វិធីសាស្ត្រ​​ចាយ​លុយ ពេល​សល់​តែ ៥០​ដុល្លារ​ ត្រឹម​ពាក់​កណ្ដាល​ខែ​

  • 2017-05-14 08:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាក់​ខែ​តិច​ក៏​ចាយ​ខ្វះ ដល់​តែ​ប្រាក់​ខែ​ច្រើន​ក៏​នៅ​តែ​ចាយ​ខ្វះ ហើយ​ឱ្យ​តែ​ពាក់​កណ្ដាល​ខែ​អស់​លុយ រលីង។ ​ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ​? ​លុយ​សល់​តែ​ ២០​ម៉ឺន ចំណែក​ថ្ងៃ​ដែល​ត្រូវ​អង្គុយ​រាប់​វិញ​ឡើង​​និយាយ​លែង​ចេញ​។ ​ប៉ុន្តែ​កុំ​បារម្ភ ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក ពី​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​ចាយ​លុយ​ត្បិតត្បៀត ពេល​ដាច់​លុយ​ម្ដងៗ​។

១. ​លុប​ចោល​រាល់​​ការ​ណាត់​ទាំង​អស់

​គីមឈុន អ្នក​ពូកែ​ ដាច់​លុយ​ម្នាក់​ប្រាប់​ថា ជា​ធម្មតា​ឱ្យ​តែ​ដើម​ខែ ​ពេល​បើក​លុយ​សឹង​មិន​ទាន់​តែង​មាន​ណាត់​ជាមួយ​មិត្ត​ភក្ដិ ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ​ទៅ​ញ៉ាំ​នេះ​ញ៉ាំ​នោះ មើល​កុន ​ជា​ដើម​។ ​ប៉ុន្តែ​មក​ដល់​ពាក់​កណ្ដាល​ខែ អាច​សល់​លុយ​ត្រឹម​ ៥០​ដុល្លារ ប៉ុណ្ណោះ​ ប្រសិន​បើ​នៅ​តែ​រក្សា​ពាក្យ​សច្ចៈ​ទៀត ប្រាកដ​ជា​ចុង​ខែ​ដាច់​ខ្យល់​មិន​ខាន​។ គីមឈុន ប្រាប់​ថា៖ "ការ​ណាត់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ត្រូវ​ប្រញាប់​លុប​ចោល​ជា​បន្ទាន់ អាច​និយាយ​រក​លេស​ដោះសា ១០០​ជំពូក​ទៅ​ព្រោះ ចុង​ខែ​គ្មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​ចិញ្ចឹម​យើង​ទេ"។

​​២. ​លុប​ចោល​រាល់​ការ​ចំណាយ​មិន​ចាំ​បាច់

គីមឈុន ដដែល​បន្ត​ទៀត​ថា ត្រូវ​វិភាគ​មើល​ទំហំ​ទឹក​ប្រាក់ និង​រយៈ​ពេល​ដែល​ត្រូវ​បន្ត​ដង្ហើម​ចង្រិត ​បើ​វិភាគ​ទៅ​ឃើញ​ថា លុយ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ អាច​ចាយ​មិន​គ្រប់​ រាល់​ការ​ចំណាយ​មិន​ចាំបាច់​ផ្សេងៗ​ត្រូវ​លប់​ចោល​ទាំង​អស់​។ ​ការ​ចំណាយ​មិន​ចាំបាច់​ទាំង​នោះ​រួម​មាន ទម្លាប់​ញ៉ាំ​បាយ​ក្រៅ​ផ្ទះ មើល​កុន ទិញ​សំលៀកបំពាក់ សម្ភារៈនិយម សេវា​អ៊ីន​ធើណេត​ ទាំង​នេះ​ត្រូវ​លប់​បំបាត់​ទាំង​អស់​។ ដូច្នេះ​អាច​បន្ត​ដង្ហើម​ចង្រិត ចាំ​ដល់​ថ្ងៃ​បើក​លុយ ត​ទៅ​ទៀត​។

​​ ៣. ​ស្តុក​អាហារ​សំខាន់ៗ​ទុក​ដែល​អាច​កែ​ច្នៃ​បាន

ចំណែល រមនា និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ​វិញ​លើក​ឡើង​ថា អាហារ​សំខាន់ៗ ត្រូវ​ចាំ​បាច់​ស្ដុក​ទុក ពេល​ដឹង​ជិត​ដាច់​លុយ​នោះ មាន​ដូច​ជា ត្រី​ខ មី ​សាច់​ប្រឡាក់ ត្រី​ប្រឡាក់ ទិញ​ត្រី ធ្វើ​ងៀត​ទុក​។ ​ដូច្នេះ​ពេល​ជិត​ដាច់​លុយ​ក៏​មិន​សូវ​ព្រួយ​បារម្ភ​ដាច់​បាយ​ដែរ ម្ហូប​នៅ​ផ្ទះ​មាន​ស្រាប់​ហើយ ឱ្យ​តែ​មាន​អង្ករ​ច្រក​ឆ្នាំង។ ​ក្រៅ​ពី​នោះ​លុយ​សល់​តិចតួច​ទុក​ចាក់​សាំង​ ទៅ​ធ្វើ​ការ​បាន​ហើយ កុំ​ទៅ​ចំណាយ​អ្វី​ក្រៅ​ពី​នឹង​ទៀត​ដាច់​ខាត​។

៤​. ​កំណត់​លុយ​ចាយ​ប្រចាំ​ថ្ងៃ​ឱ្យ​ច្បាស់​

ដោយ​ឡែក កញ្ញា​ រចនា បុគ្គលិក​ក្រុម​ហ៊ុន ឯកជន​មួយ​កន្លែង​ប្រាប់​ថា ត្រូវ​បែង​ចែក​កញ្ចប់​លុយ​សម្រាប់​ចំណាយ​ឱ្យ​ច្បាស់លាស់ ត្រូវ​យក​ចំនួន​លុយ ទៅ​ចែក​នឹង​ថ្ងៃ​ដែល​នៅ​សល់។ រចនា ប្ត​ទៀត​ថា ​ប្រសិន​បើ​លុយ​សល់​ ២០​ម៉ឺន​រៀល ចំណែក​ថ្ងៃ​ដែល​ត្រូវ​ចាយ​គឺ​ ២០​ថ្ងៃ។ ​ដូច្នេះ​ធ្វើ​យ៉ាង​ម៉េច កុំ​ឱ្យ​ចាយ​លើស​ពី​ ១​ម៉ឺន​រៀល​ឱ្យ​ក្នុង​មួយ​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​អត់​លិឍ​ហើយ​៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម