Microsoft លើក​ ២ ចំណុច​លើ Surface Pro ថ្មី​ បាញ់​ Apple ចំៗ​មិន​សំចៃ​មាត់​

  • 2017-05-25 01:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន​ Microsoft ទើប​តែ​បាន​ប្រកាស​បង្ហាញ​នូវ​ប្រភេទ​ឧបករណ៍​ Notebook-tablet ជំនាន់​ថ្មី​ ម៉ូដែល​ ​Surface Pro ដែល​វិវត្ត​បន្ត​ពី​ Surface Pro 4 ។​ ទន្ទឹម​នឹង​ការ​ដាក់​បង្ហាញ​ ក្រុមហ៊ុន​ Microsoft បាន​ប្រកាស​ថា​ Surface Pro អាច​មាន​ថាមពល​ថ្ម​កាន់​ដល់​ ១៣,៥ ម៉ោង​ច្រើន​ជាង iPad Pro ដែល​មាន​ត្រឹម​តែ ១០ ម៉ោង និង​មាន​ល្បឿន​ដំណើរការ​​លឿន​ជាង iPad Pro ដែល​បំពាក់​ឈីប​ A9x ដល់​ទៅ ១,៧ ដង ខណៈ​ឧបករណ៍​របស់​ខ្លួន​បំពាក់​នូវ​ឈីប Core i7 ជំនាន់​ក្រោយ​។​

ទៀត​សោត​វា​បាន​បំពាក់​នូវ​អេក្រង់​ទំហំ ១២,៣ អ៊ីញ​មាន​ដង់ស៊ីតេ​អេក្រង់​ ២៦៧ppi បើ​ធៀប​ទៅ​ iPad Pro ក៏​ឈ្នះ​ផង​ដែរ​ ព្រោះ​វា​មាន​ត្រឹម​តែ ២៦៤ ppi ប៉ុណ្ណោះ​។ បន្ថែម​ពី​នោះ​វា​អាច​គាំទ្រ​ការ​ដាក់​​ SSD ដល់​ទំហំ 1TB និង​អាច​បំពាក់​ RAM ដល់​ 16GB គួបផ្សំ​រន្ធ​ដោត​ USB 3.0 និង​ដំណើរការ​នៅ​លើ​ ប្រព័ន្ធ​ប្រតិបត្តិ​ Windows 10 Pro ។​

តម្លៃ​ត្រូវ​បាន​គេ​ដឹង ប្រហែល​ខ្ទង់ ៧៩៩,៩៩ ដុល្លារ​ក្នុង​ទីផ្សារ​អាមេរិក​ ដោយ​បើក​ឱ្យ​ Pre-Order ចាប់​ពី​ថ្ងៃ​នេះ នៅ​លើ​គេហទំព័រ​ Microsoft, BestBuy និង​ JD ហើយ​ការ​ចេញ​លក់​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ១៥ មិថុនា​ ក្នុង​ ២៥ ប្រទេស​។

បន្ត​ចុចអាន៖

ប្រភព៖ macrumors   ប្រែសម្រួល៖ កៅ រក្សា