ក្តៅៗ​មាន​គេ​សង្ស័យ​ថា Avirl Lavigne ពិត​ប្រាកដ​បាន​ស្លាប់​ហើយ​ជំនួស​ដោយ​មនុស្ស​ថ្មី​!

  • 2017-05-16 08:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​អ្នក​វិភាគ​ទ្រឹស្ដី​ (Conspiracy Theorists) បាន​សន្និដ្ឋាន​ថា​ការ​ពិត​របស់​អ្នក​ចម្រៀង Avril Lavigne ពិត​ជា​ច្របូក​ច្របល់​ដូច​ចំណង​ជើង​បទ​ចម្រៀង​ “Complicated” របស់​នាង​អីចឹង​ មិន​មែន​​ធម្មតា​ដូច​ជា​យើង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នោះ​ទេ។

បើ​យោង​ទៅ​តាម​អ្នក​គាំទ្រ​របស់​នាង​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​បាន​ស្លាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​នាង​មាន​មនុស្ស​ស្រដៀង​នាង​ម្នាក់​ដើម្បី​រស់​នៅ​និង​ច្រៀង​ជំនួស​នាង។ តារា​ចម្រៀង​វ័យ​ ៣២​ឆ្នាំ​នេះ​គឺ​មិន​ទាន់​ស្លាប់​ទេ ប៉ុន្តែ​នៅ​តែ​មាន​ពាក្យ​ចចាម​អារ៉ាម​និង​ទ្រឹស្ដី​វែក​ញែក​ពី​នាង​ថា​ នាង​បាន​ស្លាប់​តាំង​ពី​ពេល​នាង​ចេញ​អាល់​ប៊ុម​ដំបូង​កាល​ពី​ឆ្នាំ​ ២០០២​​ មក​ម្ល៉េះ ហើយ​ស្រី​ម្នាក់​ដែល​មាន​រូប​រាង​ស្រដៀង​នាង​ឈ្មោះ Melissa Vandella បាន​រស់​នៅ​និង​ច្រៀង​ជំនួស​នាង​តាំង​ពី​ពេល​នោះ​មក។

ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ចាប់​ផ្ដើម​កើត​មាន​នៅ​វិប​សាយ​របស់​អ្នក​គាំទ្រ​ប្រេស៊ីល​តាំង​ពី​ឆ្នាំ ២០១៥​ មក​ម្ល៉េះ។ មាន​អ្នក​ប្រើប្រាស់​ក្នុង​វិប​សាយ​នោះ​ម្នាក់​បាន​ បង្ហោះ​ព័ត៌មាន​សន្និដ្ឋាន​ថា​ដោយ​សារ​តែ​សម្ពាធ​ពី​ភាព​ល្បី​ល្បាញ​ជា​តារា​ បូក​រួម​ជាមួយ​ការ​ស្លាប់​របស់​ជីតា​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ Avril សម្រេច​ចិត្ត​សម្លាប់​ខ្លួន​ខណៈ​ពេល​ដែល​ទើប​តែ​ចូល​សិល្បៈ។ បន្ទាប់​ពី​នាង​ស្លាប់ Avril ត្រូវ​បាន​គេ​ជំនួស​ដោយ​អ្នក​ថ្មី "New Avril” ដែល​ជា​អ្នក​សម្ដែង​រឿង​ម្នាក់​ឈ្មោះ​ថា Melissa Vandella ត្រូវ​បាន​ជួល​ដោយ​អ្នក​ចាត់​ចែង​របស់​ Avril ចេតនា​​ដើម្បី​រក​លុយ​ដោយ​ប្រើ​ឈ្មោះ​និង​រូប​រាង​តារា​ចម្រៀង​រូប​នេះ។

​អ្នក​វិភាគ​ទាំង​នោះ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​សំខាន់​របស់​នាង​ ដូច​ជា​ការ​តែង​ខ្លួន ប្រភេទ​បទ​ភ្លេង​ថ្មីៗ​របស់​នាង​ដែល​បាន​បង្ហាញ​នៅ​អាល់​ប៊ុម​ទី​២នៅ​ឆ្នាំ​២០០៤។ ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​គឺ​ការ​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់​របស់​នាង​ជា​របៀប​ស្រី​ធម្មតា​មិន​មែន​ Rock'n Roll ដូច​កាល​ពី​មុន​និង​ចង្វាក់​បទ​ភ្លេង​របស់​នាង​ពី​ Rock មក​ទៅ​ជា​លក្ខណៈ Pop វិញ​។

ទ្រឹស្ដី​នោះ​បាន​បញ្ជាក់​ទៀត​ថា តារា​ម្ចាស់​បទ "Sk8er Boi” រូប​នេះ​ចាប់​ផ្ដើម​ត្រូវ​គេ​ប្រមូល​ភស្តុតាង​ដែល​បាន​បង្ហាញ​ពី​រូប​ថត​របស់​នាង​ប៉ុន្មាន​ឆ្នាំ​ក្រោយ បាន​បង្ហាញ​ថា​ដៅ​ពី​កំណើត រូប​សាក់ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​ ជាពិសេស​រូប​រាង​ច្រមុះ​និង​ថ្គាម​របស់​នាង​គឺ​ប្រែប្រួល​យ៉ាង​ខ្លាំង។ ទោះ​បី​ជា​ការ​ផ្លាស់​ប្ដូរ​នោះ​ អាច​មក​ពី​ការ​វះ​កាត់​កែ​សម្រស់​ ឫ​ក៏​បច្ចេកទេស​​នៃ​ការ​ថត​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នក​សង្ស័យ​មិន​ចេះ​ចប់។

នេះ​មិន​មែន​ជា​លើក​ទី១ ទេ​សម្រាប់​តារា​ល្បី​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ស្លាប់​ហើយ​មាន​មនុស្ស​ជំនួស​បែប​នេះ តារា​ល្បីៗ​ដូច​ជា​​ Prince, Beyonce, និង Paul McCartney ក៏​ធ្លាប់​ត្រូវ​គេ​សង្ស័យ​ដូច​គ្នា៕ ​​​ ​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