គីម ជុងណាម ស្ពាយប្រាក់រាប់ម៉ឺន​ដុល្លារ ពេល​ត្រូវ​គេ​លួច​ធ្វើ​ឃាត

  • 2017-06-12 06:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គីម ជុងណាម ជា​បងប្រុស​ម្ដាយ​​ទីទៃ​របស់​មេដឹក​នាំ​កូរ៉េខាងជើង​ គីម ជុងអ៊ុន ត្រូវ​គេ​រាយការណ៍​ថា បាន​ស្ពាយ​ប្រាក់ ១២​ម៉ឺន​ដុល្លារ អំឡុង​ពេល​​គេ​លួច​​ធ្វើ​ឃាត​នៅ​ព្រលាន​យន្តហោះ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ជប៉ុន​ Asahi ស្រង់​សម្ដី​ពី​អាជ្ញាធរ​​ម៉ាឡេស៊ី​​ សុំ​មិន​បញ្ជាក់​អត្តសញ្ញាណ​ម្នាក់​ដែល​ស្និត​នឹង​ការ​ស៊ើប​អង្កេត។

ប្រភព​​ដដែល​​ផ្សាយ​ថា គីម ជុងណាម ​បាន​ជួប​ជាមួយ​​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ​​ដែល​ទំនង​ជាជាប់​ពាក់ព័ន្ធ​នឹង​​ភ្នាក់​ងារ​ស៊ើប​អង្កេត​អាមេរិក ​​រយៈពេល ៤​ថ្ងៃ ​មុន​ពេល​ស្លាប់។

គីម ជុងណាម ត្រូវ​គេ​ជឿ​ថា ​បាន​ជួប​ជនជាតិ​អាមេរិក​ខាង​លើ លើក​​ចុង​ក្រោយ​រយៈពេល ២​ម៉ោង នៅ​សណ្ឋាគារ​មួយ ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ទទួល​ប្រាក់ ​​១២​ម៉ឺន​ដុល្លារ។ Asahi ​បន្ត​ថា អាជ្ញាធរ​​ម៉ាឡេស៊ី ​ជឿ​ថា ​គីម​ ជុងណាម ​ប្រហែល​ជា​ត្រូវ​គេ​​ផ្ដល់​ឲ្យ​ថ្លៃ​ព័ត៌មាន​ណាមួយ ​ព្រោះ​​គេ​មិន​ឃើញ​មាន​ធនាគារ​ក្នុង​ប្រទេស​ណា​​ដក​ចំនួន​ដ៏​ច្រើន​បែប​នេះ​ទេ។

ការ​ស៊ើប​អង្កេត​អះអាង​ថា ​គេ​ឃើញ​ក្រដាសប្រាក់​ភាគច្រើន ១០០​ដុល្លារ និង ៤​ដុំ​ធំៗ ព្រម​ទាំង​​មាន​​ ​កុុំព្យុរទ័រ​យួរ​ដៃ​​មួយ​គ្រឿង និង​ទូរសព្ទ ២​គ្រឿង។

កូន​ប្រុស​ច្បង​របស់​អតីត​​មេដឹកនាំ ​គីម ជុង អ៊ីល​ ត្រូវ​បាន​នារី ២​នាក់ មាន​​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ​លួច​ធ្វើ​ឃាត​​ដោយ​ដាក់​ថ្នាំ​​គីមី​គ្រប​មុខ​ប្រភេទ VX នៅ​ថ្ងៃ​ទី ១៣​កុម្ភៈ ឆ្នាំ ២០១៧ រួច​បាន​​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ចោទ​​​លោក​ គីម​ ជុង​អ៊ុន​ ស្ថិត​នៅ​ពីក្រោយ​ការ​ធ្វើឃាត​នេះ​៕

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ ឡេង ភារុណ