​​កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​​ ​២០១៧​ ​នឹង​ផ្ដល់​សារប្រយោជន៍​ជាច្រើន​ដល់​​​សហគ្រិន​វ័យ​ក្មេង​នានា​​

  • 2017-05-19 05:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​ប្រជែង​​​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ​ឆ្នាំ​២០១៧​ ​ដែល​ហៅ​​កាត់​ថា​ CYEA (Cambodia Young entrepreneurs Award) ​បាន​​ និង​ ​កំពុង​ស្វែង​រក​សហគ្រិន​វ័យ​ក្មេង​នានា​​របស់​កម្ពុជា​ដែល​មាន​គំនិត​អាជីវកម្ម​ល្អ​ៗ​​និង​ ពោរ​ពេញ​​ដោយ​សមត្ថភាព​ ដើម្បី​គ្រង​តំណែង​ពាន​រង្វាន់​ខុស​ៗ​គ្នា​ចំនួន​៥​​ ប្រភេទ​សម្រាប់​ឆ្នាំ​នេះ​។​​

​​ក្នុង​ឱកាស​​ធ្វើ​បទ​បង្ហាញ​មួយ​​អំពី​កម្មវិធី​នេះ​​ ទៅ​កាន់​​បេក្ខជន​នានា​ ​លោក​​ ឃឹម​ ប៊ុន​ឡែន​ ​ប្រធាន​រៀប​ចំ​គម្រោង​​នៃ​​កម្មវិធី​​បាន​បញ្ជាក់​ថា​​ ​​កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​​ ២០១៧​​ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដូច​ជា​៖​ ​ស្គាល់​​បន្ថែម​ពី​​​សហគ្រិន​វ័យ​ក្មេង​ថ្មី​ៗ​​របស់​កម្ពុជា​​ និង​ ​ជំរុញ​លើក​ទឹកចិត្ត​ដល់​អ្នក​​​ទាំង​នោះ​។​

​មិន​តែ​ប៉ុណ្ណោះ​ ​​គឺ​ចង់​ស្វែង​រក​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​​​ដែល​ពោរ​ពេញ​ដោយ​​សមត្ថភាព​​​​ខ្ពស់​ទាំង​​កម្រិត​ជាតិ​ ​និង​ ​អន្តរជាតិ​​។​ ​លើស​ពី​នេះ​ទៅ​ទៀត​ ​សហគ្រិន​វ័យ​ក្មេង​ទាំង​នោះ​ ​​ក៏​នឹង​អាច​ទទួល​បាន​​ឱកាស​ក្នុង​ការ​​​វិនិយោគ​ពី​សំណាក់​វិនិយោគិន​នានា​ផង​ដែរ​។​

លោក​​ ឃឹម​ ប៊ុន​ឡែន​

ចំណែក ​លោក​ ​ជី​ សិលា​ ​នាយក​ប្រតិបត្តិ​​​នៃ​ក្រុម​ហ៊ុន​ Sabay Digital Corporation ​បាន​​ចែក​រំលែក​​ថា​ ​ជា​បទ​​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​​ ពេល​ដែល​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​គឺ​ ​​លោក​​បាន​ជួប​​នឹង​ឧបសគ្គ​​នានា​ជា​ច្រើន​ ​ដូច​ជា​ការ​ខ្វះ​ទំនុក​ចិត្ត​ពី​អតិថិជន​​ជា​ដើម​។​ ​ហេតុ​នេះ​ហើយ​ទើប​លោក​បាន​លើក​ទឹក​ចិត្ត​​ និង ​បំផុស​ជា​គំនិត​ក្នុង​ការ​បង្កើត​ជា​កម្មវិធី​ប្រភេទ​នេះ​ឡើង​ ​ដើម្បី​ជួយ​ដល់​សហគ្រិន​វ័យ​ក្មេង​របស់​កម្ពុជា​ក្នុង​ការ​ចាប់​ផ្ដើម​​​​​បង្កើត​គំនិត​អាជីវកម្ម​ល្អ​ៗ​​ ​និង ​​មាន​​ឱកាស​ធ្វើ​​ទំនាក់​ទំនង​ជាមួយ​សហគ្រិន​នានា​ជាដើម​​។​​ ​​​​

លោក​ ​ជី​ សិលា​

​​មួយ​វិញ​ទៀត​ ​លោក​​ ឃឹម​ ប៊ុន​ឡែន​ ​បាន​​រៀប​រាប់​ថា​ ​​សម្រាប់​ឆ្នាំ​ ២០១៧​នេះ​ ​​កម្មវិធី​មាន​ពាន​រង្វាន់​​​​​ទាំង​អស់​ចំនួន​​៥​ គឺ​៖​ ​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​​ឆ្នើម​ ​ពាន​រង្វាន់​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​​ ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​​​ផ្នែក​សង្គម​ ​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ផ្នែក​បច្ចេកវិទ្យា​វ័យ​ឆ្លាត​ និង ​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​​​កំពុង​ចាប់​​ផ្ដើម​អាជីវកម្ម​។​​ ​ចំណែក​បេក្ខជន​ដែល​មិន​បាន​​ទទួល​ជ័យ​លាភី​ ​ពួក​គាត់​ក៏​នឹង​ទទួល​បាន​​​​នូវ​បទ​ពិសោធន៍​ល្អ​​​​​​​​​​​ៗ​ក្នុង​ការ​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​កាន់​តែ​រឹង​មាំ​​​តទៅ​មុខ​ផង​ដែរ​​។​​ ​ព្រោះ​ថា​គណៈកម្មការ​វាយ​តម្លៃ​​គឺ​សុទ្ធ​សឹង​ជា​សហគ្រិន​ជោគ​ជ័យ​ និង​ មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​​​វិស័យ​ជំនួញ​​​ ​ដែល​ពួក​គាត់​នឹង​អាច​ផ្ដល់​​នូវ​​មតិ​​កែ​លម្អ​នានា​សម្រាប់​ការ​អភិវឌ្ឍន៍​​ផ្នែក​អាជីវកម្មថ្មីថ្មោង។​​​​

​​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​គឺ​៖ ​​​​សហគ្រិន​​ត្រូវ​មាន​អាយុ​​មិន​លើស​ពី​៤៥ឆ្នាំ​ ​អាជីវកម្ម​ត្រូវ​បាន​បង្កើត​នៅ​ប្រទេស​កម្ពុជា​ និង ​មាន​ភាគ​ហ៊ុន​យ៉ាង​តិច​៥១%​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ​។​ មិន​តែ​ប៉ុណ្ណោះ​ ​អាជីវកម្ម​ត្រូវ​ចុះ​បញ្ជី​ការ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ និង​ ​មាន​ដំណើរ​ការ​យ៉ាង​តិច​២ឆ្នាំ​។​ ​អាជីវកម្ម​ត្រូវ​មាន​បុគ្គលិក​អចិន្ត្រៃយ៍​យ៉ាង​តិច​៥នាក់​ ​ហើយ​ ​សហគ្រិន​ ​ឬ​ ​អាជីវកម្ម​មិន​ត្រូវ​បាន​ពាក់ព័ន្ធ​ជាមួយ​គណៈ​កម្មការ​ជ្រើសរើស និង ក្រុម​អ្នក​រៀបចំ​កម្មវិធី​។​ ​ជាពិសេស​មិន​​មែន​ជា​ប្រភេទ​អាជីវកម្ម​បែប​ល្បែង​ស៊ី​សង​ ​អាជីវកម្ម​ខុស​ច្បាប់​ ​ថ្នាំ​ជក់​ និង គ្រឿង​ស្រវឹង​នានា​ជា​ដើម​។​​

សម្រាប់​សហគ្រិន​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង​​នៅ​ក្នុង​កម្មវិធី​នេះ​ ​អាច​ចូល​ទៅ​កាន់​​វេប​សាយ​ http://cyeaward.com/ ឬ ​ទាក់​ទង​មក​កាន់​ទូរស័ព្ទ​លេខ​ ០៦៩ ៥៤៥ ៦៧៨ / ០៩៧ ២៥៧ ៨២៨៦​។​ ​​ផុត​កំណត់​ការ​​​ដាក់​ពាក្យ​នៅ​ថ្ងៃ​ទី​៣១​ ​ខែ​ ​ឧសភា​ ឆ្នាំ​ ​២០១៧​ ​ខាង​មុខ​នេះ​​ ហើយ​ការ​ចុះ​ឈ្មោះ​ចូល​រួម​គឺ​ដោយ​​​សេរី​ និង ​​មិន​គិត​ថ្លៃ​​ឡើយ​៕

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម