អាច​កំណត់​បាន​ដោយ​សេរី​ក្នុង​កម្រិត​ថ្នាក់​នៃ​ការ​បង្រួម​ឯកសារ​ ហើយ​ការពារ​គុណភាព​ដើម​នៃ​ឯកសារ​ JPEG មាន​ភាព​ងាយ​ស្រួល​បំផុត​។​

ហេតុ​អ្វី​ត្រូវ​ថត​រូប​ក្នុង​ឯកសារ​ RAW?

នៅ​ពេល​ដែល​អ្នក​ថត​រូប​ក្នុង​ទ្រង់ទ្រាយ​ឯកសារ​ RAW នោះ​វា​នឹង​ផ្ដល់​លទ្ធភាព​ខ្ពស់ ក្នុង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ថត​ ហើយ​ធ្វើ​ការ​កែ​ប្រែ​នៅ​កំហុស​រូបភាព​តូច​ៗ​ដែល​អ្នក​បាន​ថត ដូច​ជា​ការ​បង្កើន​ពន្លឺ (Exposure) ។ ទៀត​សោត​អ្នក​ក៏​អាច​ជួសជុល​ White Balance ដែល​វា​ជា​ប្រព័ន្ធ​ដំណើរការ​លុប​ចោល​នូវ​ពណ៌​មិន​ប្រាកដ​មួយ​ចំនួន​ចេញ​ពី​រូបភាព ករណី​បើ​ការ​ថត​រូប​ភ្លាមៗ​​អ្នក​មិន​ធ្វើ​អាច​ការ​កំណត់​មុខងារ​មួយ​នេះ​បាន​។​ សរុប​មក​បើ​អ្នក​សម្រេច​ថត​រូប​ក្នុង​ឯកសារ​ RAW នោះ​រូបភាព​ដែល​ផ្ដិត​ចេញ​មក​គឺ​វា​មាន​គុណភាព​ប្រសើរ​ ​​ហើយ​ Contrast នៃ​រូបភាព​ក៏​មាន​កម្រិត​ខ្ពស់​ល្អ​ថែម​ទៀត​ផង​។​ ជា​ធម្មតា​ឯកសារ​ JPEG ដែល​បម្លែង​ចេញ​មក​ពី​ឯកសារ RAW វា​មាន​គុណភាព​ច្បាស់​ល្អ​ជាង​ឯកសារ​ JPEG ថត​ផ្ទាល់ មួយ​វិញ​ទៀត​គេ​ច្រើន​ប្រើ​ឯកសារ​ RAW ដើម្បី​ផ្ដិត​ចេញ​នូវ​រូបភាព​តាំង​ខ្នាត​ធំ (Wallpaper) និង​ឯកសារ​នៃ​រូបភាព​​ធំ​ៗ​មួយ​ចំនួន​ទៀត​។

ហេតុអ្វី​ត្រូវ​ថត​ក្នុង​ឯកសារ​ JPEG?

ទំហំ​ឯកសារ​របស់​ JPEG មាន​ទំហំ​តូច​ជាង​ឯកសារ​ RAW ។​ យើង​ក៏​អាច​និយាយ​បាន​ វា​នឹង​ចំណាយ​ពេល​តិច​ជាង​ក្នុង​ការ​ផ្ទេរ​ឯកសារ JPEG ទៅ​កាន់​កុំព្យូទ័រ​។ JPEG ជា​ឯកសារ​ស្តង់ដារ​មួយ ដែល​គេ​និយម​ប្រើ​បំផុត​លើ​រាល់​កម្មវិធី​រូបភាព​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន​។​ ផ្ទុយ​ទៅ​វិញ​សម្រាប់​ឯកសារ​ RAW បើ​អ្នក​ជំនាញ​ឫ​អ្នក​អាជីព​ចង់​ធ្វើ​ការ​បើក​ឯកសារ​ RAW និង​កែ​ច្នៃ​គុណភាព​រូប បើ​កុំព្យូទ័រ​ពួក​គេ​ពុំ​មាន​កម្មវិធី​តម្រូវ​ឯកសារ​ RAW ទេ​ នោះ​ក៏​ពុំ​មាន​ឱកាស​ក្នុង​ការ​បើក​មើល​វា​បាន​ឡើយ​។ JPEG ឯណោះ​វិញ វា​ទូទៅ​សម្រាប់​ការ​ប្រើប្រាស់​ ព្រោះ​មិន​ថា​តែ​កុំព្យូទ័រ​អ្នក​ប្រើប្រាស់​ធម្មតា​មិន​អាជីព​ក៏​អាច​បើក​ដំណើរការ​មើល​នូវ​ឯកសារ​ JPEG បាន​ដែរ​។​ ម្ល៉ោះ​ហើយ​បើ​អ្នក​មិន​មែន​ជា​អ្នក​ថតរូប​អាជីព​ ហើយ​មិន​ជា​យល់​ច្បាស់​ពី​តិចនិក​​ការ​ថតរូប​ច្រើន អ្នក​គួរ​តែ​ជ្រើសរើស​ក្នុង​ការ​ថត​រូប​ត្រឹម​ជា​ឯកសារ​ JPEG បាន​ហើយ​។

ជា​ចុង​ក្រោយ​ Sabay ជឿ​ថា​ការ​រ៉ាយរ៉ាប់​សង្ខេប​ខាង​លើ​នេះ ប្រិយមិត្ត​អ្នក​ប្រើប្រាស់​កាមេរ៉ា​ធំ ប្រាកដ​ជា​យល់​ច្បាស់​បាន​ច្រើន ប៉ុន្តែ​បើ​អ្នក​មាន​ចម្ងល់​ត្រង់​ចំណុច​ណា​មួយ សូម​ធ្វើ​ការ​ Comment នៅ​ខាង​ក្រោម​ ហើយ​យើង​ស្វាគមន៍​ជា​និច្ច​ក្នុង​ការ​បក​ស្រាយ​ចម្ងល់​របស់​អ្នក​ទាំង​អស់​គ្នា តាម​ការ​ដែល​អាច​ធ្វើ​ទៅ​បាន​។​

ប្រភព: https://en.wikipedia.org/wiki/Raw_image_format (អ្វី​ទៅ​ជា RAW) http://www.arcsoft.com/topics/photostudio-darkroom/raw-jpeg.html (អត្ថបទ​ទាំង​ស្រុង)​​​​​​​​​​​

ប្រភព៖ Wikipedia | arcsoft   ប្រែសម្រួល៖ កៅ រក្សា