ក្រុមហ៊ុន​ម៉ូតូ​​ Harley​ សង់​រោងចក្រ​​នៅ​ប្រទេស​ថៃ ​

  • 2017-05-27 04:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ម៉ូតូ​ Harley-Davidson កំពុង​តែ​សាង​សង់​រោងចក្រ​ដំឡើង​ម៉ូតូ​មួយ​កន្លែង​នៅ​ប្រទេស​ថៃ​ ដើម្បី​​ផ្គត់ផ្គង់​ការ​លក់​​នៅ​ប្រទេស​ចិន​ និង ទីផ្សារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន​រំពឹង​ថា​​នឹង​ចាប់​ផ្ដើម​ការ​​ដំឡើង​ម៉ូតូ​នៅ​ប្រទេស​ថៃ​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​ ២០១៨។ រោងចក្រ​ដែល​គេ​សង់​ឡើង​នេះ​ស្គាល់​ថា​ជា​រោង​ចក្រ​ដំឡើង ដែល​​គេ​​នឹង​ដំឡើង​ម៉ូតូ​ដោយ​ប្រើ​គ្រឿង​បន្លាស់​ដឹក​មក​ពី​សហរដ្ឋអាមេរិក។

កន្លង​ទៅ​ម៉ូតូ​ Harley ភាគ​ច្រើន​គឺ​នាំ​ចេញ​ពី​អាមេរិក​ផ្ទាល់​ ហើយ​​ទីផ្សារ​មួយ​ចំនួន​មាន​​កំណត់​អត្រា​ពន្ធ​នាំ​ចេញ/នាំ​​ចូល​ខ្ពស់ ហេតុ​នេះ​ធ្វើ​ឲ្យ​តម្លៃ​ម៉ូតូ Harley ឡើង​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ ដែល​អតិថិជន​មួយ​ចំនួន​មិន​អាច​ឈោង​ចាប់​បាន។ ដោយ​ឡែក​ប្រទេស​ថៃ​មាន​អត្រា​ពន្ធ​ ៦០% ​លើ​ការ​នាំ​ចូល​ម៉ូតូ ប៉ុន្តែ​ពន្ធ​នេះ​នឹង​លែង​មាន​សម្រាប់​ម៉ូតូ Harley ដែល​ដំឡើង​នៅ​ប្រទេស​ថៃ​ផ្ទាល់ ដូច​នេះ​តម្លៃ​ម៉ូតូ​អាច​នឹង​​ធូរ​ថ្លៃ​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​​ Harley-Davidson មាន​រោង​ចក្រ​ផលិត​ម៉ូតូ​ចំនួន​ ៥ ក្នុង​​រដ្ឋ​ចំនួន​ ៣ រួម​មាន​រដ្ឋ​ Wisconsin, រដ្ឋ​ Missouri និង រដ្ឋ Pennsylvania។ ចំណែក​រោង​ចក្រ​ដំឡើង​មាន​ចំនួន​ពីរ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ឥណ្ឌា និង ប្រេស៊ីល ដែល​រោងចក្រ​ទាំង​ពីរ​សុទ្ធ​តែ​ពឹង​ផ្អែក​លើ​គ្រឿង​បន្លាស់​ដែល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ផ្ទាល់​ដូច​គ្នា៕​​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ FoxBusiness   ប្រែ​សម្រួល៖ សុខហេង