អ្វីទៅ​ជា​ Cyberspace? ចង់​ដឹង​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​ស្អែក​នេះ​នៅ CJCC

  • 2017-05-18 02:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារតែ​ភាព​ជឿន​លឿន​ឥត​ឈប់ឈរ​នៃ​បច្ចេកវិទ្យា និង​ជាពិសេស ការ​ប្រើប្រាស់​យ៉ាង​សំបូរ​បែប របស់​ប្រព័ន្ធ​អ៊ីនធឺណិត​ធ្វើ​ឲ្យ​សាយ​ប៊ើស្ប៉េស (Cyberspaceា) ក្លាយជា​ប្រធានបទ​មួយ ដែល​មានសារៈ​សំខាន់ និង​មាន​អត្ថន័យ​ទូលំទូលាយ។

ជាទូទៅ សាយប៊ើស្ប៉េស (Cyberspace) គឺ​ជាការ​ប្រើប្រាស់ បណ្តាញ​កុំព្យូរទ័រ និង​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​ដូចជា​នៅ​លើ​ទូរស័ព្ទ ដែល​មាន​ការ​តភ្ជាប់​គ្នា​ដោយ​ប្រព័ន្ធ​អ៊ិនធឺណេត និង​ឌីជីថល។ សាយ​ប៊ើ​ស្ប៉េស​ ​(Cyberspace) ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​ដូចជា ការ​កម្សាន្ត​​ និង​ការ​ចែករំលែក​ជាចំណេះ ដឹង​អំពី​បញ្ហា​សង្គម ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​ដល់​យុវជន​អំពី ឱកាស​ការងារ និង​ការសិក្សា ការ​ផ្សព្វផ្សាយ​ផលិតផល​និង​ពង្រីកអាជីវកម្ម និង​ជា​កន្លែង​ផ្ទុកទិន្នន័យ និង​ឯកសារ​យ៉ាង​សម្បូរ​បែប​សម្រាប់បុគ្គល គ្រឹះស្ថាន​ឯកជន និង​រដ្ឋ។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ ការ​ប្រើប្រាស់​សាយប៊ើស្ប៉េស (Cyberspace) ក៏ជួប​ប្រទះ​នឹង​បញ្ហាប្រ​ឈម​មួយចំនួន​ដូចជា  ការរំ​លោភបំពាន ​ និង​ការប្រើប្រាស់សាយប៊ើស្ប៉េស (Cyberspace) មិនត្រឹមត្រូវ​ពី​សំណាក់បុគ្គល ឬ​ក្រុម​ដែល​ប្រើប្រាស់​អ៊ិនធឺណេត ឧក្រិដ្ឋកម្ម ភេរវកម្ម ព័ត៌មាន​មិនពិត និង​បញ្ហាផ្សេងៗ​ដែល​ទាក់ទងនឹងសន្តិសុខ។

ដោយ​សង្កេត​ឃើញ​ពី​អត្ថប្រយោជន៍ ក៏ដូចជា​បញ្ហាប្រឈម​របស់ សាយប៊ើស្ប៉េស (Cyberspace) ​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​នឹង​រៀបចំ​សិក្ខា​សាលាមួយ​ក្រោម​ប្រធានបទ “ការ​សិក្សា​ស្វែងយល់ អំពី​គំរូ​អភិបាលកិច្ច​សាយប៊ើស្ប៉េស ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​និង​គោលដៅអភិវឌ្ឍន៍ ក្នុង​ប្រទេសកម្ពុជា-វិធី​សាស្រ្ត​ពហុទស្សនៈ​វិស័យ”។

សិក្ខា​សាលានេះ​នឹង​ប្រព្រឹត្តឡើងនៅថ្ងៃទី ១៩ ខែ​ឧសភា ឆ្នាំ២០១៧ នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។ សិក្ខាសាលានេះ​មាន​គោល​បំណង​លើក​កម្ពស់​ការយល់ដឹង​ក្នុង​ចំណោម​សិស្ស និស្សិត និង​សាធារណៈជន ដែលប្រើប្រាស់​សាយប៊ើស្ប៉េស (Cyberspace) អំពី​ផល​ប្រយោជន៍ បញ្ហា​ប្រឈម សិទ្ធិ និង​ទំនួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធឺណេត​ ក៏ដូចជា​ការ​ស្វែង​រក​គំនិត និង​គំរូ​អភិបាលកិច្ច​សាយប៊ើស្ប៉េស (Cyberspace) មួយ​ដ៏​សមស្រប​ដែល​អាច​ធ្វើ​អោយ​អ្នក​ប្រើប្រាស់ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​អតិបរមា​ពីការ​ប្រើប្រាស់​សាយប៊ើស្ប៉េស (Cyberspace) ដែល​ព្រមជា​មួយគ្នា​នោះ អាច​ជៀសវាង​ការប៉ះពាល់​ដល់គោលដៅ​អភិវឌ្ឍន៍ជាតិ​របស់​កម្ពុជា។

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​អញ្ជើញ​វាគ្មិនល្បីៗ ​និង​មាន​បទពិសោធន៍​ខ្ពស់ចំនួន ៧រូប ដែល​មាន​ដូចជា៖

១. លោក ពុយ គា ជាអ្នកឆ្លើយឆ្លងសារព័ត៌មាន ក្យូដូជប៉ុន

២. លោក ឧកញ្ញ៉ា ជី សិលា ជាអគ្គនាយកក្រុមហ៊ុនសប្បាយ ៣. លោក Steven Path ជាអគ្គនាយក​ក្រុមហ៊ុន Pathmazing និងជាប្រធានសហព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍

៤. ឯកឧត្តម ផុស សុវណ្ណ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន

៥. លោក អ៊ូ ផាន់ណារិទ្ធ​​ ជាប្រធាននាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍

៦. លោក ងួន សុភ័ក្រ្ត ជាសមាជិកសមាគមពាណិជ្ជករវ័យក្មេង និងជានាយកគ្រប់គ្រង SSPD គ្រុប ៧. លោក ស្រ៊ាង​ បូរមី ជានាយកគ្រប់គ្រងវីឌូស៊ែរ

លោក​វាគ្មិនទាំង៧រូប​នឹង​មកផ្តល់​ជា​ចំណេះដឹង និង​ចែករំលែក​បទពិសោធន៍​របស់​ពួកគាត់​ទាក់ទងនឹង សាយប៊ើស្ប៉េស ​(Cyberspace) ទៅដល់អ្នកចូលរួម។

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ជា​ស្ថាប័ន​ឯករាជ្យ​មិន​រកប្រាក់​ចំណូលមួយ ដែល​មាន​បំណង​ជួយ​ដល់​ការ​សម្រេច​អោយ​បាន​នូវគោលដៅអភិវឌ្ឍន៍ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​នឹង​ប្រមូល​ផ្តុំ​ធនធាន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍ជាតិ​តាមរយៈ ការ​រៀបចំ​ការ​ស្រាវជ្រាវ និង​គម្រោង ការ​ផ្តល់​ជា​កម្មវិធី និង​វេទិកា​សំរាប់​កិច្ចសន្ទនា​គោលនយោបាយ ការ​បណ្តុះបណ្តាល​ជំនាញ ការ​បង្កើត​និង​ផ្សព្វផ្សាយ​ចំណេះដឹង និង​គុណតម្លៃ៕

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម