មិនទាន់ច្បាំងផង នាវា​ចម្បាំង​អាមេរិក បុក​​ទូកនេសាទ​កូរ៉េខាងត្បូង

  • 2017-05-10 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​របស់​កងទ័ព​ជើងទឹក​អាមេរិក​មួយ​គ្រឿង បាន​បុក​ជាមួយ​ទូក​នេសាទ​កូរ៉េខាងត្បូង​មួយ​គ្រឿង កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ ខណៈ​ពេល​ដែល​នាវា​ចម្បាំង​នោះ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ក្បែរ​ឧបទ្វីប​កូរ៉េ។

ទូក​នេសាទ​ប្រវែង ប្រហែល​២០​ម៉ែត្រ​នោះ បាន​បុក​ជាមួយ​នាវា​ចម្បាំង ប្រភេទ Ticonderoga-class ឈ្មោះ​ថា USS Lake Champlain មាន​ប្រវែង​១៧៣​ម៉ែត្រ ដែល​ស្ថិត​នៅ​ជាមួយ​ក្រុម​នាវា USS Carl Vinson។

នាវា USS Lake Champlain

ទោះ​បី​ជា​យ៉ាង​ណា មិន​មាន​ការ​រង​របួស​ណា​មួយ ត្រូវ​បាន​គេ​រាយការណ៍​ឡើយ ខណៈ​គេ​កំពុង​ធ្វើ​ការ​វាយតម្លៃ ចំពោះ​ការ​ខូចខាត​នៃ​នាវា និង​ទូក​ទាំង​២​គ្រឿង​នោះ។

«វា​គឺ​ជា​រឿង​ធម្មតា​ណាស់ ដែល​មាន​ទូក​តូច​ចូល​មក​ក្បែរ​បែប​នេះ... ប៉ុន្តែ​មិន​មាន​កាំភ្លើង ឬ​សញ្ញា​ជាក់ស្ដែង​នៃ​ចេតនា​បង្កហេតុ នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ»។ នេះ​បើ​តាម​សម្ដី​មន្ត្រី​កងទ័ព​ជើងទឹក​អាមេរិក ប្រាប់​ទៅ​កាន់​សារព័ត៌មាន CNN។

នាវិក​នៅ​លើ​ទូក​នេសាទ​នោះ ក្រោយ​មក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​វិទ្យុ​ទាក់ទង ហើយ​មិន​បាន​ឮ​សំឡេង​វិទ្យុ​របស់​កងទ័ព​ជើងទឹក​ឡើយ ទើប​បណ្ដាល​ឲ្យ​កើត​មាន​រឿង​បែប​នេះ។

យ៉ាងណាមិញ ឧបទ្ទវហេតុ​នោះ ត្រូវ​បាន​គេ​លើក​ជា​សំណួរ​ថា តើ​នាវា​បរទេស​អាច​ចូល​ទៅ​ជិត នាវា​កងទ័ព​ជើងទឹក​អាមេរិក ដែល​កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ដែល​ជួប​ប្រទះ​ភាព​តានតឹង​ខ្ពស់ រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​យ៉ាង​ដូចម្ដេច​ទៅ?

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី