បុរសដាំដើមឈើព្រមគ្នា តែចេញលទ្ធផលផ្សេងគ្នា ឆ្លុះបញ្ចាំងពីការអប់រំកូនមិននឹកស្មាន

  • 2017-05-12 05:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ជិត​ខាង​ ២​នាក់ ​រស់​នៅ​ផ្ទះ​ក្បែរ​គ្នា​ក្នុង​ភូមិ​មួយ។ ​ម្នាក់​ជា​គ្រូ​បង្រៀន ​និង​ម្នាក់​ជា​បុគ្គលិក​ក្រុម​ហ៊ុន​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ស្រលាញ់​ធម្មជាតិ​ និង​បច្ចេកវិទ្យា​ដូច​គ្នា។

រូបតំណាង

ពួក​គាត់​ទាំង​ពីរ​នាក់​ បាន​ដាំ​ដើម​ឈើ​ម្នាក់​មួយ​ដើម​ក្នុង​សួន​ច្បារ​​រៀង​ៗ​ខ្លួន ស្រប​ពេល​​គ្នា និង​ទំហំ​ប៉ុន​ៗគ្នា។ លោក​គ្រូ​មាន​បច្ចេកទេស​ដាំ​ និង​ថែរក្សា​ផ្សេង ឯ​បុគ្គលិក​ក្រុម​ហ៊ុន​មាន​វិធី​​សាស្ត្រ​ដាំ​ និង​ការ​ថែ​ទាំផ្សេង​គ្នា​។

​បុរស​ជា​បុគ្គលិក​ដាំ​ដើម​ឈើ​ស្រោច​ទឹក​ច្រើន និង​មើល​ថែ​យ៉ាង​ជាប់​លាប់​មិន​លស់​ថ្ងៃ ចំណែក​​​គ្រូ​ស្រោច​ទឹក​ដើម​ឈើ​តិចៗ ហើយ​ក៏​មិន​សូវ​ចំណាយ​ពេល​វេលា​ច្រើន​មើល​ថែ​តាម​ដាន​វា​ដែរ។

សភាព​ដើម​ឈើ​របស់​បុគ្គលិក គឺ​ខ្ពស់ ខៀវ​ល្អ​ស្រស់​បំព្រង ឯ​ដើម​ឈើ​របស់​បុរស​ជា​គ្រូ​មើល​ទៅ​ធម្មតា តែ​ល្អ​គួរ​សម។ នា​យប់​មួយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ឡំ​នឹង​ខ្យល់​បោក​បក់ ​លុះ​ដល់​ព្រឹក​ឡើង អ្នក​ទាំង​ពីរ​បាន​ចេញ​មក​មើល​ការ​ខូច​ខាត​​ដើម​ឈើ​​ក្នុង​សួន​ពួក​គេ​ព្រម​ៗ​គ្នា។ ​

បន្ទាប់​ពី​ពិនិត្យ​រួច​ពួក​គេ​ឃើញ​លទ្ធ​ផល​ខូច​ខាត​ខុស​ៗគ្នា ដោយ​ដើម​​ឈើ​របស់​បុគ្គលិក​រលំ​ឫស​ដួល​​រាប​លើ​ដី ប៉ុន្តែ​ដើម​​ឈើ​បុរស​ជា​គ្រូ​មិន​ខូច​ខាត​អ្វី​ទាំង​អស់​ នៅ​ឈរ​ហ្នឹង​ថ្កល់ គ្រាន់​តែ​ជ្រុះ​ស្លឹក​តិច​តួច​ប៉ុណ្ណោះ។

