ជំនឿឃាត់​ទឹក​ភ្លៀង​ តាមទម្លាប់​ចាស់​បុរាណ

  • 2017-05-28 03:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សម័យ​មុន ​ដូនតាយើងបានបន្សល់​ជំនឿ​ជាច្រើន ហើយ​មក​ដល់​បច្ចុប្បន្ន​មាន​អ្នកខ្លះជឿ អ្នកខ្លះ​មិន​ជឿ​ ហើយ​ក៏គ្មានឯកសារណា​ដែលបញ្ជាក់អំពីជំនឿ​ទាំងអស់​នោះដែរ។ ជំ​នឿចាស់​ៗ​សម័យ​មុន​អាច​ជារឿង​ ដែល​ស្តាប់ទៅ​មិន​សូវ​សម​ហេតុ​ផល​ក្នុង​ផ្នត់គំ​និត​របស់​មនុស្ស​សម័យ​ឥឡូវ​​ ពិសេស​យុវវ័យ។

ស្ត្រី​មេម៉ាយធ្វើ​ការ​បួង​សួង៖ ក្នុង​ពេល​ប្រារព្ធពិធី​អ្វី​មួយ​បើ​មើល​មេឃខ្មៅ​រកកលនឹង​ភ្លៀង​នោះ​ គេ​ត្រូវឲ្យ​ម្ចាស់កម្មវិធី​នោះ​ឈរបាំងឆ័ត្រឲ្យ​ស្ត្រី​មេម៉ាយ​ណា​ម្នាក់​ និង​ឲ្យ​នាង​និយាយ​ថា “ឱ! ភ្លៀង​អើយ​! បើ​ចង់​ភ្លៀង​ក៏​ភ្លៀង​ឲ្យ​ខ្លាំង​មក​ចុះ​តែ​បើ​ភ្លៀង​មិន​ខ្លាំង​ទេ​ ពុំ​ចាំ​បាច់​ភ្លៀង​ទេ​”។ វិធីម្យ៉ាង​ទៀត​គឺ​ឲ្យ​ស្ត្រី​មេ​ម៉ាយ​ឈរ​កាន់​កន្ក្រកធ្មេញ​ឈាវនៅ​កណ្តាល​​វាល​ ហើយ​និយាយ​ដូច​ពាក្យ​ខាង​លើ​នេះ​ដែរ​។

ឆ្អើរអង្រែ៖ ​នៅ​ពេល​ដែល​ឃើញ​មេឃរក​កល​នឹង​ភ្លៀង​ តាម​ចាស់ៗ​ពី​សម័យ​មុន​គឺ​គាត់​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ទៅ​លួច​អង្រែ​បុក​គ្រឿង​របស់​មេម៉ាយស្ត្រី​ប្តី​ស្លាប់​យក​ទៅ​ឆ្អើរ​នៅ​លើ​ភ្លើង​ដែល​កំ​ពុង​ក្តៅ​ខ្លាំង​ ដោយ​ធ្វើ​ដូច​កំ​ពុង​ឆ្អើរ​អ្វី​ម្យ៉ាង​ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទេវ​តាក្តៅ​ក្រហាយ​នៅ​មិន​សុខ មិន​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់ទេ​។

ដាំបាយ​បញ្ឆោតទេវតាៈ ពេល​មាន​ភ្លៀង​ធ្លាក់ ដើម្បី​ឃាត់​ភ្លៀងចាស់បុរាណឲ្យ​ពុះអុស​ដាក់​ចង្ក្រានធ្វើ​ដូច​ជា​រៀប​ចំ​បង្កាត់​ភ្លើង​ដាំ​បាយ​ (​ពុំ​ចាំ​បាច់​បង្កាត់​ភ្លើង​មែន​ទែន​ទេ​) ហើយ​យក​ឆ្នាំ​ង​សម្រាប់​ដាំបាយ​ទៅ​ដាក់​លើ​ចង្ក្រាន​ ឫធ្វើ​ដូច​ជា​អង្គុយអាំង​ភ្លើង​ ឫ​ផ្លុំភ្លើង​ ដើម្បី​បញ្ឆោតទេវតាឲ្យ​បញ្ឈប់ភ្លៀង។

រាំថ្វាយ​ទេវតា៖  ដើម្បី​ឃាត់​ភ្លៀង​គេ​ត្រូវ​យក​ស្លាប​ព្រា​ និង​វែក​ទៅ​ព្យួរ​នៅ​ផ្នែក​ខាង​លើ​បង្អស់នៃ​ទ្វា​រ​ផ្ទះ​។ នៅ​ពេល​ដែល​មាន​ខ្យល់​មក់មក​របស់​ទាំង​នោះ​ក៏​ទង្គិច​គ្នា​លាន់​ដូច​ចង្វាក់ភ្លេង​ហើយ​ម្ចាស់ផ្ទះ​ក៏​ត្រូវ​រាំ​ទៅ​តាម​ចង្វាក់​ភ្លេង​នេះ​ដែរ ដើម្បី​ឲ្យ​ទេវតាសប្បាយ​ព្រះ​ទ័យ​ធ្វើ​ឲ្យ​ភ្លៀង​រាំ​។ ឯតំ​បន់​ខ្លះ​ទៀតគេ​ប្រើវិធី​ឃាត់​ភ្លៀង​ដោយ​វាយ​ប៉ោត ធុង​ គម្រប់ឆ្នាំង និង​ស្រែក​ថា វាយ​អាគាំង រាំង​ភ្លៀង​ វាយ​អាគកបើកថ្ងៃ​។

ទប់ខ្យល់​ ឫ​ចាក់​ខ្យល់៖  នៅ​ពេល​ដែល​មាន​ខ្យល់ខ្លាំង​ ចាស់ៗ​ឲ្យយក​កាំបិតទៅ​សៀត​នៅ​មាត់​ទ្វារផ្ទះ​ ឫ​ជញ្ជាំង​ផ្ទះ​ ដើម្បី​ទប់​ខ្យល់​ ឫ​យក​កាំបិតទៅ​ចាក់ស្នាម​ប្រេះ​របស់​ជញ្ជាំងផ្ទះ​ ឫ​ក៏​យក​កាំ​បិត​ទៅ​ចាក់ដើមចេក​រួច​​ទុក​ចោល​នៅ​ទី​នោះ​ ដែល​វិធី​ទាំង​នេះ​គេ​ជឿថា អាច​ទប់​ខ្យល់​បាន​។  

ហាល​ខោអាវ៖ ​​ វិធី​នេះ​គេ​ប្រើ​ដើម្បី​បញ្ឈប់​ភ្លៀង​ ដែល​កំពុង​ធ្លាក់ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​សព គេ​តម្រូវ​​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​យក​សម្លៀក​បំពាក់​របស់​អ្នក​ស្លាប់​ទៅ​ហាល​នៅ​លើ​ដំ​បូល​ផ្ទះ​ ឫកន្លែង​វាល​ស្រឡះ​ណា​មួយ​ដោយ​​និយាយ​ថា  ទេវ​បុត្រ ទេវតា ព្រះ​ភិរុណ​ ពេល​នេះ  (និយាយ​ឈ្មោះ​អ្នក​ស្លាប់​) នឹង​ត្រូវ​ទៅ​កាន់​លោក​ខាង​មុខ​ នៅ​អំ​ឡុង​ពេល​មួយ​ថ្ងៃ​ពីរ​ នេះ​ទៀត​ហើយ​ ប៉ុន្តែ​សម្លៀក​បំ​ពាក់នៅ​ពុំ​ទាន់​ស្ងួត​នៅ​ឡើយ ហើយ​សម្លៀកបំ​ពាក់មាន​តែ​មួយ​សម្រាប់នេះ​ឯង​៕

(ដក​ស្រង់ចេញ​ពី​សៀវ​ភៅ​ ជំនឿ និង​ ហ៊ុង​ស៊ុយ)

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទពេញនិយម