សង្គ្រាមប្រឆាំងពួក ISIS របស់ Duterte កាន់តែក្តៅ

  • 2017-06-03 04:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុះបាតុកម្មប្រឆាំងរ Donald Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលទីក្រុងប៉ារីស

ផ្ទុះ​ការ​តវ៉ា​ទូទាំង​ប្រទេស ប្រឆាំង​រដ្ឋាភិបាល​អាមេរិក ក្រោយ​ប្រធានាធិបតី Donald Trump បាន​សម្រេច​ដក​ខ្លួន​ចេញ​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស ដែល​ជា​កិច្ចព្រមព្រៀង​សកល​ចុះហត្ថលេខា ដោយ​បណ្ដា​មេដឹកនាំ​ជុំវិញ​ពិភពលោក កាលពីឆ្នាំ២០១៥។

តាម​បណ្ដា​ទីក្រុង​សំខាន់ៗ​ទូទាំង​សហរដ្ឋអាមេរិក រាប់បញ្ចូល​ទាំង​បុរីញូវយ៉ក និង​រដ្ឋធានី​វ៉ាស៊ីងតោន ឌីស៊ី ចំ​ពី​មុខ​សេតវិមាន​អាមេរិក មនុស្ស​ម្នាក់​ជាច្រើន បាន​ចាប់​ផ្ដើម​ចេញ​មក​តវ៉ា និង​ថ្កោលទោស ប្រឆាំង នឹង​ការ​សម្រេចចិត្ត​របស់​លោក Trump យ៉ាង​ចាស់ដៃ។

ទោះជា​រង​ការរិះគន់​ខ្លាំង​ពី​ពលរដ្ឋ​អាមេរិក ក៏​ដូចជា​ប្រជាជាតិ​ជា​សម្ព័ន្ធមិត្ត និង​អ្នកជំនួញ​ធំៗ​ជាច្រើន​ផង​នោះ ក៏​ប្រធានាធិបតី​រូប​នេះ ហាក់​មិន​អើពើ​ទៅ​នឹង​សម្ដី​របស់​ពួកគេ​ឡើយ ខណៈ​ក្រុម​អ្នកវិភាគ​ជឿ​ថា ការ​សម្រេច​ចិត្ត​របស់ លោក Trump ធ្វើឡើង​ដើម្បី​ប៉ះប៉ូវ​ការ​សន្យា​របស់​លោក ទៅកាន់​អ្នកគាំទ្រ អំឡុង​ពេល​ឃោសនា​បោះឆ្នោត នា​ពេល​កន្លងមក។

ថ្លែង​បំភ្លឺ​ទៅ​នឹង​ការរិះគន់​នេះ លោក Donald Trump បាន​បោះ​សម្តី​ទៅ​កាន់​ពិភពលោក ដោយ​លើក​ឡើង​ថា លោក​ឈ្នះ​ឆ្នោត ដោយ​សារ​ពលរដ្ឋ​ក្នុង​ទីក្រុង Pittsburg មិនមែន​ពលរដ្ឋ​ទីក្រុងប៉ារីស​ឡើយ។ Pittsburg ជា​ទីក្រុង​ចុង​ក្រោយ ក្នុង​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​របស់​លោក Trump កាល​ពី​ឆ្នាំទៅ ហើយ​ក៏​ជា​កន្លែង​លោក​សន្យា នឹង​ដក​​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​ចាត់​ទុក​កិច្ចព្រមព្រៀង ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ផលប្រយោជន៍។

សង្គ្រាមប្រឆាំងពួក ISIS របស់ Duterte កាន់តែក្តៅ

សង្គ្រាម​ប្រឆាំង​ពួក ISIS របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាន់តែក្តៅខ្លាំង​នៅ​សប្ដាហ៍​នេះ ដោយ​កងយោធា​រដ្ឋាភិបាល បាន​ចាប់​ផ្តើមបើក​ការ​វាយប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​មូលដ្ឋាន​របស់​ពួកបះបោរ កណ្ដាល​ទីក្រុង Marawi ដែល​កំពុង​ត្រូវ​ពួក​នេះ​កាន់កាប់។

ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ​ធ្វើឡើង ក្រោយ​លោក Rodrigo Duterte បាន​ប្រកាស​មិនចរចា​ជាមួយ​ពួក ISIS និង​ប្ដេជ្ញា​កម្ទេច​ពួក​នេះ ឲ្យ​អស់​ពី​ប្រទេស​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ។

ទោះបីជា​យ៉ាងណា យុទ្ធនាការ​វាយប្រហារ​តាម​ដែនអាកាស ពី​សំណាក់​យោធា​ហ្វីលីពីន ទៅ​លើ​ក្រុម​បះបោរ​ទាំងពីរ​លើក កាល​ពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ មិន​បាន​សម្លាប់​ពួកបះបោរ​នោះ​ឡើយ ប៉ុន្តែ​បែរ​ជា​សម្លាប់​កងកម្លាំង​ថ្មើរជើងរដ្ឋាភិបាលហ្វីលីពីន ពេល​កំពុង​ប្រតិបត្តិការ​សង្គ្រាម​ក្នុង​ទីក្រុង Marawi សរុប​ដល់​ទៅ១០នាក់ និង៧នាក់រងរបួសទៅវិញ ហើយ​ប្រតិបត្តិការ​ទាំងពីរ​លើក​នេះ ត្រូវ​ចាត់​ទុក​ជា​បរាជ័យ។ ចាប់តាំង​ពី​យោធា​ហ្វីលីពីន បើក​ប្រតិបត្តិការ​ប្រឆាំង​ពួក​ភេរវករ ISIS ក្នុង​ប្រទេស​ខ្លួន យ៉ាងហោចណាស់ មនុស្ស​សរុប ៣៩នាក់​ត្រូវ​បាន​សម្លាប់ ក្នុង​នោះ ១៩នាក់ ជា​ជនស៊ីវិល និង២០នាក់ ជា​ក្រុម​ភេរវករ​រដ្ឋអ៊ីស្លាម។

អាមេរិក បាញ់ទម្លាក់មីស៊ីអន្តរទ្វីប ICBM បានជោគជ័យលើកដំបូង

យោធាអាមេរិក កាលពីថ្ងៃអង្គារ បានអះអាងខ្លួនជោគជ័យ ក្នុង​ការបាញ់សាកល្បងគ្រាប់​មីស៊ីល​ប្រឆាំង​មីស៊ីល​អន្តរទ្វីប​ជា​លើក​ដំបូង ដែល​ជា​កម្មវិធីអាវុធ​កម្រិត​ខ្ពស់ ដើម្បី​ប្រឆាំង​ការគម្រាម​ពីសំណាក់​មីស៊ីល​អន្តរទ្វីប​កូរ៉េខាងជើង។

យោធាអាមេរិក បានបាញ់មីស៊ីលឆ្លងទ្វីបប្រភេទ ICBM ចេញពីតំបន់ Kwajalein Atoll លើកោះ Marshall កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខណៈ​មីស៊ីល​មួយ​ប្រភេទ​ទៀត ដែល​គេអះអាងអភិវឌ្ឍន៍​ឡើង ដើម្បីប្រឆាំងមីស៊ីល​អន្តរទ្វីប​របស់កូរ៉េខាងជើងនោះ បាន​បាញ់​ចេញ​ពីមូលដ្ឋាន​ទ័ពអាកាស Vandenberg ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ដោយ​បំផ្ទុះ​មីស៊ីល ICBM បាន​ជោគជ័យ។

ភ្នាក់ងារទទួលបន្ទុកប្រព័ន្ធការពារមីស៊ីលអាមេរិក ប្រាប់ឲ្យដឹងថា នេះជាការបាញ់ផ្សាយផ្ទាល់លើក​ដំបូង ប្រឆាំង​គ្រាប់​មីស៊ីល​អន្តរទ្វីប ដោយ​ទទួល​បាន​ជោគជ័យ​ទាំងស្រុង និង​ត្រូវចាត់​ទុក​ជា​សមិទ្ធផល​ការពារ​ជាតិ មិន​គួរ​ឲ្យ​ជឿ​របស់​អាមេរិក។

ទោះជាយ៉ាងណា ជោគជ័យមួយនេះ នៅមិនទាន់គ្រប់គ្រាន់អាចធានាសុវត្ថិភាពទាំងស្រុង​សម្រាប់សហរដ្ឋអាមេរិកនោះឡើយ ដោយ​មន្ទីរ​បញ្ចកោណ​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ អះអាង​ថា អាមេរិក​មានវិធីសាស្ត្រ​ច្រើនទៀត ដើម្បី​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​កូរ៉េខាងជើង។

មីស៊ីល​ប្រឆាំង​មីស៊ីលអន្តរទ្វីប ICBM របស់​អាមេរិក ដែល​ទទួល​បាន​ជោគជ័យ​កាល​ពីថ្ងៃអង្គារ ត្រូវ​ចាត់​ទុក​ជាជោគជ័យលើកទី៩ ក្នុងការសាកល្បងប្រព័ន្ធការពារគ្រាប់មីស៊ីលសរុប១៧លើក ចាប់តាំងពីឆ្នាំ១៩៩៩មក ខណៈការសាកល្បងចុងក្រោយធ្វើឡើងអំឡុងឆ្នាំ២០១៤។

សូម​ទស្សនា​វីដេអូ

អត្ថបទ៖ ៣០ដេលី

អត្ថបទថ្មី