បុរស​ជា​បុគ្គលិក​​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ឃើញ​សភាព​ដើម​ឈើ​បែប​នេះ រួច​លោក​បាន​ដាច់​ចិត្ត​ចូល​ទៅ​សួរ​បុរស​ជា​គ្រូ​ត្រង់​ៗ​ថា "​យើង​ទាំង​ពីរ​នាក់​ បាន​ដាំ​ដើម​ឈើ​ជាមួយ​គ្នា ហើយ​ខ្ញុំ​តែង​តែ​តាម​មើល​ដើម​ឈើ​របស់​ខ្ញុំ​បាន​ល្អ​ណាស់ និង​​ល្អ​ជាង​​​ដើម​ឈើ​លោក​គ្រូ​ទៀត​ ហើយ​ស្រោច​​ដាក់​ជី​ក៏​បាន​ច្រើន​​ជា​ប្រចាំ​ដែរ។ ហេតុ​អ្វី​ដើម​ឈើ​របស់​ខ្ញុំ​រលើង​ឫស​ទៅ​កើត បែរ​ជា​ដើម​ឈើ​របស់​លោក​គ្រូ​នៅ​ឈរ​មាំ​បែប​នេះ​ទៅ​វិញ?”

ពេល​បាន​ឮ​សំណួរ​នេះ​រួច​ភ្លាម​ លោក​គ្រូ​បាន​ញញឹម​បន្តិច រួច​និយាយ​ថា "​អ្នក​បាន​ស្រោច​ទឹក​ដាក់​ជី និង​យក​ចិត្ត​ទុក​ដាក់​ខ្វល់​ខ្វាយ​ចំពោះ​វា​ច្រើន​ពេក​ហើយ ដោយ​សារ​​តែ​ថែ​វា​ពេក​ ទើប​វា​មិន​អាច​រឹង​មាំ​ពេល​ជួប​ព្យុះ​ភ្លៀង។ ចង់​ឲ្យ​ដើម​ឈើ​រឹង​មាំ​ល្អ​កុំ​​ចំណាយ​ពេល​ជាមួយ​វា​ច្រើន​ពេក។ ​ខ្ញុំ​ស្រោច​​ទឹក​ល្មម​ៗ នោះ​ឫស​របស់​វា​ខំ​ប្រឹង​ចាក់​ចូល​ទៅ​ក្នុង​ដី​ដ៏​ជ្រៅ​ដើម្បី​ស្វែង​រក​ប្រភព​​ទឹក​បន្ថែម ធ្វើ​ឲ្យ​ដើម​របស់​វា​កាន់​តែ​មាំ​អាច​ទប់​កម្លាំង​ខ្យល់​ ដូច្នេះ​ហើយ​ទើប​វា​អាច​នៅ​ឈរ​រស់​ពេល​នេះ​បាន៕

តម្លៃ​អប់រំ​រឿង៖ ​រឿង​នេះ​បាន​ប្រៀប​ធៀប​ការ​មើល​ថែ​ដើមឈើ​ដូច​ជា​ការ​មើល​ថែ​កូន​ៗ​អីចឹង ប្រសិន​បើ​អ្នក​ផ្ដល់​អ្វី​ៗ​ឲ្យ​កូន​គ្រប់​សព្វ ​នោះ​ពួក​គេ​នឹង​មិន​យល់​ពី​កិច្ចការ​លំបាក​ក្នុង​ការ​ស្វះស្វែង​រក​ពន្លឺ​ជីវិត​​បាន​ទេ។ ពួក​គេ​នឹង​មិន​ប្រឹង​ប្រែង​​ធ្វើ​ការ​សម្រាប់​ខ្លួន​ឯង ហើយ​រង់​ចាំ​តែ​អ្នក​ដទៃ​ផ្ដល់​ឲ្យ។ ​ជួន​កាល​វា​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ណែនាំ ឬ​ចង្អុល​ផ្លូវ​ឲ្យ​ពួក​គេ​ ប្រសើរ​ជាង​ផ្ដល់​ឲ្យ​ស្រួល​ៗ។ សូម​​បង្រៀន​ពួក​គេ​ឲ្យ​រៀន​ដើរ​ខ្លួនឯង​ ហើយ​ឲ្យ​ដើរ​តាម​ផ្លូវ​ជីវិត​របស់​ពួក​គេ៕

រូបតំណាង

ប្រភព៖ បរទេស ប្រែសម្រួល៖ ឡេង ភារុណ