លេង​សើច​ម៉េច​បាន តារា​ចម្រៀង មាស សារិទ្ធ ត្រៀម​ចេញ​​កើប​ប្រាក់​ទៀត​ហើយ!

  • 2017-05-20 02:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង មាស សារិទ្ធ បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ដើម​ខែ ​មិថុនា ឆ្នាំ ២០១៧​ខាង​មុខ​នេះ ខ្លួន​នឹង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កាណាដា ដោយ​​​ការ​ចេញ​ទៅ​​លើក​​នេះ គឺ​ជា​លើក​ទី២​ហើយ​ក្នុង​​ប្រទេស​មួយ​នេះ។

លោក​បាន​ប្រាប់​ថា មាន​តែ​​លោក​ម្នាក់​គត់​ត្រូវ​បាន​ម្ចាស់​​ Sponsor ធានា​ទៅ​ច្រៀង ហើយ​ពេលវេលា​នៃ​ការ​ច្រៀង​នោះ មាន​ចំនួន៣ខែ។ បច្ចុប្បន្ន​រាល់​បែប​​ឯកសារ​ត្រូវ​បាន​​ស្ថាន​ទូត យល់ព្រម​រួច​ហើយ​នៅ​តែ​ចាំ​តែ​ដល់​ថ្ងៃ​ចេញ​ដំណើរ​ប៉ុណ្ណោះ។

មូលហេតុ​ដែល​នាំ​ឲ្យ លោក មាស សារិទ្ធ មាន​ឱកាស​បាន​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ម្ដង​ហើយ​ម្ដង​ទៀត​បែប​នេះ ​ ត្រូវ​​តារា​ចម្រៀង​បាន​លើក​បញ្ជាក់​ប្រាប់​ថា មក​ពី​​ម្ចាស់​​ Sponsor ពេញ​ចិត្ត ព្រោះ​លោក​​អាច​ច្រៀង​​បទ​ចម្រៀងប្រជាប្រិយ​ច្រើន ធ្វើ​ឲ្យ​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ពេញ​ចិត្ត។ "បង​ប្អូន​ខ្មែរ​យើង​នៅ​ទី​​នោះ គាត់​ចូល​ចិត្ត​​បទ​ពី​ដើម​ៗ រាំ​លេង ដូច​ជា​រាំវង់ ឆាត​ឆាត​ឆា ញាក់​អី​ហ្នឹង ចឹង​បទ​ទាំង​ហ្នឹង​ត្រូវ​ជំនាញ​ខ្ញុំ​ហើយ ចឹង​​បាន​គេ​ចេះតែ​ចង់​បាន​ខ្ញុំ​ទៅ​ហ្នឹង"។ កូន​ប្រុស លោក មាស សារ៉ាន់ ថ្លែង។

ខុស​ពី​តារា​ចម្រៀង​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​ហាត់​សម​មុន​ចេញ​ទៅ​ច្រៀង ប៉ុន្តែ​សម្រាប់​តារា​ចម្រៀង មាស សារិទ្ធ មិន​ចាំ​បាច់​ហាត់​សម​​អ្វី​ឡើយ ។ ដោយ​លោក​លើក​ឡើង​ថា ខ្លួន​ឆ្អិន​នឹង​បទ​ចម្រៀង​ទាំង​អស់​ហើយ ត្បិត​អី​រាល​ថ្ងៃ​នេះ លោក​ចេញ​​ច្រៀង​ស្ទើរ​គ្មាន​សម្រាក​នៅ តាម​រោងការ​ក៏​ដូច​ជា​ឡើង​ច្រៀង​នៅ​តាម​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ។

នេះ​ជា​​ប្រទេស​ទ៣​ហើយ​ដែល លោក​មាស សារិទ្ធ ​ធ្លាប់​ចេញ​ទៅ​ច្រៀង ក្នុង​​អាជីព​សិល្បៈ​របស់​លោក។ កន្លង​មក តារា​ចម្រៀង​រូប​នេះ ធ្លាប់​ទៅ​ច្រៀង​នៅ​ប្រទេស​​បារាំង​ចំនួន​៧លើក ប្រទេស​អូស្ត្រាលី​ចំនួន១លើក និង ប្រទេស កាណាដា២លើក ៕

អត្ថបទ៖ ស៊ុនហួត