ព្យាយាម​គង់​បាន​សម្រេច ទី​បំផុត​ស្រី​ស្អាត​រូប​នេះ​យក​ឈ្នះ​បាន​មែន

  • 2017-05-17 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​វ័យ ២៣​ឆ្នាំ មឿង សុភ័ក្រ ដោយ​សារ​ការ​តស៊ូ​ចិញ្ចឹម​ចិត្ត​ស្រឡាញ់​សិល្បៈ​មិន​បោះបង់ ថែម​ទាំង​ព្យាយាម​ចាប់​ឱកាស​ម្ដង​ហើយ​ម្ដង​ទៀត ទី​បំផុត​នាង​បាន​សម្រេច​បាន ដោយ​ពេល​នេះ​នាង​បាន​ក្លាយ​ជា​សិល្បការិនី​តាម​បំណង មាន​ជំនាញ​ជា​តារា​ម៉ូដែល និង​សម្ដែង បើ​ទោះ​មុន​នេះ ឪពុក​ម្ដាយ​មិន​ពេញ​ចិត្ត​ក៏​ដោយ។

សុភ័ក្រ ដែល​កើត​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា ដំបូង​ឡើយ​ឪពុក​ម្ដាយ​នាង​មិន​គាំទ្រ​ឲ្យ​នាង​ចូល​សិល្បៈ​ទេ អីចឹង​ហើយ ទើប​នាង​បាន​បោះបង់​ចោល​ការងារ​សិល្បៈ​មួយ​អំឡុង​ឆ្នាំ ២០១២ ដែល​កាលណោះ នាង​បាន​ចូល​រួម​ប្រឡង​កម្មវិធី "Khmer Super Model” ក្រោយ​ពី​បរាជ័យ​ក្នុង​កម្មវិធី "King & Queen” ដែល​រៀប​ចំ​ដោយ​សាលា​ភាសា​អង់គ្លេស​របស់​នាង។

ក្នុង​កម្មវិធី "Khmer Super Model” សុភ័ក្រ ប្រាប់​ថា នាង​បាន​ជាប់​ដល់​វគ្គ ២០​នាក់​ចុង​ក្រោយ​ក្នុង​ចំណោម​បេក្ខជន​សរុប​ប្រមាណ ១៥០០នាក់។ កាល​ណោះ ដោយ​សារ​កម្មវិធី​តម្រូវ​ឲ្យ​ធ្វើ​កុងត្រា​ផង​ក្នុង​ចំណោម​អ្នក​ជាប់ ២០នាក់ ផ្សំ​នឹង​ឪពុក​ម្ដាយ​មិន​ចូល​ចិត្ត​សិល្បៈ នាង​ក៏​សម្រេច​ចិត្ត​ដក​ខ្លួន។ "ដោយ​សារ​គេ​តម្រូវ​ធ្វើ​កុងត្រា​ផង ប៉ាម៉ាក់ ក៏​បាន​បញ្ឈប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ធ្វើ​ទៅ ព្រោះ​ប៉ា​ម៉ាក់​ខ្ញុំ អត់​ចូល​ចិត្ត​សិល្បៈ"។

បើ​ទោះ​យ៉ាង​នេះ​ក្ដី និស្ស័យ​សិល្បៈ​មិន​អស់ នៅ​ឆ្នាំ ២០១៥ ក្រោយ​មើល​ទូរទស្សន៍​គេ​ផ្សាយ​កម្មវិធី​បង្ហាញ​ម៉ូដ Cambodian Next Top Model នាង​ក៏​បាន​លួច​ទៅ​ដាក់​ពាក្យ​ប្រឡង​ទៀត​ដោយ​មិន​ឲ្យ​ឪពុក​ម្ដាយ​នាង​ដឹង​ឡើយ។ ក្រោយ​ប្រឡង​សមត្ថភាព​ជា​ច្រើន​វគ្គ ស្រី​ស្អាត​រូប​នេះ មិន​ទទួល​លទ្ធផល​ល្អ​ទេ គឺ​នាង​បាន​ត្រឹម​វគ្គ ៦នាក់​ចុង​ក្រោយ​ប៉ុណ្ណោះ។

បែប​នេះ​ក្ដី លទ្ធផល​នេះ ក៏​បាន​សម្រេច​ក្ដី​ប្រាថ្នា​សិល្បៈ​របស់​នាង​ដែរ។ កញ្ញា មឿង សុភ័ក្រ ប្រាប់​ថា បន្ទាប់​ពី​កម្មវិធី​នោះ​មក នាង​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​នានា​ហៅ​ថត​ពាណិជ្ជកម្ម និង​ដើរ​ម៉ូដ​មក​ជា​ហូរហែ។ សម្រេច​បំណង​សិល្បៈ​បាន ឪពុក​ម្ដាយ​ក៏​លែង​ហាម​ឃាត់​ក្រោយ​ឃើញ ការងារ​កូន​ស្រី​រីកចម្រើន។

ថ្មី​ៗ​នេះ​ទៀត សុភ័ក្រ ទើប​បាន​ឈាន​ជើង​មក​ការងារ​សម្ដែង​ភាពយន្ត​ទៀត​ដោយ​បាន និង​កំពុង​ថត​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" ផលិត​ដោយ​ទូរទស្សន៍ TV8HD ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ។ មឿង សុភ័ក្រ មាន​វ័យ ២៣​​ឆ្នាំ កើត​នៅ​រាជធានី​ភ្នំពេញ ព្រម​ទាំង​មាន​បង​ប្អូន​ពីរ​នាក់ គឺ​បង​ប្រុស​នាង និង​នាង​ជា​កូន​ពៅ។ ឪពុក​របស់ សុភ័ក្រ គឺ​ជា​មន្ត្រី​រាជការ ឯ​ម្ដាយ​ជា​មេ​ផ្ទះ៕

អត្ថបទ៖ ស៊ុនហួត