ស៊ន​ សៀវម៉ី​ ប្រកួត​នៅ​កូរ៉េ​សង្ឃឹម​៥០%​ ព្រោះ​មាន​ជើង​ខ្លាំង​មក​ពី​អឺរ៉ុប​ច្រើន​

  • 2017-06-13 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​និង​ធ្លាប់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​បាន​ច្រើន​គ្រឿង​ ស៊ន​ សៀវម៉ី​ ថា​ការ​ចេញ​ទៅ​ប្រកួត​កម្មវិធី​ 2017 MUJU Championships​ នៅ​ប្រទេស​កូរ៉េ​នា​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​មិន​សូវ​ហ៊ាន​សង្ឃឹម​ច្រើន​នោះ​ទេ​ព្រោះ​មាន​ជើង​ខ្លាំង​មក​អឺរ៉ុប​ច្រើន។​

កីឡាការិនី ស៊ន សៀវម៉ី

​កញ្ញា​ ស៊ន​ សៀវម៉ី​ បាន​លើក​ឡើង​ថា​ 2017 MUJU Championships​​ ជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល​មាន​ទៅ​ដល់​ ១៨១​ ប្រទេស​ចូលរួម​ ហើយ​និង​ត្រូវ​ប្រហែល​ជា​ ១៦០០នាក់​ ធ្វើ​ការ​ប្រកួតប្រជែង​យក​មេដាយ​ ដូចនេះ​វា​ជា​ការ​ប្រកួតប្រជែង​មួយ​ដ៏​លំបាក​មួយ។​ ណា​មួយ​ក្នុង​ប្រភេទ​ទម្ងន់​របស់​កញ្ញា​មាន​កីឡា​ការិនី​ប្រហែល​ពី​ ៣០​ ទៅ​ ៥០​ នាក់​ ដែល​ត្រូវ​ចូលរួម​ កាល​ណា​មាន​គ្នា​ច្រើន​ដូច​នេះ​ការ​ប្រកួត​ត្រូវ​ធ្វើ​ច្រើន​ដង​ ហេតុ​នេះ​ហើយ​ សៀវម៉ី​ បារម្ភ​ត្រង់​ចំណុច​កម្លាំង​នេះ​ផង​ដែរ។​

ម្ចាស់​មេដាយ​ប្រាក់​តេក្វាន់ដូ​ទ្វីប​អាស៊ី​រូប​នេះ​បន្ត​ទៀត​ថា​ ការ​ប្រកួត​លក្ខណៈ​ពិភពលោក​ដូចនេះ​ មាន​កីឡា​ការិនី​ច្រើន​ ហើយ​អ្នក​ខ្លះ​មាន​កម្ពស់​ខ្ពស់​ជាង​ខ្លួន​ទៀត​ផង​ បើ​និយាយ​ពី​តិចនិក​ប្រកួត​វិញ ​កញ្ញា​គិត​ថា​ ត្រឹម​កីឡា​ការិនី​អាស៊ី​មិន​អាច​ទាន់​អាច​ប្រៀបធៀប​ជា​មួយ​និង​ពួក​អឺរ៉ុប​បាន​ឡើយ។​ ទោះ​ជា​មើល​ឃើញ​ថា​ មាន​ការ​លំបាក​ច្រើន​យ៉ាង​នេះ​ក៏​ ស៊ន​ សៀវម៉ី​ មិន​អស់​សង្ឃឹម​នោះ​ឡើយ​ ហើយ​សន្យា​ថា​នឹង​ខំប្រឹង​ឲ្យ​ខ្លាំង​បំផុត​ក្នុង​ការ​ប្រកួត​មួយ​នេះ។​

កីឡាការិនី ស៊ន សៀវម៉ី ឆ្វេងគេ

នេះ​ជា​លើក​ទី២​ សម្រាប់​កីឡា​ការិនី​ ស៊ន​ សៀវម៉ី​ បាន​ចូលរួម​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​ដូច​នេះ ​កញ្ញា​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ 2017 MUJU Championships​ ឯ​ប្រទេស​កូរ៉េ​ ហើយ​កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២៤​ ដល់​ ៣០ ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​