ចាន់​ រតនា​ ហាត់​៣សប្ដាហ៍​ត្រៀម​ឡើង​ប្រកួត​វិញ​ក្រោយ​បាត់មុខ​៣ឆ្នាំ

  • 2017-05-23 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​និង​ជា​ជើង​ខ្លាំង​ក្បាច់​គុន​ចម្រុះ​ ចាន់​ រតនា​ ប្រាប់​ថា​មុន​ពេល​ឡើង​សង្វៀន​ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ រូប​គេ​បាន​ហាត់​ត្រៀម​អស់​រយៈ​ពេល​៣សប្ដាហ៍មកហើយ។​

កីឡាករ​​ ចាន់ រតនា

កីឡាករ​ ចាន់​ រតនា​ បាន​និយាយ​ថា​ លោក​ឈប់​ឡើង​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​យូរ​ណាស់​ដែរ​ហើយ​ តែ​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ​ រូប​គេ​នឹង​វិល​ត្រលប់​ចូល​សង្វៀន​វិញ​ដើម្បី​ប្រជែង​យក​ជ័យជម្នះ​លើ​កីឡាករ​ថៃ។​ ចំពោះ​ការ​ប្រកួត​នេះ​ដែរ​គេ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ទៅ​កម្លាំង​ស៊ុហ្វ​ និង​កាយសម្បទា​ស្ពឹក​ស្រពន់​មិន​រហ័សរហួន​ដូច​មុន។​

អ្នក​ប្រដាល់​ដែល​ឧស្សាហ៍​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ One Championships​ រូប​នេះ​បន្ត​ទៀត​ថា​ បន្ទាប់​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​របស់​សង្វៀន​បាយ័​ប្រាប់​ថាមានការប្រកួតនៅពេលខាងមុខ ជើងខ្លាំងម្នាក់​នេះ​ក៏​ចាប់ផ្ដើម​ហាត់​ត្រៀមវិញតែម្ដង។​ បើ​គិត​ទៅ​ការ​ហ្វឹកហាត់​ត្រៀម​នេះ​បាន​៣សប្ហាហ៍​មក​ហើយ​ ចំពោះ​ការ​ហាត់​នេះ​ផ្ដោត​ទៅ​លើ​បច្ចេកទេស​តិចនិក​ឲ្យ​មាន​ភាព​រហ័សរហួន​ឡើង​វិញ​ និង​មួយ​ទៀត​នោះ​ផ្ដោត​លើ​ការ​ហាត់​យក​កម្លាំង​ស៊ុហ្វ​តែ​ម្ដង​ព្រោះ​ខ្លាច​មិនមាន​កម្លាំង​គ្រប់គ្រាន់។​

កីឡាករ​​ ចាន់ រតនា

កីឡាករ​ ចាន់​ រតនា​ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​នៅ​ក្លឹប​សិល្បៈ។ ​កីឡាករ​រូប​នេះ​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​សេរី​ប្រហែល​ជា​៣​ឆ្នាំ​មក​ហើយ​ ព្រោះ​​ជាប់​កុង​ត្រា​ជា​មួយ​​​កម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​ One Championships។​ រតនា​ នឹង​ត្រូវ​ឡើង​សង្វៀន​បាយ័នស្ទឹងមានជ័យ​នៅ​ថ្ងៃ​ទី២៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​