ឆាប់ៗនេះ​នឹង​​មាន​​ពិព័រណ៍​​​ស្ថាបត្យ​​កម្ម និង​ដេគ័រ​ធំ​មួយ​ ​​​​មាន​អ្ន​ក​​ជំនាញ​​​​ចូល​​រួម​ច្រើន​

  • 2017-05-22 10:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​ពាណិជ្ជកម្ម​ស្ដី​ពី​ស្ថាបត្យករនិង​ដេគ័រ​ គ្រោង​នឹង​​​ធ្វើ​នៅ​កោះ​ពេជ្រ​ចាប់​ពី​ថ្ងៃ​ទី៨-១០ មិថុនា ខាង​មុខ​នេះ នឹង​មាន​វត្តមានអ្នក​ជំនាញ និង​ម៉ាក​ល្បីៗ​ក្នុងនិង​ក្រៅ​ស្រុក​ចំនួន ១៥០ រួម​​ទាំង​សិក្ខា​សាលា​ស្ដីពី​ការ​អប់រំ ការ​ប្រកួត​ការ​រចនា​របស់​និស្សិត និងការ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដើម្បី​បង្កើត​បណ្ដោញ​​ជាមួយ​ស្ថាបត្យករ​ផង​ដែរ។

លោក Ajinveat Vhongthong ប្រធាន​គម្រោង​មក​ពី ICVeX និង​ជា​អ្នក​រៀបចំ​កម្មវិធី មាន​ប្រសាសន៍​ថា៖ "យើង​បង្កើត​ពិព័រណ៍​នេះ​ឡើង ដើម្បី​ជួយ​ដល់​អ្នក​ជំនាញ​នានា​ក្នុង​ការ​បង្កើត​បណ្ដាញ​ជាមួយ​អតិថិជន បង្កើត​ទំនាក់​ទំនង​ថ្មី និង​បង្កើន​ឱកាស​ថ្មី​លើ​ទីផ្សារ"។

លោក​បន្ថែម​ថា៖ "វេទិកា​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ខ្ពស់ ព្រោះ​អ្នក​តាំង​ពិព័រណ៍​យើង ៧០% ជា​អ្នក​តាំង​ពិព័រណ៍​អន្តរ​ជាតិ ដែល​តាំង​បង្ហាញ​ពី​គំនិត​ឆ្នៃ​ប្រឌិត និង​ផលិត​ផល​ល្អ​ឥត​ខ្ចោះ"។

នេះ​​ឱកាស​ល្អ​សម្រាប់​និស្សិត​ខ្មែរ​ ​ដោយ​ព្រឹត្តិការណ៍នេះនឹង​​​​​​ប្រមូល​ផ្ដុំ​អ្នក​ជំនាញល្បីៗក្នុង​វិស័យ​ទាំង​នេះ ដូចជា ​លោក Tim Beaumont នាយក​ប្រតិបត្តិ​ក្រុមហ៊ុន The Beaumont Partnership ដែលលោក​​នឹង​ចែក​រំលែក​ទស្សនៈ​ពី​គម្រោង​នានា​ដែល​លោក​បង្កើត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​លោក Adrianta Bin Aziz មក​ពី​វិទ្យាស្ថាន​ស្ថាបត្យកម្ម​ម៉ាឡេស៊ី នឹង​បក​ស្រាយ​ពី​សារៈ​សំខាន់​ក្នុង​ការ​បន្ត​ការ​អភិវឌ្ឍ​ជំនាញ។

សមាគម​ស្ថាបត្យករ​កម្ពុជា​ក៏​ឆ្លៀត​ឱកាស​រៀប​ចំ​ការ​ប្រកួត​ផ្នែក​រចនា​របស់ CSA ២០១៧ ដើម្បី​ប្រគល់​រង្វាន់​ដល់​អ្នក​មាន​គំនិត​ល្អ​បំផុត​ផ្នែក​សិល្បៈ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ផង​ដែរ។ បេក្ខជន​ដែល​ជ្រើសរើស​ឲ្យ​ទទួល​រង្វាន់​នឹង​ត្រូវ​បង្ហាញ​អំឡុង​ពេល​តាំង​ពិព័រណ៍ ហើយ​​កម្មវិធី​​ប្រគល់​រង្វាន់​នឹង​ធ្វើ​ឡើង​នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។

សម្រាប់​ព័ត៌មាន​បន្ថែម​ ចូល​ទៅ​វិបសាយ www.cambodiaarchitectdecor.com

ដោយ៖ វិទូ