ប៉ុន្មាន​ចំណុច​នេះ​ ល្មម​ដក​ចិត្ត​បាន​ពី iPhone 7 Plus រើស​យក​ HTC U11 ជំនួស​វិញ​

  • 2017-05-20 04:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​នៃ​ម៉ូដែល​ U11 បាន​ប្រែ​ក្លាយ​ជា​ស្មាតហ្វូន​កំពូល​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​ HTC ដោយឡែក​បើ​ធៀប​ទៅ​នឹង​គូ​ប្រកួត​ប្រជែង​របស់​វា​ iPhone 7 Plus របស់​ Apple វា​ក៏​មិន​ណយ​នោះ​ដែរ​។​ ថ្ងៃ​នេះ Sabay លើក​យក​នូវ​ចំណុច​មួយ​ចំនួន​នៃ​ការ​ប្រៀបធៀប​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ ជា​ច្រើន​ចំណុច​រវាង​ស្មាតហ្វូន​ទាំង ២ ដោយ​ចម្លើយ​ចុង​ក្រោយ​ហ៊ាន​និយាយ​ថា ការ​ជ្រើស​រើស​ HTC U11 ជា​ជម្រើស​ល្អ​ជាង​។

១.លក្ខណៈ​សម្បត្តិ​គ្រឿង​: វា​ងាយ​ណាស់​បើ​យើង​លើក​យក​ស្មាតហ្វូន​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ Android តែ​មួយ​មក​ប្រៀប​ធៀប​គ្នា ប៉ុន្តែ​បើ​ជាមួយ​ iOS នោះ​អាច​ជា​ពិបាក​បន្តិច​។​ U11 បាន​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​ Snapdragon 835 របស់​ Qualcomm ដែល​មាន​ទំហំ RAM 4GB + ROM 64GB (ទីផ្សារ​អាមេរិក) និង​ទំហំ RAM 6GB + ROM 64/128GB (ទីផ្សារ​សកលលោក)​ ចំណែក​ឯ​ i7 Plus ឯ​ណោះ​វិញ វា​បំពាក់​នូវ​ឈីប A10 Fusion របស់ Apple ហើយ​មាន​ RAM 3GB និង​ ROM 32,128,256GB ខណៈ​ដែល​វា​ពុំ​មាន​រន្ធ​ដោត​បន្ថែម​ microSD Card ពី​ខាង​ក្រៅ​ដូច​ទៅ​នឹង U11 ឡើយ​។​ ចំពោះ​ការ​ប្រៀបធៀប​ល្បឿន​ជាក់​ស្ដែង​ តាម​ពិត​ទៅ​វា​មិន​ទាន់​មាន​ការ​លេចចេញ​ជា​ផ្លូវ​ការ​នោះ​ទេ ថា​រវាង​ស្មាតហ្វូន​ទាំង ២ មួយ​ណា​ដំណើរការ​លឿន​ជាង ម្ល៉ោះ​ហើយ​ត្រង់​ចំណុច​នេះ សូម​កាត់​សេចក្ដី​ថា​ស្មើ​គ្នា​។ ២.ការ​រចនា​និង​អេក្រង់​: iPhone 7 Plus ជា​ស្មាតហ្វូន​មាន​ការ​រចនា​ខ្ពស់​ក្រោយ​គេ​បង្អស់​របស់​ Apple ចំណែក​ឯ​ U11 វា​ក៏​រាង​ប្លែក​ជាង​ត្រកូល​មុនៗ​ផង​ដែរ​។​ ខ្នង​ក្រោយ​របស់ U11 មាន​ត្រឹម​តែ Logo HTC និង​កាមេរ៉ា​ធម្មតា បើ​និយាយ​ពី​កម្រាស់​តួ​ខ្លួន​ HTC U11 រាង​ក្រាស​ជាង​ iPhone បន្តិច​ ប៉ុន្តែ​វា​មិន​ជា​បញ្ហា​ចោទ​នោះ​ទេ​។​ យ៉ាងណាមិញ​ស្មាតហ្វូន​ទាំង ២ ពុំ​មាន​រន្ធ​ដោត​កាស​ដូច​គ្នា បើ​អ្នក​ប្រើប្រាស់​ចង់​ស្តាប់​តន្រ្តី​ លុះ​ត្រា​តែ​ភ្ជាប់​ជាមួយ​កាស​ Bluetooth ឫ​តាម​ខ្សែ USB-C/Lightning  ។

បើ​និយាយ​ពី​អេក្រង់ វា​ទាំង​ ២ មាន​អេក្រង់​ ៥,៥ អ៊ីញ​ប៉ុន​គ្នា ប៉ុន្តែ​អេក្រង់​ iPhone អន់​ជាង U11 ព្រោះ​វា​ជា​ប្រភេទ LCD ធម្មតា​ខណៈ​ U11 ជា​ប្រភេទ S-LCD ហើយ​កម្រិត​រូបភាព​ច្បាស់​ iPhone មាន​ត្រឹម​តែ ១០៨០ x ១៩២០ ភីកសែល ដែល​មាន​ដង់ស៊ីតេ​អេក្រង់ 401ppi ហើយ​ U11 មាន​ដល់​ទៅ ១៤៤០ x ២៥៦០ ភីកសែល​ ដែល​មាន​ដង់ស៊ីតេ​អេក្រង់ 535ppi ។​ សរុប​មក​ចំណុច​ទី ២ នេះ យើង​ហ៊ាន​លើក​ឡើង​ថា​ U11 ជា​អ្នក​ឈ្នះ​។​ ៣.ទំហំ​ថាមពល​ថ្ម​និង​ការ​សាក​: ចំពោះ​ទំហំ​ថាមពល​ថ្ម​ HTC U11 មាន​ ៣០០០ មី​លី​អំពែ​ម៉ោង ចំណែក​ឯ​ iPhone 7 Plus មាន​ ២៩០០ មី​លី​អំពែ​ម៉ោង ដែល​មិន​ជា​ខុស​គ្នា​ច្រើន​នោះ​ទេ​ ប៉ុន្តែ​របាយការណ៍​ច្បាស់លាស់​មួយ​បង្ហាញ​ថា សម្រាប់​ការ​និយាយ​សុទ្ធ​ក្នុង​ថាមពល​ថ្ម​មួយ​ពេញ U11 អាច​ប្រើ​បាន​ដល់ ២៤,៥ ម៉ោង​ខណៈ​ iPhone 7 Plus បាន​ត្រឹម​តែ ២១ ម៉ោង​ប៉ុណ្ណោះ​។​ ចំពោះ​ការ​សាក​ថ្ម​ HTC U11 បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Quick Charge ជំនាន់ 3.0 ដែល​អនុញ្ញាត​ឱ្យ​យើង​ចំណាយ​ពេល​សាក​ថ្ម​ក្នុង​ថេរ​វេលា​តិច​ ជាង​ iPhone 7 Plus ដែល​ពុំ​មាន​មុខងារ​សាក​ថ្ម​​ពិសេស​អ្វី​ទាំង​អស់​។ ត្រង់​ចំណុច​នេះ ក៏​អាច​និយាយ​ថា HTC U11 ឈ្នះ​ទៀត​ហើយ​។​ ៤.កាមេរ៉ា​: ទាក់ទង​នឹង​កាមេរ៉ា​ថត​រូប​សម្រាប់​ត្រកូល​ iPhone នរណា​ក៏​ល្បី​នោះ​ដែរ ដោយ​ឆ្នាំ​ទៅ​ 7 Plus បាន​ប្រើប្រាស់​នូវ​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ​ទំហំ 12MP ភ្ជាប់​មុខងារ​ទប់​លំនឹង​ OIS ហើយ​មាន​ Aperture f/1.8 បន្ថែម​នឹង​មុខងារ​ Optical Zoom 2x ។ សម្រាប់ HTU 11 មាន​កាមេរ៉ា​ 12MP និង​មាន​ Aperture f/1.7 ហើយ​មុខងារ​ទប់​លំនឹង​រូបភាព OIS គ្រាន់​ថា​ការ​រចនា​ U11 ពុំ​មាន​កាមេរ៉ា​ភ្លោះ​នោះ​ទេ​។​ ប៉ុន្តែ​តាម​ការ​ឱ្យ​ពិន្ទុ​នៃ​ការ​តេស្ត​មើល​ផ្នែក​កាមេរ៉ា​ពី​ក្រុម​ Dx0Mark ម៉ូដែល​ U11 ទទួល​បាន​ពិន្ទុ ៩០ យក​ឈ្នះ​លើ i7 Plus បាន​ពិន្ទុ ៨៦ ដោយ​ការ​ថត​រូប​នៅ​ទី​ងងឹត​ HTC ធ្វើ​បាន​ល្អ​ជាង​។​ សម្រាប់​កាមេរ៉ា​មុខ​ U11 អាច​ធ្វើ​បាន​ល្អ​ជាង​ ដោយ​ i7 Plus មាន​ទំហំ​ត្រឹម​ 7MP Aperture f/2.2 រី​ឯ HTC U11 មាន​ដល់​ទៅ 16MP ឯណោះ​។​ ត្រង់​ចំណុច​នេះ​បើ​និយាយ​ជា​រួម​ U11 ជា​អ្នក​ឈ្នះ ក្នុង​ករណី​ពិសេស​មួយ​ចំនួន​ធំ ប៉ុន្តែ​ iPhone ក៏​ធ្វើ​បាន​ល្អ​ត្រង់​ការ​រចនា​ថ្មី​នៃ​កាមេរ៉ា​ភ្លោះ​និង​ប្រព័ន្ធ Software របស់​វា​។ ៥.ប្រព័ន្ធ​ Software: ត្រង់​ចំណុច​នេះ គឺ​សំខាន់​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ​តើ​ពួក​គេ​ចូលចិត្ត​ប្រើប្រាស់​ iOS ឫ​​ Android? ជា​ទូទៅ​យើង​ច្រើន​និយាយ​ថា iOS ងាយ​ស្រួល​ប្រើ​ជាង Android ប៉ុន្តែ​បើ​លើក​ពី​គុណ​សម្បត្តិ​នៃ​តម្រូវ​ការ​ប្រើប្រាស់​គឺ Android ប្រសើរ​ជាង​។ យ៉ាងណាមិញ​យើង​មិន​អាច​សន្និដ្ឋាន​ពី​ការ​ឈ្នះ​ចាញ់​បាន​ទេ ប៉ុន្តែ​គ្រាន់​លើក​យក​ពី​ចំណុច​ពិសេស​របស់ U11 គឺ​ត្រង់​បច្ចេកវិទ្យា​ពិសេស Edge Sense ដោយ​នៅ​ពេល​អ្នក​ប្រើប្រាស់​ច្របាច់​គែម​សង​ខាង​នៃ​អេក្រង់ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​ប្រើប្រាស់​មុខងារ​មួយ​ចំនួន​ដូច​ជា​ការ​ថត​រូប និង​មុខងារ​ផ្សេង​ទៀត​ទៅ​តាម​ប្រភេទ​កម្មវិធី​នីមួយ​ៗ​។​ ក្រៅ​ពី​នោះ U11 មាន​ជំនួយ​ការ​ពិសេស​ដល់​ទៅ ៣ រួម​មាន Sense Companion, Google Assistant និង​ Amazon Alexa ។​ សរុប​មក​ចំណុច​នេះ យើង​​ចាត់​ទុក​ថា​ស្មើ​គ្នា​បាន​។​ ៦.