ក្តៅៗ! មេរោគ​មរណៈ Ebola ផ្ទុះឡើង​សារជាថ្មី នៅក្នុង​ប្រទេស...

  • 2017-05-13 03:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សុខភាព​ពិភពលោក World Health Organization ឬ​ហៅ​កាត់​ថា WHO បាន​ប្រកាស​ថា មេរោគ​មរណៈ Ebola បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ម្ដង​ទៀត​ហើយ នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ (Democratic Republic of Congo) ដែល​ជា​ប្រទេស​មួយ ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល។

បើ​តាម​ការ​អះអាង​របស់ WHO បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ឆ្លង​មេរោគ​មរណៈ Ebola នៅ​ភាគ​ឦសាន​ប្រទេស​នេះ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ជា​ជាង ១១ ០០០​នាក់​បាន​ស្លាប់ ដោយសារ​មេរោគ​មរណៈ Ebola នៅ​អាហ្វ្រិក​ខាង​លិច ក្នុង​ឆ្នាំ​២០១៤-២០១៥ ដោយ​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បំផុត គឺ​នៅ​ក្នុង​ប្រទេស ហ្គីណេ (Guinea) , សេរ៉ាឡេអូន (Sierra Leone) និង លីបេរីយ៉ា (Liberia)។ ការ​ផ្ទុះឡើង​ចុងក្រោយ​បង្អស់ នៃ​មេរោគ​មរណៈ Ebola គឺ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ កាល​​ឆ្នាំ​២០១៤ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៤០​នាក់។

អេបូឡា មាន​ប្រវត្តិ​យ៉ាង​ណា?

អេបូឡា(Ebola) គឺជា​មេរោគ​មរណៈ​មួយ ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ឆាប់រហ័ស និង​សាហាវ​បំផុត។ មេរោគ​នេះ​ផ្ទុះ​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៧៦ នៅ​ទីតាំង​ពីរ​កន្លែង​ផ្សេង​គ្នា។ ទី​តាំង​ទី​មួយ គឺ​កើត​ឡើង​នៅ​ក្នុង​ភូមិ​មួយ​ក្បែរ​ទន្លេ Ebola (យក​ធ្វើ​ជា​ឈ្មោះ​មេរោគ) នៅ​ក្នុង​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ ចំណែក​ឯ​ទីតាំង​ទី​ពីរ គឺ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​សាធារណរដ្ឋ​ស៊ូដង់។ មក​ដល់​ពេល​នេះ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​ការពារ​មេរោគ​នេះ​ទេ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​ដែល​អាច​បង្ការ​ការ​ឆ្លង​បាន។

អ្នក​ផ្ទុក​មេរោគ​អេបូឡា មាន​រោគសញ្ញា​អ្វី​ខ្លះ?​

មុន​ដំបូង​អ្នក​ជំងឺ​នឹង​ទទួល​រង​នូវ​អាការៈ​គ្រុន​ភ្លាមៗ​ដោយ​មិន​ដឹង​មូលហេតុ បន្ទាប់​មក​ចាប់​ផ្ដើម​ចុះ​ទន់​ខ្សោយ​ខ្លាំង ឈឺ​ចាប់​សាច់ដុំ ឈឺក្បាល និង​ឈឺ​បំពង់ក។ ក្រោយ​មក​វា​ក៏​វិវត្ត​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​មាន​ការ​ក្អួត​ចង្អោរ រាគ និង​មាន​កន្ទួល​ក្រហម​ជា​ច្រើន​គួរ​អោយ​ខ្លាច។ ក្រៅ​ពី​នេះ អេបូឡា​នឹង​ធ្វើ​ឲ្យ​តម្រង​នោម ថ្លើម​ចុះ​ខ្សោយ ហើយ​ករណី​មួយ​ចំនួន​អាច​មាន​ការ​ហូរ​ឈាម​នៅ​តាម​អវយវៈ​ផ្សេងៗ ទាំង​ក្នុង​ទាំង​ក្រៅ។ ចាប់​ពី​ពេល​ឆ្លង​មេរោគ​នេះ​រហូត​ដល់​ចេញ​រោគសញ្ញា មាន​រយៈ​ពេល​ចន្លោះ​ពី ២ ទៅ ២១ ថ្ងៃ​ប៉ុណ្ណោះ។

អេបូឡា ឆ្លង​ដោយ​របៀប​ណា?

មេរោគ​នេះ​អាច​ឆ្លង​បាន​តាម​ឈាម ទឹកមាត់ កម្អួត លាមក រួម​ទាំង​សារធាតុរាវ​ទាំង​ឡាយ​ដែល​មាន​នៅ​លើ​ខ្លួន​មនុស្ស​និង​សត្វ​ ដែល​ផ្ទុក​មេរោគ​នេះ។ នៅ​ពេល​ដែល​នរណា​ម្នាក់​នៅ​ក្នុង​សហគមន៍​មាន​ផ្ទុក​មេរោគ​អេបូឡា ការ​រីក​រាល​ដាល​នឹង​កើត​ឡើង​យ៉ាង​ឆាប់រហ័ស ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​តាម​រយៈ​ភ្នាស​កោសិកា​ស្បែក​ដែល​ខូច ទឹក​រងៃ​ដែល​កើត​ចេញ​ពី​ដំបៅ និង​សារធាតុ​រាវ​ផ្សេងៗ​ទៀត។ សំលៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​អ្នក​ជំងឺ គឺ​ជា​ប្រភព​មេរោគ​ដ៏​​គ្រោះថ្នាក់​បំផុត។​​ ប្រជាជន​នៅ​អាហ្វ្រិក​មួយ​ចំនួន​​ឆ្លង​មេរោគ​អេបូឡា​តាម​រយៈ​សត្វ​ព្រៃ ដូចជា​សត្វ​ស្វា​ហ្គោរីឡា និង​ជ្រឹង ដែល​ជា​ប្រភព​នៃ​មេរោគ​ដំបូង​បំផុត។ ការ​ប៉ះពាល់ និង​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ដែល​មាន​ផ្ទុក​មេរោគ​អេបូឡា សុទ្ធតែ​អាច​ចម្លង​មក​ខ្លួន​យើង​បាន​ទាំង​អស់។ ​​​​

ធ្វើ​យ៉ាង​ណា​ទើប​អាច​ការពារ​ខ្លួន​ពី​អេបូឡា​បាន?

១. រក្សា​អនាម័យ​ជា​ប្រចាំ

​វិធី​បង្ការ​មេរោគ​អេបូឡា ក៏​ដូច​ជា​មេរោគ​ផ្សេង​ៗ​ទៀត​ដែរ ​សំខាន់​បំផុត​គឺ​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​បំផុត ដោយ​ប្រើប្រាស់​សាប៊ូ​និង​ទឹក ឫ​ទឹក​លាង​សម្អាត​ដៃ​ដែល​មាន​សារជាតិ​អាល់កុល។ ​ ២. ជៀសវាង​ទៅ​តំបន់​ដែល​ផ្ទុះ​មេរោគ

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក ត្រូវ​ស្វែង​រក​ព័ត៌មាន​ពី​​តំបន់​ដែល​មាន​ការ​រីក​រាលដាល​មេរោគ​ប្រភេទ​នេះ ​​ដោយ​អាច​រក​បាន​តាម​រយៈ​គេហទំព័រ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ(សូមចុចទីនេះ) ដែល​នឹង​បង្ហាញ​លោក​អ្នក​ពី​តំបន់​ផ្ទុះ​ឡើង​នៃ​មេរោគ​អេបូឡា។

៣. ជៀសវាង​ការ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​ឆ្លង​ជំងឺ​នេះ

ត្រូវ​នៅ​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​អេបូឡា ព្រោះ​មេរោគ​នេះ​ងាយ​ឆ្លង​បំផុត​តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​រាងកាយ​របស់​អ្នកជំងឺ។

​​​៤. សាកសព​មនុស្ស​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា​ក៏​នៅ​តែ​ឆ្លង​ដែរ ដូចនេះ​មិន​ត្រូវ​ប៉ះពាល់​ជា​ដាច់ខាត សូម្បី​សម្ភារៈ​ដែល​អ្នក​ជំងឺ​នោះ​ប្រើ​ប្រាស់​ក៏​ដោយ។

៥. ប្រសិន​បើ​អ្នក​ត្រូវ​ទៅ​ជិត​អ្នក​ជំងឺ គួរ​ប្រើ​សំលៀក​បំពាក់​ការពារ​ជិត​ៗ ពាក់​ស្រោមដៃ ពាក់​ម៉ាស និង​របាំង​ការពារ​ភ្នែក។

៦. ជៀស​វាង​ការ​ប្រើប្រាស់​ម្ជុល​ដែល​ប្រើ​រួច និង​សម្ភារៈ​វេជ្ជសាស្ត្រ​ដែល​មិន​ទាន់​បាន​លាង​សម្អាត​មេរោគ។ ​​ ៧. ជៀសវាង​ទទួល​ទាន​សាច់​សត្វព្រៃ ឫ​សាច់ឆៅ

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង