HTC U 11 ទូរសព្ទ​អាច​ច្របាច់​បាន ​ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2017-05-16 08:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ដើម​ឆ្នាំ​ ២០១៧ HTC បាន​បញ្ចេញ​ស្មាតហ្វូន​ថ្មី​ពីរ​ម៉ូដែល​គឺ U Ultra និង U Play ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​គាំទ្រ​ខ្លាំង​ឡើយ។ ពេល​នេះ​ HTC បាន​បញ្ចេញ​ស្មាតហ្វូន​មួយ​ម៉ូដែល​ទៀត​ HTC U 11 ដែល​មាន​ចំណុច​ពិសេស​ អាច​បញ្ជា​មុខងារ​តាម​រយៈ​ការ​ច្របាច់។

ការ​បញ្ជា​តាម​ការ​ច្របាច់​នេះ​ត្រូវ​បាន HTC ហៅ​ថា​​មុខងារ​ Edge Sense ដោយ​វា​​អាច​​ធ្វើ​ការ​បញ្ជា​​​​ដូច​ជា​ការ​​​ថត​រូប​តាម​រយៈ​ការ​ច្របាច់​តួ​ខ្លួន​ U 11 ជា​ដើម។ អ្នក​ប្រើ​ប្រាស់​អាច​កំណត់​បាន​ពី​កម្លាំង​ដែល​ត្រូវ​ច្របាច់​ដើម្បី​​បញ្ជា​ដំណើរ​ការ​​អ្វី​មួយ។ មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ U 11 អាច​ថត​សំឡេង​ជា​ប្រភេទ​ 3D បាន​ដោយ​ប្រើ​ប្រាស់​រន្ធ​ស្រូប​សំឡេង​ចំនួន​ ៤ បំពាក់​លើ​ទូរសព្ទ។

ការបង្ហាញពី Edge Sense

​រូបរាង​​ធ្វើ​ពី​កញ្ចក់​ និង មាន​សល់​គែម​សង​ខាង​ច្រើន​របស់​ HTC U 11 នេះ​ហាក់​មិន​មាន​ភាព​ទាក់​ទាញ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​​កម្លាំង​ម៉ាស៊ីន​អាច​​ប្រជែង​នឹង​ស្មាតហ្វូន​កំពូល​ដទៃ​បាន​ដោយ​ U 11 ​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 835។

ចំណែក​ RAM មាន​ប្រភេទ​ RAM ទំហំ​ 4 GB/អង្គ​ផ្ទុក​ទិន្នន័យ​ 64 GB និង ប្រភេទ RAM ទំហំ​ 6 GB/អង្គ​ផ្ទុក​ទិន្នន័យ​ 128 GB។

បំពាក់​ដោយ​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ Super LCD កម្រិត​ QHD និង មាន​ការពារ​ដោយ​អេក្រង់​ Gorilla Glass ជំនាន់​ទី​ ៥។ កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១២ MP, Aperture f/1.7, ប្រព័ន្ធ​រក្សា​លំនឹង​រូបភាព OIS, Flash ពីរគ្រាប់, អាច​ថត​វីដេអូ​កម្រិត​ 4K និង អាច​ថត​វីដេអូ​ Slow Motion កម្រិត​ ១២០ ប្លង់​ក្នុង​មួយ​វិនាទី។

កាមេរ៉ា​ Selfie មាន​កម្រិត​ធំ​ជាង​កាមេរ៉ា​ក្រោយ​ទៅ​ទៀត​ ដោយ​មាន​ដល់​ ១៦ MP, អាច​ថត​វីដេអូ​កម្រិត​ 1080p Full HD និង អាច​ថត​ Selfie ជា​លក្ខណៈ​ Panorama បាន។

HTC U 11 ប្រើ​រន្ធ​ USB Type-C និង លែង​មាន​រន្ធ​ដោត​កាស​ 3.5mm ទៀត​ហើយ។ ​ថ្ម​មាន​ទំហំ​ ៣០០០ mAh ដែល​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Quick Charge 3.0។

មិន​តែ​ប៉ុណ្ណោះ​​អាច​ធន់​នឹង​ទឹក​ និង ធូលី​ដី​បាន​ដោយ​មាន​កម្រិត​ការពារ​ IP67 ហើយ​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.1 Nougat។ U 11 មាន​ជម្រើស​ពណ៌​ចំនួន​ ៥ មាន​ដូច​ជា​ ប្រាក់, ខៀវ, ខ្មៅ, ស និង ពណ៌​ក្រហម ដែល​មាន​ដាក់​លក់​ចាប់​ពី​ឧសភា​នេះ​ ក្នុង​តម្លៃ​ ៦៥០ ដុល្លារ៕​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង