​​​ផាន់​ វិទ្យា​៖​ ​ទាំង​ក្មេង​ ទាំង​សង្ហា​ ​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា​ដ៏​ល្បី​របស់​អាមេរិក​

  • 2017-05-30 06:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​មោទនភាព​ថ្មី​មួយ​ទៀត​​សម្រាប់​​ប្រទេស​កម្ពុជា​​ ​ដែល​​​យុវជន​វ័យ​ក្មេង​របស់​កម្ពុជា​មួយ​រូប​​​​ទៀត​​គឺ​លោក​ ផាន់​ វិទ្យា​ទើប​តែ​​បញ្ចប់​ការ​សិក្សា​ និង​ ​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាលា​យោធា​ដ៏​ល្បី​របស់​​សហរដ្ឋអាមេរិក​​ The United States Naval Academy ​​ ក្រោយ​ពី​សិក្សា​អស់​រយៈ​ពេល​ ៤​ ឆ្នាំ​មក​។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ក្រុម​ការ​ងារ​ Sabay ​យុវជន​វ័យ​២៣​ ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា​ ​តាំង​ពី​តូច​មក​ លោក​​ស្រលាញ់​​​វិស័យ​យោធា​ និង ចង់​បម្រើ​ដល់​ប្រទេស​ជាតិ​​យ៉ាង​ខ្លាំង​។​​ ម្ល៉ោះ​ហើយ​​ ​​​​​​លោក​បាន​ចូល​ទៅ​​សិក្សា​នៅ​សកលវិទ្យាល័យ​ការពារ​ជាតិ​របស់​ប្រទេស​កម្ពុជា​​ និង​ បាន​​បម្រើ​ការ​ងារ​នៅ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ចំនួន​២​ឆ្នាំ​។​ ​​ក្រោយ​មក​ ​លោក​ក៏​​បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​រៀន​នៅ​​ឯ​សាលា​យោធា​របស់​អាមេរិក​​តែ​ម្ដង​ ​តាម​រយៈ​ស្ថាន​ទូត​អាមេរិក​ដែល​បាន​ផ្ដល់​អោយ​។​

​​​យុវជន​ដែល​មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំពេញ​រូប​នេះ​ ​បាន​បន្ថែម​​ទៀត​ថា​ តាម​រយៈ​ការ​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​ប្រជែង​ ទី​បំផុត​ ​លោក​ក៏​​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​អាមេរិក​​ក្នុង​ឆ្នាំ​ ២០១៣​ ហើយ​ចំណាយ​រយៈពេល​៤​ឆ្នាំ​ ដើម្បី​សិក្សា​នៅ​ទី​នោះ​។​ ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧​នេះ​ លោក​​​​ក៏​បាន​បញ្ចប់​ការ​សិក្សា​​ដោយ​ទទួល​បាន​បរិញ្ញាបត្រ​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ (Bachelor of Science Major in Political Science ) ​​​ដោយ​ក្ដី​រំភើប​ក្រៃ​លែង​។​

​​​​​​​​វីទ្យា​បាន​បន្ត​ថា​ ​នៅ​ទីនោះ​ក៏​មាន​និស្សិត​កម្ពុជា​ចំនួន​​២​រូប​ទៀត​​ផង​ដែរ​ ដែល​កំពុង​សិក្សា​ ចំណែកលោក​បាន​បញ្ចប់​ការ​សិក្សា​​រួច​រាល់​មុន​ និង​ ទើប​បាន​ត្រឡប់មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​​ថ្មី​ៗ​នេះ​​ឯង​។​ ​ចំពោះ​ការ​សិក្សា​នៅ​ទី​នោះ​វិញ​ លោក​បាន​ប្រាប់​​អោយ​ដឹង​ថា​​មាន​ភាព​តឹង​តែង​ ម៉ត់​ចត់​ ​និង​ ​មាន​វិន័យ​ខ្ពស់​មិន​ថា​ទាំង​​​ការ​សិក្សា​ ឬ ការ​ហ្វឹក​ហាត់​នោះ​ទេ​​​។​ ដូចនេះ​វា​តម្រូវ​អោយ​​​សិស្ស​មាន​ភាព​រឹង​មាំ​ ​ឆ្លាត​វ័យ​ ​​មាន​ភាព​តស៊ូ​ និង​ ​គោរព​បទ​បញ្ជា​អោយ​បាន​​ខ្ជាប់​ខ្ជួន​ ​​ព្រោះ​​ទី​នោះ​​គឺ​ជា​សាលា​​យោធា​​មួយ​ដ៏​ល្បី​របស់​អាមេរិក​ និង ​​ក្នុង​ពិភព​លោក​ទៀតផង​​​។​ ​​​

​គួរ​បញ្ជាក់​ផង​ដែរ​​​ថា​កន្លង​មក​ ​​ក៏​មាន​និស្សិត​កម្ពុជា​​មួយ​ចំនួន​​ផង​ដែរ​ដែល​បាន​​បញ្ចប់​ការ​សិក្សា​​ពី​សាលា​យោធា​ល្បី​ៗ​​នៅ​​ក្រៅ​ប្រទេស​ ​តួ​យ៉ាង​ដូច​ជា​ ឯក​ ឧត្តម​ ហ៊ុន​ ម៉ាណែត​ ​បុត្រា​របស់​សម្ដេច​តេជោ​ហ៊ុន​​សែន​ជា​ដើម​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​​ដ៏​ល្បី​​ Military Academy at West Point របស់​សហរដ្ឋអាមេរិក​​។​​​​​​​​

អត្ថបទ៖ ចន្ថា

រូបភាពផ្តល់​ដោយ៖ លោក ​​​ផាន់​ វិទ្យា​

អត្ថបទពេញនិយម