ឡើង​អនុប្រធាន​ភ្លាម​ ឧកញ៉ា​​ចិត្ត​ធម៌​ប្តេជ្ញា​ជួយ​រាល់​ទុក្ខ​លំបាក​អ្នក​ប្រដាល់​ខ្មែរ​

  • 2017-05-19 23:07:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​លោក​ឧកញ៉ា​ ស្រី ចាន់ថន ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​កិត្តិយស​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​នេះ​​​ជា​សញ្ញា​​ដ៏​ល្អ​មួយ​សម្រាប់​សហព័ន្ធ​ដែល​មាន​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព​ និង​ហិរញ្ញវត្ថុ។

​បន្ទាប់​ពី​ទទួល​បាន​ការ​តែង​តាំង​​ពី​ឯក​ឧត្តម​ តែម​ ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​ភ្លាម​ លោក​ឧកញ៉ា​ ស្រី ចាន់​ថន​ បាន​ប្តេជ្ញា​ជួយ​ដល់​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ល្បី​សុះសាយ​ទាំង​ប្រទេស​ និង​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក។ ជា​ពិសេស​លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡាករ​ម្នាក់​ៗ​កាន់​តែ​មាន​សមត្ថភាព​ខ្ពស់​​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។

លោក​ឧកញ៉ា​​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ឧកញ៉ា​ចិត្ត​ធម៌​បាន​សង្កត់​ធ្ងន់​ថា​ នឹង​ជួយ​សម្រួល​រាល់​ការ​លំបាក​របស់​កីឡាករ​ និង​កីឡា​ការិនី​គ្រប់​រូប។ បញ្ហា​លំបាក​កន្លង​មក​របស់​អ្នក​ប្រដាល់​​ដូច​ជា​​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ ខ្វះ​ខាត​ថវិកា​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​នៅ​ក្រៅ​ប្រទេស​ បញ្ហា​រដ្ឋបាល​ផ្សេង​ៗ​ និង​​ជំងឺ​ឈឺ​ថ្កាត់​របស់​កីឡាករ​ កីឡា​ការិនី​ លោក​​នឹង​ជួយ​សម្រួល​ទាំង​អស់។

លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​បញ្ជាក់​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ លោក​ពុំ​សូវ​ចាប់​អារម្មណ៍​ ឬ​ស្គាល់​អ្នក​ប្រដាល់​កម្ពុជា​ឡើយ​ សូម្បី​តែ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ប្រដាល់​ខ្មែរ​ក៏​លោក​មិន​ស្គាល់​ផង។ ប៉ុន្តែ​នៅ​ពេល​លោកបាន​ឃើញ​​កីឡាករ​ មឿន សុខហ៊ុច​តាម​ Facebbook​​ ដែល​បាន​ចេញ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ថៃ​ប្រកប​ដោយ​ជោគជ័យ​ និង​មិន​សូវ​មាន​អ្នក​ឧបត្ថម្ភ​គាំទ្រ​ ​ដូច្នេះ​លោក​ក៏​សម្រេច​ជួយ​ឧបត្ថម្ភ​​ថវិកា និង​យក​ធ្វើ​ជា​ប្អូន​ធម៌​ថែម​ទៀត។ បន្ទាប់​​មក​លោកក៏​បាន​ជួយ​ឧបត្ថម្ភ​កីឡាករ​ផ្សេង​ៗ​ទៀត​ និង​ស្គាល់​កីឡាករ​​ប្រដាល់​កាន់​តែ​ច្រើន​ ហើយ​អារម្មណ៍​កាន់​តែ​ស្រលាញ់​កីឡា​ប្រដាល់​​គុន​ខ្មែរ​ខ្លាំង​ឡើង​រហូត​ទទួល​យក​មុខ​ងារ​ជា​អនុប្រធាន​កិត្តិយស​​ដើម្បី​​ជួយ​កីឡា​ប្រដាល់​ខ្មែរ​ទ្វេ​ឡើង៕​

ស្តាប់​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា


អត្ថបទ៖ ជាន ចាន់រ៉ា