ភាព​ធន់​: U11 បាន​ស្រោប​នូវ​តួ​ខ្លួន​ប្រភេទ​កញ្ចក់​ រី​ឯ iPhone 7 Plus មាន​លោហ​ធាតុ​ដែក​ ដូច្នេះ​បើ​យើង​សាកល្បង​ទម្លាក់ ស្មាតហ្វូន​ទាំង ២ នោះ​ U11 មិន​អាច​ត​តាំង​នឹង​ iPhone បាន​ឡើយ ។​ ក្រៅ​ពី​នោះ​វា​មាន​មុខងារ​ការពារ​ភាព​ជ្រាប​ទឹក​ ស្តង់​ដារ​ IP67 ដូច​គ្នា ដែល​អាច​ត្រាំ​ទឹក​ក្នុង​ជម្រៅ​កន្លះ​ម៉ែត្រ​ រយៈ​ពេល ៣០ នាទី​។ សរុប​មក​ចំណុច​នៃ​ភាព​ធន់ សូម​និយាយ​ iPhone 7 Plus ជា​អ្នក​ឈ្នះ​។​ ៧.តម្លៃ: iPhone 7 Plus បង្ហាញ​ខ្លួន​ឆ្នាំ​ទៅ បច្ចុប្បន្ន​មាន​លក់​នៅ​លើ​គេហទំព័រ​ Apple ផ្ទាល់​តម្លៃ​ ៧៧០ ដុល្លារ​ រី​ឯ​ HTC U11 ការ​ចេញ​លក់​ក្នុង​ប្រទេស​ណា​ខ្លះ​នោះ គឺ​ពុំ​ទាន់​ទទួល​ដំណឹង​ច្បាស់​ជាក់​លាក់​នៅ​ឡើយ​គ្រាន់​ថា​តម្លៃ​របស់​វា​គឺ ៦៥០ ដុល្លារ​ថោក​ជាង iPhone 7 Plus ខ្ទង់​ ១ សន្លឹក​ដែរ​។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ យើង​កុំ​កាត់​សេចក្ដី​ល្អ​ជាង ម្ល៉ោះ​ហើយ​ដាក់​ពិន្ទុ​ថា​ស្មើ​គ្នា​។

៨.ការ​សរុប​: ជា​ទី​បញ្ចប់​ក្រោយ​ការ​សង្ខេប​ប៉ុន្មាន​ចំណុច​ខាង​លើ​ បើ​និយាយ​ពី​ផ្នែក​កាមេរ៉ា​, ថាមពល​ថ្ម​ និង​អេក្រង់​ ម៉ូដែល U11 គឺ​ធ្វើ​បាន​ល្អ​ជាង ប៉ុន្តែ​បើ​និយាយ​ពី​ចំណុច​ពិសេស​នៃ​ភាព​ធន់​គឺ iPhone 7 Plus ជា​អ្នក​ឈ្នះ គ្រាន់​ថា​ត្រឹម​ចំណុច​នេះ​មួយ​ វា​ពិត​ជា​ពិបាក​ប្រៀបធៀប​បាន​ទៅ​នឹង​ HTC ណាស់​។ ​ បន្ថែម​ពី​នេះ ក៏​ពុំ​មាន​ន័យ​ថា​អ្នក​គួរ​តែ​បោះបង់​ចោល​ iPhone 7 Plus តែ​ម្ដង​នោះ​ឡើយ​ អ្នក​ក៏​គួរ​ជ្រើសរើស​វា បើ​អ្នក​ស្រលាញ់​ស្មាតហ្វូន​ដែល​មាន​ការ​រចនា​ខ្ពស់​និង​មាន​ប្រព័ន្ធ Software ដំណើរការ​បាន​លឿន​រហ័ស (បញ្ជាក់​: បើ​អាច​គួរ​រើស​យក​ HTC U11 វា​ប្រសើរ​ជាង​ ហើយ​ចំណេញ​លុយ​បាន​ជាង ១០០ ដុល្លារ​ទុក​ទិញ​អ្វី​ផ្សេង​ផង​៕

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម