ភ្ញាក់ផ្អើលខ្លាំង! ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ចង់បង្កើន​ទំនាក់ទំនង​ជាមួយ គីម ជុងអ៊ុន

  • 2017-05-11 02:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងត្បូង ទើប​តែ​ជ្រើសរើស​បាន​ប្រធានាធិបតី​សេរី​ថ្មី ដែល​ធានា​ថា​នឹង​កសាង​ឡើង​វិញ នូវ​ទំនាក់ទំនង​ដាច់​រហែក​ជាច្រើន​ឆ្នាំ ជាមួយ​ប្រទេស​ជិត​ខាង កូរ៉េខាងជើង ដើម្បី​លុបបំបាត់​ភាព​តានតឹង នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក ម៊ូន ជេអ៊ីន

នៅ​លើ​ផ្លូវ​យុទ្ធនាការ លោក ម៊ូន ជេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី បាន​សន្យា​ថា នឹង​ផ្ដល់​នូវ​វិធីសាស្ត្រ​ការ​ទូត​សកម្ម និង​បើក​ចំហ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ទៅ​កាន់​កូរ៉េខាងជើង។

ទោះ​ជា​យ៉ាង​ណា ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ មិន​អនុញ្ញាត​ឲ្យ​ប្រទេស​កូរ៉េខាងជើង ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ ហើយ​បាន​រិះគន់​រដ្ឋាភិបាល​ទាំង​២​ចុងក្រោយ ដែល​បរាជ័យ​ក្នុង​ការ​បញ្ឈប់​វា ដោយ​បាន​និយាយ​ថា គោលនយោបាយ នៅ​២​ទសវត្សរ៍​ចុងក្រោយ​នេះ មិន​ដំណើរការ​ឡើយ។

លោក គីម ជុងអ៊ុន

ជា​មួយ​គ្នា​នេះ​ដែរ លោក ម៊ូន ក៏​បាន​ធ្វើ​យុទ្ធនាការ នៅ​លើ​គោលនយោបាយ National Interest First និង​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​មួយ ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ខែ​មករា ថា កូរ៉េខាងត្បូង គួរ​តែ​រៀន​និយាយ​ថា «ទេ​ចំពោះ​អាមេរិក»។

លោកស្រី Simone Chun មក​ពី​បណ្ដាញ​សន្តិភាព​កូរ៉េ «Korea Peace Network» បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន RT ថា «ប្រទេស​កូរ៉េខាងត្បូង គួរតែ​មាន​ឯករាជ្យ ពី​សហរដ្ឋអាមេរិក ច្រើន​ជាង​នេះ ដោយសារ​តែ​គោលនយោបាយ​ទប់ស្កាត់​របស់​ខ្លួន នៅ​ភាគ​ឦសាន​តំបន់​អាស៊ី ហើយ​សហរដ្ឋអាមេរិក គ្រាន់​តែ​ចង់​ឲ្យ​កូរ៉េខាងត្បូង ធ្វើ​ជា​រនាំង​ការពារ​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​ទស្សនវិស័យ​នេះ​ត្រូវតែ​ផ្លាស់ប្ដូរ»។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា «ឥឡូវនេះ ប្រជាជន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​ថ្មី​យ៉ាង​ខ្លាំង ដូច្នេះ​ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក គួរតែ​ទទួល​យក​ទស្សនៈ​ផ្សេងគ្នា ដែល​មាន​ន័យ​ថា គោរព​អធិបតេយ្យភាព និង​ផ្ដល់​អំណាច​បន្ថែម​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ដើម្បី​ឲ្យ​លោក​ទទួល​យក​ការ​ផ្ដួចផ្ដើម​នេះ»៕

លោកស្រី Chun ក៏​បាន​បន្ថែម​ទៀត​ថា «កូរ៉េខាងត្បូង អាច​ទទួល​យក​គំនិត​ផ្ដួចផ្ដើម និង​សកម្មភាព​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ថ្មី ដែល​អាច​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ស្ថិរភាព នៅ​ឧបទ្វីប​កូរ៉េ»៕

ប្រភព៖ RT   ប្រែ​សម្រួល៖ សេង ឡុង