យ៉េន​ ឌីណា​ មិន​ប្រមាទ​ សូត្រ​ ប៊ុនធី​ ពេល​ដណ្ដើម​លុយ​១ពាន់​ដុល្លារ​

  • 2017-05-23 03:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​កើន​ឡើង​កម្រិត​វិជ្ជា​គុន​គួរឲ្យ​កត់​សម្គាល់​ យ៉េន​ ឌីណា​ មិន​ប្រមាទ​កីឡាករ​ សូត្រ​ ប៊ុនធី​ ជា​ដៃ​គូ​នោះ​ទេ​ពេល​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់​១ពាន់​ដុល្លារ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។​

កីឡាករ យ៉េន ឌីណា

អ្នក​ប្រដាល់​ យ៉េន​ ឌីណា​ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​នេះ​ថា​ បើ​ទោះ​ជា​ខ្លួន​គេ​បាន​ហ្វឹកហាត់​ដិតដល់​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ​ដទៃ​ទៀត​និង​មាន​គ្រូ​បង្ហាត់​ល្អ​ៗ​ដូច​បច្ចុប្បន្ន​នេះ​ក្ដី​ក៏​គេ​មិនមាន​ហ៊ាន​ប្រមាទ​ដៃ​ប្រកួត​នោះ​ទេ​ ហើយ​ណា​មួយ​ជើង​ខ្លាំង​ សូត្រ​ ប៊ុនធី​ មិន​មែន​ជា​កីឡាករ​ធម្មតា​នោះ​ឡើយ។​

កីឡាករ​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​បន្ត​ថា​ ចំពោះ​រឿង​ឈ្នះ​ចាញ់​នោះ​គេ​សង្ឃឹម​៥០%​សម្រាប់​ការ​ប្រកួត​​មួយ​នេះ។ ​បច្ចុប្បន្ន​គេ​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ ស្នៀត​ប្រយុទ្ធ​និង​កម្លាំង​តែ​ម្ដង​ហើយ​ព្យាយាម​ធ្វើ​តាម​ដំបូន្មាន​គ្រូ​ៗ​របស់​ខ្លួន។​

កីឡាករ យ៉េន ឌីណា

ការ​ប្រកួត​មួយ​នេះ​គេ​រូប​គេ​ខំ​ហាត់​កម្លាំង​ឲ្យ​ខ្លាំង​ព្រោះ​ពេល​ប៉ះ​ជា​មួយ​កីឡាករ​កម្ពស់​ខ្ពស់​ដូច​នេះ​ពិបាក​វ៉ៃ​ហើយ​ត្រូវ​ប្រើ​កម្លាំង​ច្រើន។​ ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​បន្ថែម​ទៀត​ថា ​សូត្រ​ ប៊ុនធី​ ស្នៀត​ល្អ​ៗ​របស់​គេ​មាន​ដូច​ជា​ល្អ​ធាក់​ ជង្គង់​ និង​កែង​ជា​ដើម។​

កីឡាករ​ យ៉េន​ ឌីណា​ បច្ចុប្បន្ន​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ។​ មួយ​រយៈ​ពេល​តាំង​ពី​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​មក​ការ​ប្រកួត​របស់​គេ​កម្រ​និង​ចាញ់​ណាស់​ ហើយ​ ឌីណា​ នឹង​ត្រូវ​ឡើង​ប្រកួត​ជា​អ្នក​ប្រដាល់​ដៃ​វែង​ជើង​វែង​ សូត្រ​ ប៊ុនធី​ ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៨យប់​តទៅ​នៅសង្វៀន​អាស៊ីអាគ្នេយ៍៕​

អត្ថបទ៖ នួន ស៊ីណា​