ព្រឹត្តិការណ៍​ពិភពលោក​គួរ​ឲ្យចាប់អារម្មណ៍​ថ្ងៃនេះ

  • 2017-05-17 05:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ព្រឹក​ក្រុម​ការងារ​សប្បាយ តែង​តែ​នាំ​មក​ជូន​កម្មវិធី The Front Page ដោយ​និយាយ​អំពី​ព្រឹត្តិការណ៍​ពិភព​លោក​​ខ្លះ​ៗកំពុង​កើត​មាន​ និង​កំពុង​ល្បី​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​នានា។ ដូច​សព្វ​មួយ​ដង ព្រឹក​​នេះ​យើង​បាន​នាំ​យក​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ ជូន​ប្រិយ​មិត្ត​បាន​អាន និង​​បាន​​ទស្សនា​វីដេអូ​ខាង​ក្រោម​។

១.កូរ៉េខាងត្បូង៖ ការ​អភិវឌ្ឍ​មីស៊ីល​កូរ៉េខាងជើង ដំណើរការ​លឿន​ជាង​ការ​រំពឹង​ទុក

នេះ​បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង លោក Han Min-koo បាន​បញ្ជាក់​ប្រាប់​សភា​ថា កាលពី​ថ្ងៃ​ទី១៦ ឧសភា ម្សិលមិញ។ ការ​បញ្ជាក់​ដូច្នេះ គឺ​ក្រោយ​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក កាលពី​ថ្ងៃ​ទី១៤ ឧសភា ២០១៧ ហើយ​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក ដែល​បាន​ដំឡើង​នៅ​កូរ៉េខាងត្បូង ចាប់​បាន​នូវ​ការ​វិវត្ត​របស់​មីស៊ីល​នោះ។

២.ដូណាល់ ត្រាំ ស្នើ FBI ឲ្យ​បញ្ឈប់​ការ​ស៊ើប​អង្កេត​លើ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ

ប្រធានាធិបតី​អាមេរិក បាន​ស្នើ​ប្រធាន​ចារកម្ម FBI លោក James Comey ឲ្យ​បញ្ជាក់​ការ​ស៊ើប​អង្កេត​អតីត​ទីប្រឹក្សា​សន្ដិជាតិ​របស់​សេតវិមាន លោក Michael Flynn និង​រុស្ស៊ី។ នេះ​បើ​តាម​កំណត់​ត្រា​របស់​លោក James Comey អំឡុង​ជួប​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ ក្រោយ​ការ​បណ្ដេញ​លោក Michael Flynn ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៧។ ប៉ុន្តែ​ខាង​សេតវិមាន បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuter

៣.អង្គការ​សហប្រជាជាតិ​ព្រមាន​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង​បន្ថែម​ទៀត

ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហ​ប្រជាជាតិ កាលពី​ថ្ងៃ​ទី១៥ ឧសភា ម្សិលមិញ បាន​ថ្កោល​ទោស​ការ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​របស់​កូរ៉េខាងជើង រួម​ទាំង​ព្រមាន​ថា នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​សកម្មភាព​បង្ក​ជម្លោះ​របស់​កូរ៉េខាងជើង។ សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង ១៥​ប្រទេស បាន​ជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ បង្ហាញ​ការ​តាំង​ចិត្ត​ក្នុង​ការ​បញ្ឈប់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ។

ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ គឺ​បន្ទាប់​ពី​កូរ៉េខាងជើង​​បាន​បាញ់​សាកល្បង​មីស៊ីល​ថ្មី​ចុង​ក្រោយ​មួយ​គ្រាប់​ទៀត​កាល​ពី​ព្រលឹម​ថ្ងៃ​អាទិត្យ​ទី ១៤​ឧសភា​​កន្លង​ទៅ​ដោយ​ហោះ​​ជាង ៧០០​គីឡូម៉ែត្រ​រួច​ធ្លាក់​នៅ​សមុទ្រ​ជប៉ុន។

ចំពោះ​សេចក្ដី​សម្រេច​ទណ្ឌកម្ម​ថ្មី​គេ​មិន​ទាន់​​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​ ក្នុង​ចំណោម​ទណ្ឌកម្ម​ទាំង​ឡាយ​ដែល​នឹង​ត្រូវ​ដាក់​មាន​ដូច​ជា ការ​ទប់​ស្កាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ធ្យូងថ្ម ​ប្រេង​រវាង​ចិន និង​កូរ៉េខាងជើង មាន​ន័យ​ថា​ចិន​អាច​នឹង​ឈប់​ទទួល​ទិញ​ធ្យូងថ្ម ឬ​ប្រេង និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​របស់​កូរ៉េខាងជើង។ សូម​ទស្សនា​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម