ទៀតហើយៗ! កូរ៉េខាងជើង បាញ់​មីស៊ីល​ប្រភេទ​ថ្មី​ច្រើន​គ្រាប់ នៅព្រឹកនេះ

  • 2017-06-08 00:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់ ដែល​ហាក់​បី​ដូច​ជា​គ្រាប់​មីស៊ីល​ប្រភេទ land-to-ship ចេញ​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​យោធា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង។

ជា​មួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​ការពារ​ជាតិ​អាមេរិក​ម្នាក់ ប្រាប់​ទៅ​កាន់​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​សរុប​ចំនួន ៤ គ្រាប់ បាន​បាញ់​ចេញ​ពី​ឆ្នេរ​សមុទ្រ នៃ​ទីក្រុង Wonsan ខេត្ត Gangwon ប្រទេស​កូរ៉េខាងជើង។ គ្រាប់​មីស៊ីល​ទាំង​នោះ​ ហោះ​បាន​ចម្ងាយ​ប្រមាណ​ជា ២០០ គីឡូម៉ែត្រ។

គួរ​ឲ្យ​ដឹង​ថា ទីក្រុង Wonsan មាន​ចម្ងាយ​ប្រមាណ​ជា ១៨០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អាមេរិក បាន​និយាយ​ថា គ្រាប់​មីស៊ីល​ទាំង​នោះ​មិន​មាន​សមត្ថភាព អាច​បង្ក​គ្រោះថ្នាក់​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​ឡើយ។

គួរ​បញ្ជាក់​ថា ការ​បាញ់​មីស៊ីល​ប្រភេទ​ថ្មី​ច្រើន​គ្រាប់​នៅ​ព្រឹក​នេះ គឺ​ជា​ការ​សាកល្បង​គ្រាប់​មីស៊ីល លើក​ទី ៤ ហើយ​របស់​កូរ៉េខាងជើង ចាប់​តាំង​ពី លោក ម៊ូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ចូល​កាន់​តំណែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ​នេះ។

មិន​តែ​ប៉ុណ្ណោះ ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​នេះ បាន​ធ្វើ​ឡើង ត្រឹម​រយៈពេល​មិន​ដល់ ១ សប្ដាហ៍​ផង បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​ថ្មី ទៅ​លើ​កូរ៉េខាងជើង ក្រោយ​ពេល​ប្រទេស​មួយ​នេះ បាន​និយាយ​ថា នឹង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​អាវុធ​របស់​ខ្លួន ដោយ​មិន​ពន្យារ​ពេល​ឡើយ។

ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាងជើង ដោយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង រឹប​អូស​យក​ទ្រព្យសម្បត្តិ ពី​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាងជើង រួម​ទាំង​ស្ថាប័នរដ្ឋ​ណា ដែល​ចូលរួម​ជា​មួយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម