មាស សំអឿន​អត់​ពេញ​ចិត្ត​នឹង​ក្រុម​នារី​កម្ពុជា​បាន​លេខ​៤​ ​

  • 2017-05-22 06:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ចំណោម​៩​​ប្រទេស​ដែល​បាន​ចូល​​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​នារី​អាស៊ាន​15 GIRLS’ CHAMPIONSHIP 2017 នៅ​ប្រទេស​ឡាវ។

លោក​ មាស សំអឿន និង​ក្រុម​កីឡា​ការិនី

​ព្រឹត្តិការណ៍​នេះ​ក្រុម​នារី​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​ B ដែល​មាន​សិង្ហបុរី​ ​ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន។ ប្រកួត​លើក​ទី​១​នារី​កម្ពុជា​ឈ្នះ​សិង្ហបុរី​ ២-១, ប្រកួត​លើក​ទី​​២​ចាញ់​ហ្វីលីពីន​ ៣-០ និង​ប្រកួត​លើក​ទី​៣​ស្មើ​ឥណ្ឌូណេស៊ី​ ១-១​ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​​ឡើង​វគ្គ​ខ្វែង។ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នារី​កម្ពុជា​បាន​ចាញ់​ក្រុម​នារី​ថៃ​ ៦-០​ ខណៈ​ការ​ប្រកួត​ដណ្តើមយក​ចំណាត់​ថ្នាក់​​លេខ​៣​ចាញ់​ក្រុម​នារី​មីយ៉ាន់ម៉ា​ ៣-១ ដើម្បី​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤។

លទ្ធផល​នេះ​ លោក​ មាស សំអឿន គ្រូ​បង្វឹក​ក្រុម​ U-15 កម្ពុជា​មិន​ពេញ​ចិត្ត​ឡើយ។ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ជា​ពេល​វិល​មក​ដល់​កម្ពុជា លោក​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា​ ក្រុម​នារី​កម្ពុជា​គួរ​តែ​បាន​លទ្ធផល​ល្អ​ជាង​នេះ​ពោល​គឺ​ហោច​ណាស់​ក៏​ត្រឹម​លេខ​៣​ដែរ​ បើ​មិន​បាន​លេខ​២។ ពី​ព្រោះ​ការ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣​ ក្រុម​មីយ៉ាន់ម៉ា​មិន​លើស​កម្ពុជា​ប៉ុន្មាន​ឡើយ​ពោល​គឺ​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា។ ជា​ពិសេស​ទៀត​នោះ​ក្រុម​នារី​កម្ពុជា​បាន​បង្ហាញ​ទម្រង់​ល្អ​ដើម​វគ្គ​ទី​១​ ប៉ុន្តែ​គ្មាន​សំណាង​រក​គ្រាប់​បាល់​បាន។

ក្រុម​កីឡា​ការិនី​កម្ពុជា

ទន្ទឹម​នឹង​នេះ​លោក​បាន​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ក្រុម​នារី​កម្ពុជា។ បើ​និយាយ​ពី​កម្លាំង​ស៊ុហ្វ​វិញ​ ក្រុម​របស់​លោក​នៅ​ខ្សោយ​ បើ​​ធៀប​នឹង​ក្រុម​នារី​ជម្រើស​ជាតិ​ផ្សេង​ៗ។ U-15នារី​កម្ពុជា​លេង​កាន់​តែ​យូរ​ កម្លាំង​កាន់​​តែ​ធ្លាក់​ចុះ​ និង​ល្បឿន​រត់​កាន់​តែ​យឹត​ ខណៈ​ក្រុម​នារី​ប្រទេស​ផ្សេង​ៗ​កម្លាំង​របស់​ពួក​គេ​នៅ​ថេរ​បាន​យូរ។ យ៉ាង​ណា បច្ចេកទេស​ និង​ការ​សហការ​គ្នា​មិន​​ចាញ់​ក្រុម​គេ​ផ្សេង​ៗ​ឡើយ។ ចំណុច​នេះ​ លោក​ មាស​ សំអឿន​បញ្ជាក់​ថា ដោយ​សារ​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​មាន​រយៈ​ពេល​ខ្លី​មុន​ចេញ​ដំណើរ​ទៅ​ ដូច្នេះ​កម្លាំង​របស់​ពួក​គេ​មិន​​ពេញ​លក្ខណៈ៕

ក្រុម​កីឡា​ការិនី​ម្ពុជា​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម