ត្រណម​ចាស់ៗ​ ​ដែល​ហាម​​មិនគួរ​ធ្វើ​ពេល​ទារក​ទើបនឹង​កើត

  • 2017-05-18 07:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​ទើបនឹង​សម្រាលកូន​រួច ចាស់ៗ​បុរាណ​លោក​មាន​តំណម​មួយ​ចំនួន​ដែល​អ្នក​មិន​អាច​ធ្វើ​នៅមុខ​កូន​ទើប​នឹង​កើត​នោះ​ទេ​។​

រូបភាពបរទេស

លោក​យាយ សាំង អឹម អាយុ៧៨ឆ្នាំ រស់​​ បាន​និយាយ​ថា ចាស់ៗ​បុរាណ​បាន​ហាម​​​មិន​ឲ្យ​​និយាយ​ពាក្យ​សរសើរ​មួយ​ចំនួន​នៅ​ចំពោះ​មុខ​ទារក​​ដូចជា ៖ កូន​ស្អាត កូន​ល្អ​គួរ​ឲ្យ​ស្រឡាញ់​ មិន​លេង​ក្ដិច​ថ្ពាល់ មិន​ឲ្យ​និយាយ​ថា​កូន​ឆ្លាត​មិន​ងាយ​យំ ងាយ​បៅ​ទឹកដោះគោ​អស់ ឬ​ពាក្យ​សរសើរ​មួយ​ចំនួន​ទៀត ព្រោះ​ក្រោយ​ពេល​ដែល​គេ​លឺ​ គេ​នឹង​ធ្វើ​អ្វី​ប្រឆាំង​នឹង​ពាក្យ​សរសើរ​របស់​អ្នក​បាន​។​

លោក​យាយ​ បន្ត​ថា យើង​​មិន​គួរ​យក​ម្រាមដៃ​របស់​អ្នក​កេស​បាតជើង​របស់​កូន​លេង​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​ដើរ​របស់​គេ​នៅ​ពេល​ដែល​ធំ​ឡើង​។​ មួយ​ទៀត​គឺ​ហាម​មិន​ឲ្យ​ថើប​ មិន​ឲ្យ​សរសើរ​ថា ស្អាត ​​ព្រោះ​ថាបើ​យើង​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​មាន​គេ​ស្រឡាញ់​ដែរ និង​មក​លេង​សើច (ម្រេញគង្វាល ខ្មោច ព្រាយ ) ដែល​អាច​ធ្វើ​ឲ្យ​ទារក​យំ​អត់​ដេក ដោយ​ចាស់ៗ​លោក​ឲ្យ​និយាយ​ពាក្យ​ជំនួស​មក​វិញ​ថា​កូន​អី​អាក្រក់​ម្លេះ ( ស្អាតល្អ) គួរ​ឲ្យ​ស្អប់ម្លះ (គួរឲ្យ​ស្រឡាញ់)​ទៅ​វិញ​។

ជា​ចាស់​ទុំ​ដែល​ធ្លាប់​ដឹង​លឺរឿង​នេះ​ លោក​យាយ សាំង អឹម ​ បាន​រៀបរាប់​​ថា បើ​នៅ​ពេល​ដែល​កូន​ដេក យើង​​​មិន​គួរ​ថតរូប​ឲ្យ​គេ​ឡើយ ព្រោះ​ថា ការ​ថត​រូប​នៅ​កូន​ដេកលក់​វា​អាច​ជា​ប្រផ្នូល​អាក្រក់។ តែ​បើ​តាម​សម័យ​​វិទ្យាសាស្ត្រ​ ​ពេល​ដែល​កូន​​ក្រោក​ពី​ដេក ប្រសិន​​យើង​​ចង់​ថតរូប​ឲ្យ​គេ យើង​​មិនត្រូវ​បើក​ flash​ ឡើយ ព្រោះ​វា​អាច​ចាំង​ត្រូវ​ភ្នែក​កូន​ងាយ​ធ្វើ​ឲ្យប៉ះពាល់ដល់​ភ្នែក​កូន​​​​​។​

រូបភាព​បរទេស

លោក​យាយ​បាន​និយាយ​ទៀតថា បើ​ទារក​ដែលកើត​មក​​មិនទាន់​គ្រប់​៤​ខែ យើង​​មិន​គួរ​នាំ​គេ​ដើរ​លេង​​​​​នៅ​ពេល​យប់​ព្រលប់​ឡើយ ព្រោះ​ក្រោយ​ពេល​ដែល​ត្រឡប់​មក​ផ្ទះ​វិញ គេ​អាច​មិន​ដេក​ ហើយ​​យំ​រក​រឿង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​លួង​ឲ្យ​ដេក និង​ពិបាក​មើល​ថែ​ទាំ​ខ្លាំង​ណាស់ ​ដោយសារតែ​ពេល​ដើរ​នោះ​គេ​អាច​មើល​ឃើញ​របស់​កង្វក់​មិន​ល្អ​មួ​យ​ចំនួន ​(​ម្រេញគង្វាល ខ្មោច ព្រាយ ) ៕​

អត្ថបទ៖ ហេង នាង (CCJ)

រូបភាព៖ បរទេស