មិនស្ដាប់ការណែនាំ សាក់រួចងូតទឹក ត្រូវមេរោគស៊ីសាច់ដល់ស្លាប់

  • 2017-06-05 04:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​មក​ពី​រដ្ឋតិចសាស់ សហរដ្ឋ​អាមេរិក បាន​បាត់​បង់​ជីវិត បន្ទាប់​ពី​ដំបៅ​ក្លាយ​​ក្រោយ​​ចាក់​សាក់​រួច​ថ្មី​ៗ​ទៅ​ហែល​ទឹក​សមុទ្រ។​

បុរស​រូប​នេះ​មាន​អាយុ ៣១​ឆ្នាំ មិន​អើពើ​នឹង​ការ​ណែនាំ​របស់​អ្នក​ចាក់​សាក់​ដោយ​ប្រាប់​ថា អំឡុង​ពេល ២​សប្ដាហ៍​បន្ទាប់​ពី​ចាក់​សាក់ មិន​ត្រូវ​ហែល​ទឹក​សមុទ្រ ឬ​ទឹក​អាង​ឡើយ​ តែ​បុរស​រងគ្រោះ​មិន​ធ្វើ​តាម។

បើ​តាម​ប្រភព បុរស​ខាង​លើ​បាន​ទៅ​សាក់​នៅ​ហាង​មួយ​កន្លែង ​លើ​កំភួន​ជើង​ម្ខាង​ជា​រូប​ដៃ​សំពះ ​ឈឺ​ឆ្កាង និង​ពាក្យ​ថា "Jesus is my life” រួច​បាន​ទៅ​ហែល​ទឹក​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ីកូ កាល​ទើប​សាក់​បាន ៥​ថ្ងៃ។

អ្នក​ចាក់​សាក់​ តែង​តែ​ណែនាំ​អតិថិជន​ឲ្យ​ជៀសវាង​ការ​ស្រក់​ទឹក​ខ្មៅ​លើ​មុខ​របួស​សាក់​ថ្មី​ៗ ហែល​ទឹក ត្រូវ​កម្ដៅ​​ព្រះ​អាទិត្យ​ខ្លាំង ​ព្រោះ​អាច​ឆ្លង​មេរោគ​កាច​សាហាវ។ គ្រូពេទ្យ​របស់​អ្នក​ជំងឺ​ដដែល​រៀប​រាប់​ថា ​បាក់តេរី​បាន​ឆ្លង​ត្រង់​មុខ​របួស​សាក់ រួច​បង្ក​ជា​ដំបៅ​ក្លាយ​ចេញ​ពណ៌​ខ្មៅ​ជាំ គួប​ផ្សំ​នឹង​ជន​រងគ្រោះ​កើត​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ស្រាប់។

បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​គ្រូពេទ្យ​ រក​ឃើញ​បាក់តេរី Vibrio vulnificus រួច​​បំលែង​ជា​​មេរោគ​ឆ្លង vibriosis ដែល​​មាន​ប្រភព​ចេញ​ពី​​ឆ្នេរ​សមុទ្រ​ពិត​ប្រាកដមែន។ ជា​ការ​ពញ្ញាក់​ស្មារតី បងប្អូន​ដែល​ចូល​ចិត្ត​សាក់ ​ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​អ្នក​ជំនាញ​​ ជៀសវាង​ជួប​គ្រោះ​ថ្នាក់​ដូច​ខាង​លើ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម