​បើមិនចង់ជួប​​គ្រោះ​អាក្រក់​ កុំបំពាន​ជំនឿ​ទាំង​នេះ

  • 2017-05-26 07:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​​មាន​ជំ​នឿថា ត្រូវ​តែ​មាន​ទម្លាប់​ងើប​ចេញ​ពី​គ្រែ​នៅ​ទិស​ដដែលជា​រៀង​រាល់​ព្រឹក​ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​ស្រាប់​តែ​ងើប​ចេញ​ពី​គ្រែ​ខុសទម្លាប់​នោះ​ នឹង​ត្រូវ​ជួប​រឿង​រ៉ាវ​ឈឺ​ក្បាល​ពេញ​មួយ​ថ្ងៃ​ ឫ​អាច​ជួប​នូវ​គ្រោះ​ថ្នាក់​តូច​តាច​ដែល​ធ្វើ​ឲ្យ​ឈឺ​ខ្លួន​។ ហេតុ​នេះ​ហើយ​ទើប​មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំ​នឿ​បែប​នេះ​ និយម​ដាក់​គ្រែ​ម្ខាង​ទៅ​ជាប់​នឹង​ជញ្ជាំងតែ​ម្តង​ ដើម្បី​កុំ​ឲ្យ​ច្រឡំ​ងើបខុសទិស។

ពេល​រៀប​ចេញ​ពី​ផ្ទះ​ មិន​ត្រូវ​ពាក់​អាវ​ខាង​ខុស​នោះ​ទេ​ ព្រោះ​វា​​ធ្វើ​ឲ្យ​អ្នក​ជួប​រឿង​មិន​ល្អ​។ ប្រសិន​បើពេល​ដែល​អ្នក​ពាក់​អាវ​ស្រាប់​តែ​ចៃ​ដន្យ​ធ្វើ​ឲ្យ​ឡេវ​អាវ​របូត​ជ្រុះ​នោះ​ អ្នក​ត្រូវ​ដេ​ឡេវ​អាវ​ភ្ជាប់ទៅ​វិញ​ ដោយ​ពុំ​ចាំ​បាច់​ដោះ​អាវ​ចេញ​ពី​ខ្លួន​ទេ​ បើ​មិន​ដូច្នេះ​អ្នក​នឹង​ត្រូវ​គេ​និយាយ​មូល​បង្កាច់ជា​មិន​ខាន។

នៅ​ពេល​ចេញ​ទៅ​ធ្វើ​ការ​ពុំ​ត្រូវ​ក្រឡេកភ្នែក​សម្លឹង មើល​ទេស​សភាព​តាម​ដង​ផ្លូវ​នោះ​ទេ​ ព្រោះ​បើ​ចៃ​ដន្យ​ក្រឡេក​មើល​ចំ​ផ្កាពណ៌លឿង​នោះ​ វានឹង​ធ្វើ​ឲ្យ​អ្នក​ជួប​រឿង​មិន​ល្អ​ពេញ​មួយ​ឆ្នាំ​ ហើយ​ប្រសិន​បើ​មាន​សត្វចាបហើរកាត់​មុខ​បាន​សេចក្តី​ថា អ្នក​នឹង​ត្រូវ​ជួប​នូវ​គ្រោះ​មិន​ល្អ​ក្នុង​ពេល​ឆាប់​ៗ​។

ប្រសិន​បើ​អ្នក​ត្រូវ​ធ្វើ​ដំ​ណើរ​ក្រោម​ស្ពាន​ មិន​ត្រូវ​ហាមាត់​និយាយ​ស្តី​អ្វី​នោះ​ទេ​​ ហើយ​បើ​ត្រូវ​ដើរ​ឆ្លង​ថ្នល់​មិន​ត្រូវ​ដើរ​ជាន់​គំ​នូស​-ស​ ជា​ដាច់​ខាត​ ពិសេស​មុន​ពេល​ចូល​ក្រុម​ហ៊ុន​ មិន​ត្រូវដើរ​ក្រោមជណ្តើរ​ទេ​។ ប្រសិន​បើ​ល្មើសនូវ​ត្រណម​ណា​មួយ​ក្នុង​ចំ​ណោមទាំង​បី​នេះ​ អ្នក​អាច​បាត់​បង់​នូវ​ទ្រព្យ​សម្បត្តិឫ​មាន​គ្រោះ​ដល់​ជីវិត​បាន​។

អំ​ឡុង​ពេល​ថ្ងៃ​ ប្រសិន​បើ​បាន​ឮសំ​ឡេង​នាឡិការោទ៍ដំណាល​គ្នា​ជា​មួយ​នឹង​សំ​ឡេង​រគាំង​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍ នោះ​បញ្ជាក់ថា នឹង​កើត​មាន​ភ្លើង​ឆេះ​។ ប្រសិន​បើ​មាន​នាឡិកាពីរ​គ្រឿង​លាន់​សូរ​ដំ​ណាល​គ្នា​ នោះ​បាន​សេចក្តី​ថា នឹង​មាន​មនុស្ស​ពីរ​នាក់​ ដែល​រស់​នៅម្តុំ​នោះ​ ត្រូវ​ជួប​នូវ​គ្រោះ​មិន​ល្អ​ រហូត​ដល់​ស្លាប់​ទៀត​ផង​។

ក្រៅ​ពី​នោះ​នៅ​ក្នុង​អំ​ឡុង​ពេល​ដែល​នាឡិការោទ៍ដំណាល​គ្នា​ជា​មួយ​នឹង​សំ​ឡេង​រគាំង​នៅ​ប៉ុស្តិ៍​ប្រៃស​ណីយ៍នោះ​ មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ស្ងាត់​មាត់​ មិន​ត្រូវ​និយាយ​​អ្វី​ទាំង​អស់​ បើ​នរណា​ម្នាក់​​និយាយ​​នឹង​ត្រូវ​ជួប​នូវ​គ្រោះ​មិន​ល្អ​៕

(ដក​ស្រង់ចេញ​ពី​សៀវ​ភៅ​ ជំនឿ និង​ ហ៊ុង​ស៊ុយ)

អត្ថបទ៖ ហេង នាង (CCJ)