ក្នុង​មង្គល​ការ​ខ្លួនឯង ឆាយ វិរៈយុទ្ធ បាន​​ប្រាប់​មូលហេតុ និង​ការ​ជួប​ភរិយា​ដំបូងរហូត​កើត​និស្ស័យ​!

  • 2017-05-21 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លោក ឆាយ វិរៈយុទ្ធ បាន​ចូល​រោង​ជ័យ​ហើយ ជា​មួយ​កូន​ថៅកែ​រោង​ម៉ាស៊ីន​ត្រូវ​​ល្បី​ឈ្មោះ​ក្នុង​ខេត្ត​កំពង់ចាម​ល្ងាច​មិញ ដោយ​អ្នក​ទាំង​ពីរ​បាន​សិក្សា​​ចិត្ត​គ្នា​រហូត​ជាង​៧ឆ្នាំ​ទើប​សម្រេច​ចិត្ត​ចូល​រោង​ជ័យ​នៅ​ថ្ងៃ ម្សិល​មិញ​នេះ។ តើ​ដឹង​ថា ពួក​គេ​ជួប​គ្នា​ពេល​ណា ដោយ​សារ​អ្វី?

អាពាហ៍ពិពាហ៍​របស់​លោក​បាន​ធ្វើ​ឡើង​​នៅ​គេហដ្ឋាន​ខាង​ស្រី ស្ថិត ក្នុង ភូមិ ស្គុន ឃុំ សូរ្យ​ពិន ស្រុង ជើងព្រៃ ខេត្ត កំពង់ចាម។ គ្រួសារ​ខាង​ស្រី​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ជំនួញ​ខាង​​ស្រូវ​អង្ករ ដែល​មាន​រោង​ម៉ាស៊ីន​កិន​ត្រូវ​មួយ​ឈ្មោះ រោងម៉ាស៊ីន​កិន​ត្រូវ​ហាក់​សែ។

តាម​ការ​បញ្ជាក់​ពី​ ឆាយ វីរៈយុទ្ធ លោក​បាន​ស្គាល់ ភរិយា​របស់​ខ្លួន​តាម​រយៈ​បង​​ប្រុស​​បង្កើត​​របស់​លោក​ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ បង​ប្រុស​​បង្កើត​ភរិយា​របស់​លោក ដែល​កាល​ណោះ គឺគ្រា​ដែល​​​គ្រួសារ​ទាំង​២ទៅ​ញ៉ាំ អាហារ​​ជា​មួយ​គ្នា។

ដោយ​មាន​និស្ស័យ​នឹង​គ្នា​ផង ផ្សំ​នឹង​ភរិយា​របស់​លោក​មាន ទេពកោសល្យ​ខាង​សរសេរ​បទ​ចម្រៀង​ផង​នោះ ពួក​លោក​ក៏​បន្ត​ទំនាក់ទំនង ហើយ​​សិក្សា​ចិត្ត​​​គ្នា​តែ​ម្ដង​ទៅ។ ក្រោយ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​នោះ​ សាមី​ខ្លួន ឆាយ វីរៈយុទ្ធ ប្រាប់​ថា ភរិយា​របស់​លោក​ក៏​ធ្លាប់​បាន​សរសេរ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​​បាន​ប្រហែល​១០បទ​ផង​ដែរ។

ដោយ​សារ​តែ​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​និស្ស័យ​នឹង​សិល្បៈ ក្រោយ​ពី​រៀបការ​រួច លោក ឆាយ វីរៈយុទ្ធ ប្រាប់​ថា នឹង​នៅ​តែ​បន្ត​ការងារ​សិល្បៈ​របស់​ខ្លួន​ដដែល ហើយ​ភរិយា​របស់​លោក​ក៏​គាំទ្រ និង​បន្ត​ជួយ និពន្ធ​បទ​ចម្រៀង​ឲ្យ​ច្រៀង​ថែម​ទៀត។

អាពាហ៍ពិពាហ៍​របស់​លោក​យប់​មិញ​នេះ បាន​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជិត​២០០តុ ក្នុង​នោះ​អ្នក​​សិល្បៈ​​មាន​ប្រហែល​២០ទៅ៣០តុ។ ម្ចាស់​បទ "នឹក​ដូច​គ្នា"​រូប​នេះ​បញ្ជាក់​ថា លោក​មិន​មាន​គ្រោង​មក​កាត់​ចំណង​ដៃ​នៅ​ភ្នំពេញ​ឡើយ៕

អត្ថបទ៖ ស៊ុនហួត