សម្ដី​គ្រូ​កម្ពុជា និង​គ្រូ​អាហ្វហ្គានីស្ថាន ​មុន​ប៉ះ​គ្នា​ល្ងាច​នេះ

  • 2017-06-13 02:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo Vitorino គ្រូ​បង្វឹក​កម្ពុជា និង​លោក Otto Martin Pfister ​គ្រូ​បង្វឹក​អាហ្វហ្គានីស្ថាន​​បង្ហាញ​ទស្សនៈ​រៀង​ៗ​ខ្លួន​ក្នុង​ការ​ត្រៀម​ជួប​គ្នា​​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​ជម្រុះ​​លើក​ទី​២ ក្នុង​ពូល C នៃ​ពាន​រង្វាន់ AFC Asian Cup 2019។

លោក Leonardo Vitorino

​លោក Leonardo បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ​ថា ​​ក្រុម​ភ្ញៀវ​មាន​កីឡាករ​ល្អ​ៗ ពិសេស​ពួក​គេ​លេង​នៅ​ក្រៅ​ប្រទេស​ច្រើន​នាក់។ ជា​ការ​ពិត​ជំនួប​នេះ​គឺ​​ជា​ប្រកួត​ដ៏​ពិបាក​មួយ​សម្រាប់​កម្ពុជា បើ​ទោះ​ដៃ​គូ​មាន​កម្រិត​សមត្ថភាព​​មិន​លើក​កម្ពុជា​ច្រើន​ក៏​ដោយ។

​លោក​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ម្ចាស់​ផ្ទះ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​កីឡាករ​គ្រប់​រូប​មាន​ជំនឿ​ចិត្ត​​អាច​ធ្វើ​បាន​ល្អ។ លោក​ជឿ​ថា ប្រសិន​បើ​កូន​ក្រុម​ទាំង​អស់​​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​ឲ្យ​បាន ១០០%​ នោះ​នឹង​អាច​ទទួល​បាន​លទ្ធផល​ជាក់​ជា​មិន​ខាន។

​ងាក​ទៅ​លោក Otto Martin Pfister បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​មាន​ភាព​រីក​ចំរើន​ច្រើន​ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មិន​អាច​មើល​ស្រាល​បាន​ឡើយ។ លោក​គិត​ថា ជំនួប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជក់ចិត្ត​ជា​មួយ​ការ​ប្រកួត​​ ដោយសារ​​​​ក្រុម​ទាំង​​​ពីរ​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា។

លោក Otto Martin Pfister

​គ្រូ​បង្វឹក​​អាហ្វហ្គានីស្ថាន​រូប​នេះ​បន្ថែម​ថា ​​​ក្រោយ​​តាមដាន​ការ​ប្រកួត​របស់​កម្ពុជា​កន្លង​មក ​​ធ្វើ​ឲ្យ​លោក​គិត​​​​ថា​ក្ដី​រំពឹង​​ឈ្នះ​​ម្ចាស់​ផ្ទះ​​មិន​មាន​ច្រើន​ទេ​​ត្រឹម ៥០​%​ប៉ុណ្ណោះ។ ចំពោះ​តិចនិក​លេង​របស់​គ្រូ​បង្វឹក​​គ្មាន​​គ្រូ​ណា​ល្អ​ជាង​គ្រូ​ណា​​ទេ​​ បើ​ធៀប​រវាង​រូប​​លោក​ និង​គ្រូ​បង្វឹក​កម្ពុជា។

​​ពាន​រង្វាន់​នេះ​កម្ពុជា​បាន​ប្រកួត​សន្សំ​ពិន្ទុ​១​លើក​រួច​ហើយ​ដោយ​​ចាញ់​ហ្សកដានី ​​៧-០ ​​ខណៈ​ក្រុម​អាហ្វហ្គានីស្ថាន​ឆ្លង​កាត់​មួយ​ប្រកួត​ដូច​គ្នា​​ពួក​គេ​ធ្វើ​បាន​ត្រឹម​ស្មើ វៀតណាម ១-១ ​នៅ​ទឹក​ដី​អាហ្វហ្គានីស្ថាន៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី