សាលា​រៀន​មួយ​នៅ​ស្កុត​លេន​មាន​សិស្ស​តែ​២​នាក់ ប្រកាស​រើស​គ្រូ​ប្រាក់​​ខែ​ជាង​៥ពាន់​ដុល្លារ​​

  • 2017-06-13 03:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ជាមួយ​ការ​ប្រកួត​ខ្លាំង​ ការ​រក​ការងារ​ទម្រាំ​បាន​មួយ​ៗ គឺ​ពិត​ជា​លំបាក​។ ប៉ុន្តែ​សម្រាប់​សាលា​រៀន​មួយ​នៅក្នុង​​ប្រទេស​ស្កុតលេន​ កំពុង​ប្រកាស​ស្វែង​រក​គ្រូ​បង្រៀន​ក្នុង​សាលា​ដាច់​ស្រយាល​មួយ​ ហើយ​ប្រាក់ខែ​គឺ​ខ្ពស់​ដែល​មនុស្ស​ភាគច្រើន​​មិន​អាច​នឹង​មិន​ចាប់អារម្មណ៍​បាន​។

សាលា​រៀន​នៅ​លើ​កោះ​មួយ​ឈ្មោះ​សាលា​ Foula មាន​ចម្ងាយ​ប្រមាណ ៣២​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ Shetland ប្រទេស​ស្កុតលេន ហ៊ាន​ផ្ដល់​ប្រាក់​ឈ្នួល​សម្រាប់​គ្រូ​ដែល​មាន​បំណង​ចង់​មក​បង្រៀន​នៅ​ទី​នេះ​ដល់​ទៅ ៦៣ ៤០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ គឺ​ប្រហែល​ជាង​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ ដូច​ដែល​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ជ្រើស​រើស​បុគ្គលិក។

​ដំណឹង​ប្រកាស​រើស​គ្រូ​បង្រៀន​នេះ​បាន​ក្លាយ​ជា​ឱកាស​មាស​សម្រាប់​អ្នក​កំពុង​ត្រូវ​ការ​ការងារ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​សាលារៀន​នេះ​នៅ​ឡើយ​។ ក្រៅ​ពី​បង្រៀន​និង​រស់​នៅ​លើ​កោះ​ដ៏​ឯកោ​ អ្នក​ដែល​ជាប់​នឹង​មាន​ឱកាស​បាន​ភ្លក់​រសជាតិ​ជីវិត​ថ្មីៗ​ ដូច​ជា​ ការ​ផ្ដាច់​ថាមពល​ប្រើ​ប្រាស់​ ឬ​មាន​ព្យុះភ្លៀង​ម្ដង​ម្កាល​។ ក្នុង​ដំណឹង​ខាង​លើ ​ខាង​សាលា​ក៏​​​ជួយ​រ៉ាប់រង​​ថ្លៃ​ផ្ទះ​ជួល​ដែល​មាន​គ្រែ​៣​ផង​ដែរ បាន​ន័យ​ថា គ្រូ​បង្រៀន​ដែល​ជាប់​អាច​យក​គ្រួសារ ឬអ្នក​ណា​មក​រស់​នៅ​ជាមួយ​ក៏​បាន ​ឱ្យ​តែ​ពួក​គេ​អាច​នៅ​បាន​។​

អ្នក​គ្រូ​ម្នាក់​ឈ្មោះ​ Jayne Smith ជា​អតីត​គ្រូ​បង្រៀន​នៅ​សាលា​នោះ​បាន​ប្រាប់​ Radio Scotland របស់​ BBC ថា ពេល​វេលា​ដែល​នាង​បង្រៀន​នៅ​សាលា​ Foula គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ ប៉ុន្តែ​នាង​ត្រូវ​ឈប់​បង្រៀន​នៅ​ខែ​តុលា​នេះ ដោយសារ​នាង​នឹក​ស្រុក​កំណើត​ និង​តំបន់​ដី​គោក​ពេក​។ ប្រភព​ពី BBC បាន​ឱ្យ​ដឹង​ថា សព្វថ្ងៃ​ សាលា​ Foula មាន​សិស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ តែ​ម្នាក់​ត្រូវ​ឡើង​ថ្នាក់​វិទ្យាល័យ​នៅ​ចុង​ត្រី​មាស​នេះ​ហើយ អ៊ីចឹង​នៅ​សល់​តែ​សិស្ស​ម្នាក់​គត់​៕

​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ សរ សុគន្ធី