ចូលរួមរំលែកទុក្ខ! តួប្រុស​ James Bond ទទួលមរណភាពហើយ

  • 2017-05-24 03:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ដ៏​ល្បី​ និង​ជា​តួ​ James Bond ០០៧​ កាល​ពី​ទសវត្ស​រ៍ឆ្នាំ​ ១៩៧០​ និង៨០ លោក​ Roger Moore បាន​ទទួល​មរណភាព​ហើយ​កាល​ពី​ម្សិលមិញ​។

លោក​ Roger Moore ដែល​ប្រិយមិត្ត​ជា​ច្រើន​ស្គាល់​ថា​ជា​ James Bond ក្នុង​ស៊េរី​រឿង​ "James Bond” បាន​ទទួល​មរណភាព​ហើយ​ នៅ​អាយុ​ ៨៩​ឆ្នាំ​។ នេះ​បើ​តាម​គ្រួសារ​របស់​លោក​បាន​ប្រកាសលើ គណនី​ Twitter របស់​លោក​ផ្ទាល់​។

បន្ថែម​ពីលើ​នេះ គ្រួសារ​របស់​លោក​ Roger Moore ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ នៅ​ប្រទេសស្វីស ហើយ​ចំពោះ​ពិធី​បុណ្យ​សព​វិញ គ្រួសារ​នឹង​រៀប​ចំ​ជា​លក្ខណៈ​ឯកជន​ ក្នុង​រដ្ឋ​ Monaco ទៅតាម​អ្វី​ដែល​លោក​សំណូមពរ​ កាលនៅ​មាន​ជីវិត​។

លោក​ Roger Moore កើត​ក្នុង​ទីក្រុង​ London មាន​ឪពុក​ជា​ប៉ូលិស​ និង​ម្ដាយ​ជា​មេផ្ទះ។ លោក​ឈប់​រៀន​ថ្នាក់​វិទ្យាល័យ​ និង​បាន​ទៅ​ធ្វើ​ការ​​ក្នុង​ក្រុម​ហ៊ុន​ភាពយន្ត​អង់គ្លេស​មួយ​។

រូប​សម្បត្តិ​ដ៏​អំណោយ​ផល​របស់​លោក​ បាន​នាំ​លោក​ឲ្យ​មាន​ឱកាស​សម្ដែង​ក្នុង​រឿង​ "Vacation from Marriage” ក្នុង​ឆ្នាំ​ ១៩៤៥ និង​បន្ត​មាន​មុខ​ជា​ហូរហែ​ ក្នុង​ភាព​យន្ត​ជា​ច្រើន ហើយរហូត​ដល់​លោក​មាន​អាយុ​ ៤៦​ឆ្នាំ​ ជីវិត​របស់​លោក​ បាន​ទទួល​ជោគជ័យ​ដ៏​ធំ​ នៅ​ពេល​លោក​បាន​ដើរ​តួ​ “James Bond” ។

ឈុតខ្លះ​ក្នុងរឿង​ "James Bond 007"

និយាយ​ពី​ជីវិត​អាពាហ៍ពិពាហ៍​វិញ​ លោក​ធ្លាប់​ឆ្លង​កាត់​ ៤​ដង និង​មាន​កូន​ចំនួន​ ៣​នាក់​។ ដោយឡែក​ក្រៅ​ពី​អាជីព​សម្ដែង​ លោក​ ក៏​បាន​ចូលរួម​ក្នុង​ការងារមនុស្សធម៌​ជា​ច្រើន​ដែរ​ ដូចជាជួយឧបត្ថម្ភកុមារ​ តាមរយៈ​អង្គការ UNICEF៕

*ព័ត៌មានតារាហូលីវូដ

*ជុំវិញតារាអន្តរជាតិ

*ដំណឹងល្អ! Bollywood ត្រៀមថត​រឿង​ “Rambo” ជា​ថ្មីម្ដង​ទៀតហើយ​

ប្រភព៖ BBC | ABC News   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម