៤ ចំណុច​នេះ​ហើយ ទើប​ពិភពលោក​ទាំង​មូល​ឱ្យ​ងារ​កម្ពុជា ជា​ព្រះរាជាណាចក្រអច្ឆរិយ

  • 2017-05-28 02:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦​កន្លង​មក លោក Anton Caragea ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council on Tourism and Trade) និង​លោក Mircea Constantinescu ប្រធាន​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប​ (European Tourism Academy) បាន​ធ្វើ​ដំណើរ​ផ្ទាល់​មក​កម្ពុជា​មក​ប្រកាស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦ (2016 World Best Destination) និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ពេញ​និយម (Favorite Cultural Destination Distinction 2016) ដោយ​ចាត់​ទុក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​លើ​៤​ចំណុច​គឺ៖

១.​អច្ឆរិយ​ភាព​ខាង​វប្បធម៌ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ខ្មែរ​តំណាង​ឲ្យ​មនុស្ស​ជាតិ​ទាំងមូល និង​អច្ឆរិយ​ភាព​ខាង​ធម្មជាតិ។

២. បឹង​ទន្លេ​សាប​ដ៏​ធំ​នៅ​អាស៊ី​ដែល​មាន​ទឹក​ហូរ​ត្រលប់ ដែល​គ្មាន​ពីរ​លើ​ពិភពលោក។

៣.​ ភាព​ពិសេស​របស់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា ដែល​មិន​ត្រឹម​តែ​អប់រំ​មនុស្ស​ឲ្យ​ក្លាយ​ជា​ពុទ្ធសាស​និក​ប៉ុណ្ណោះ​ទេ​ តែ​ថែម​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ។

៤.​ភាព​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ដែល​លោក Anton Caragea បាន​គូស​បញ្ជាក់​ថា បើ​ចង់​ឃើញ​ភាព​ញញឹម​រួសរាយ​រាក់​ទាក់​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ត្រូវ​មក​កម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្មីៗ កន្លងទៅ នេះក្រោយ​ការ​ចូលរួម​បោះឆ្នោត​ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បាន​ផ្តល់​ចំណាត់​ថ្នាក់លេខ១​ដល់​ប្រាសាទ​អង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ។ នេះ​ជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រជាជនជុំវិញពិភពលោក៕

អត្ថបទ៖ វឌ្ឍនៈ