គីម ហ៊ាង តស៊ូរៀនដល់អស់ថ្នាក់ ដើម្បីបំណងម្ដាយស្លាប់ចោលពី២០ឆ្នាំមុន​ តែឆ្លងកាត់រឿងនឹកស្មានមិនដល់​

  • 2017-05-20 03:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គីម ហ៊ាង ​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ទើប​តែ​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បណ្ឌិត​ ដោយ​ជោគជ័យ កាល​ពី​ម្សិល​មិញ​នេះ នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។ ​អ្វី​ដែល​គួរ​ឱ្យ​កោត​​សរសើរ​នោះ លោក​តស៊ូ​រៀន​រហូត​ដល់​ចប់​ថ្នាក់​នេះ ព្រោះ​ដើម្បី​បំពេញ​គោល​បំណង​ធំ​ម្ដាយ​របស់​លោក​ដែល​ស្លាប់​តាំង​ពី ២០​ឆ្នាំ​មុន​ ហើយ​​តែង​និយាយ​ថា "​កូន​ត្រូវ​រៀន​ឱ្យ​ចប់​ថ្នាក់​ ណា​កូន​"។

ម្ចាស់​ក្រុមហ៊ុន​ KHMER REAL ESTATE Co.,LTD រូប​នេះ​បាន​និយាយ​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ថា៖ "អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ ឱ្យ​តស៊ូ​រៀន​រហូត​ចប់​ថ្នាក់​បណ្ឌិត​នោះ ព្រោះ​ចង់​បំពេញ​បំណង​ដ៏​ធំ​បំផុត របស់​ម្ដាយ​ខ្ញុំ ដែល​ចង់​ឱ្យ​ខ្ញុំ​រៀន​ឱ្យ​ចប់​ថ្នាក់ ប៉ុន្តែ​គាត់​បាន​ស្លាប់​ចោល​ខ្ញុំ ២០​ឆ្នាំ​មក​ហើយ​"។ លោក​ គីម ហ៊ាង បាន​រំលឹក​ទៅ​កាន់​អតីត​កាល​ថា កាល​​លោក​នៅ​ក្មេង​ជីវភាព​គ្រួសារ​ធូរធារ​ណាស់ នៅ​ភូមិ​បាវិត​លើ ឃុំ​បាវិត ស្រុក​ចន្រ្ទា ​ខេត្ត​ស្វាយរៀង​ តែ​ពេល​រៀន​នៅ​វិទ្យាល័យ ​ការ​រក​ស៊ី​ក្នុង​គ្រួសារ​ចាប់​ផ្ដើម​ធ្លាក់​ចុះ ហើយ​ម្ដាយ​ក៏​បាន​ស្លាប់​ទៀត​ក្នុង​ឆ្នាំ ១៩៩៧ ពេល​នោះ​ហើយ អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​។

ទោះ​បី​ជា​ជីវភាព​គ្រួសារ​ធ្លាក់​ចុះ​ តែ​លោក​មិន​ដែល​បោះបង់​ការ​តស៊ូ​ឡើយ នៅ​ពេល​ដែល​ប្រឡង​បាក់​ឌុប​ជាប់​ក្នុង​ឆ្នាំ ១៩៩៨​ នៅ​វិទ្យាល័យ​ស្វាយ​រៀង​ លោក​ក៏​សម្រេច​ចិត្ត​​យក​ជីវិត និង​ក្ដី​សុបិន​​មក​ផ្សង​ព្រេង​រស់​នៅ​រាជធានី​ភ្នំពេញ ​ដោយ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​រត់​តុ ​នៅ​ក្លឹប​កម្សាន្ត​ឌីស្កូ និង​KTV នៅ​អគារ​ Parkway ចាប់​ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង ២​ទាប​ភ្លឺ​ជា​រៀងរាល់​ថ្ងៃ​។

លោក​បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​កំឡុង​ឆ្នាំ ១៩៩៨​-២០០៣​ ហើយ​អ្វី​ដែល​លោក​ចាំ​មិន​ភ្លេច និង​បាន​បញ្ចប់​ការ​​សិក្សា​ថ្នាក់​អនុបណ្ឌិត ​នៅ​សាកលវិទ្យាល័យ​បៀល​ប្រាយ​រហូត​ជោគជ័យ​ក្នុង​ឆ្នាំ ២០០៦​​។ អ្វី​ដែល​លោក​ចាំ​មិន​ភ្លេច​នោះ គឺ​ឪពុក​របស់​លោក​បាន​យក​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ​ ដើម្បី​យក​លុយ​ឱ្យ​កូន​រៀន ​និង​បង​ប្រុស​បង្កើត​របស់​លោក​ បាន​និយាយ​ថា៖ "ប្អូន​ត្រូវ​ខិតខំ​រៀន​ឱ្យ​ចប់ រឿង​លុយ​ចាំ​បង​ជា​អ្នក​រក បង​មិន​រៀបការ​ទេ ចាំ​ដល់​ប្អូន​រៀន​ចប់​"។

មក​ដល់​ឆ្នាំ ២០០៧ ​ដើម្បី​សម្រេច​បំណង​របស់​ម្ដាយ លោក​ក៏​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត នៅ​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប ខណៈ​ដែល​លោក​បាន​ក្លាយ​ជា​ម្ចាស់​ក្រុម​ហ៊ុន KHMER REAL ESTATE Co.,LTD ហើយ​នោះ​។ ​លោក​ គីម ហ៊ាង ប្រាប់​ទៀត​ថា ការ​សិក្សា​របស់​លោក​មិន​អាច​ទៅ​ដោយ​រលូន​នោះ​ទេ ព្រោះ​រវល់​ខ្លាំង​ជាមួយ​ការងារ ប៉ុន្តែ​យ៉ាង​ណា​ក្ដី​លោក​ក៏​មិន​ដែល​គិត​ចង់​បោះបង់​។

មក​ដល់​ឆ្នាំ ២០១៧ នេះ​លោក​មាន​វ័យ ៣៨​ឆ្នាំ ហើយ​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត ប្រកប​ដោយ​ភាព​ជោគជ័យ​បំផុត។ ​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា ប្រាប់​ថា សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​នេះ មិន​មែន​សម្រាប់​តែ​លោក​ម្នាក់​ទេ​គឺ​សម្រាប់​ម្ដាយ ឪពុក និង​បង​ប្រុស ដែល​តែង​ផ្ដល់​កម្លាំង​ចិត្ត​រហូត​មក​៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម